ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ បន្ថយឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក សៀន សុវណ្ណា ចំនួន២ថ្នាក់ មកត្រឹមជាឧត្តមសេនីយ៍ត្រីវិញ
ភ្នំពេញ៖ ព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បន្ថយឋានន្តរស័ក្ត លោកឧត្តមសេនីយ៍ឯក សៀន សុវណ្ណា ចំនួន២ថ្នាក់ មកត្រឹមជា ឧត្តមសេនីយ៍ត្រី (ផ្កាយ១) វិញ នៅក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។
ការចេញព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់មុខតំណែង ឧត្តមសេនីយ៍ឯក សៀន សុវណ្ណា អគ្គនាយករងនៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។ នេះបើតាមអនុក្រឹត្យ ស្ដីពី ការបញ្ចប់មុខតំណែងមន្ដ្រីនគរបាលជាតិ នៅថ្ងៃទី២កក្កដា៕