ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុម​មួយ​ហៅ​ខ្លួនឯង​ថា សារព័ត៌មាន​ឯករាជ្យ តែ​ខ្លួន​ឯង​រិះគន់​រដ្ឋាភិបាល​

67

 

​ភ្នំពេញ​៖ ក្នុងឱកាស អបអរសាទរ​ទិវា​អន្តរជាតិ​ស្តីពី “​សិទ្ធិ​ទទួល​ព័ត៌មាន​” ២៨ កញ្ញា ២០២០ លោក​ជិន​ម៉ា​លីន​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ បានលើកឡើង​នូវ​៥​ចំណុច អំពី​ការអនុវត្ត​សិទ្ធិ​ទទួល​ព័ត៌មាន​នៅ​កម្ពុជា ក្នុងនោះ​សារព័ត៌មាន ជា​វិជ្ជាជីវៈ​សេរី តែ​ក៏ត្រូវ​ស្ថិតក្រោម​ការគ្រប់គ្រង​និង​ក្របខ័ណ្ឌ​ច្បាប់​ផងដែរ រួមមាន​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​និង​បញ្ញត្តិ​ច្បាប់​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ បានន័យថា​បើ​អ្នកសារព័ត៌មាន​មាន​កំហុស​ខាង​វិជ្ជាជីវៈ គឺ​ត្រូវ​ទទួលខុសត្រូវ​តាមច្បាប់​ស្តីពី​របប​សារព័ត៌មាន​។​

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់ថា​៥​ចំណុច អំពី​ការអនុវត្ត​សិទ្ធិ​ទទួល​ព័ត៌មាន​នៅ​កម្ពុជា​៖

១. សិទ្ធិ​ទទួល​ព័ត៌មាន ត្រូវបាន​ធានា​និង​ការពារ​នៅ​កម្ពុជា​តាមរយៈ​យន្តការ​ច្បាប់​និង​ស្ថាប័ន រួមមាន​ការរៀបចំ​ក្របខណ្ឌ​ច្បាប់​សំខាន់ៗ និង​ចាំបាច់​មួយចំនួន​ពាក់ព័ន្ធ​សេរីភាព​សារព័ត៌មាន ជាពិសេស​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ដែល​នឹង​បញ្ចប់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ និង​ការអនុញ្ញាតឱ្យ​បង្កើត​និង​ដំណើរការ​ស្ថាប័ន​ព័ត៌មាន​ទាំង​ជាតិ​និង​អន្តរជាតិ​នៅ​កម្ពុជា និង​ធ្វើការ​ផ្សព្វផ្សាយ​ដោយ​សេរី មិនមាន​ការត្រួតពិនិត្យ​ជាមុន (Prior-censorship)​។​

២. វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​កម្ពុជា​បច្ចុប្បន្ន ពុំទាន់​មានការ​វិវត្តន៍​និង​ភាពចាស់ទុំ​ដល់​កម្រិត​មួយ​ដែល​អាច​រៀបចំ​បទបញ្ញត្តិ ក្នុងការ​គ្រប់គ្រង​ក្រុម​របស់ខ្លួន​ដោយ​ខ្លួនឯង (Self regulation) ដូច​បណ្តា​ប្រទេស​លោកខាងលិច​មួយចំនួន​បាន​នោះទេ ដូច្នេះ ចាំបាច់​រដ្ឋ​ត្រូវធ្វើ​អន្តរាគមន៍​ក្នុង​ការរៀបចំ​បទបញ្ញត្តិ និង​គ្រប់គ្រង​ដើម្បី​ធានាបាន​នូវ​វិជ្ជាជីវៈ​និង​សណ្តាប់​ឆ្នាប់​សារព័ត៌​មាននៅ​កម្ពុជា​។​

៣. សារព័ត៌មាន ជា​វិជ្ជាជីវៈ​សេរី តែ​ក៏ត្រូវ​ស្ថិតក្រោម​ការគ្រប់គ្រង​និង​ក្របខ័ណ្ឌ​ច្បាប់​ផងដែរ រួមមាន​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​និង​បញ្ញត្តិ​ច្បាប់​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ បានន័យថា​បើ​អ្នកសារព័ត៌មាន​មាន​កំហុស​ខាង​វិជ្ជាជីវៈ គឺ​ត្រូវ​ទទួលខុសត្រូវ​តាមច្បាប់​ស្តីពី​របប​សារព័ត៌មាន តែបើ​អ្នកសារព័ត៌មាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ គឺ​ត្រូវ​ទទួលខុសត្រូវ​តាម​បញ្ញត្តិ​ច្បាប់ព្រហ្មទណ្ឌ​។​

៤. វា​ជា​រឿង​មិន​ត្រឹមត្រូវ​និង​សម​ហេតុ​សម​ផល​នោះទេ ការដែល​ក្រុម​មួយ​ហៅ​ខ្លួនឯង​ថា សារព័ត៌មាន​ឯករាជ្យ​ដោយសារតែ​ខ្លួន​ហ៊ាន​រិះគន់​រដ្ឋាភិបាល​នោះ ព្រោះថា​សារព័ត៌មាន​វិជ្ជាជីវៈ​ត្រូវធ្វើ​ការផ្សព្វផ្សាយ​ទាំង​ចំណុច​វិជ្ជមាន​និង​អវិជ្ជមាន​របស់​រដ្ឋាភិបាល ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម​និង​ផ្តល់ព័ត៌មាន​ពិត​ក៏ដូចជា​ចំណេះដឹង​ដល់​សាធារណជន មិនមែន​ផ្តោត​តែ​លើ​ចំណុច​អវិជ្ជមាន​ដែល​ធ្វើឡើង​ដោយ​កំហឹង និង​គំនុំ​គំ​គួ​ន​ជាមួយ​រដ្ឋាភិបាល​និង​ដើម្បី​បម្រើ​ផលប្រយោជន៍​នយោបាយ​នោះទេ​។​

៥. កម្ពុជា​គ្មានទេ​សារព័ត៌មាន​ឯករាជ្យ គឺ​មានតែ​សារព័ត៌មាន​វិជ្ជាជីវៈ និង​គ្មាន​វិជ្ជាជីវៈ​។ សារព័ត៌មាន​វិជ្ជាជីវៈ​គឺជា​សារព័ត៌​ដែល​គោរព​បាន​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​បញ្ញត្តិ​ច្បាប់​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​សារព័ត៌មាន ហើយ​ធ្វើការ​ផ្សព្វផ្សាយ​និង​វិភាគ​ប្រកបដោយ​ការទទួលខុសត្រូវ​៕


អត្ថបទដែលជាប់ទាក់ទង