ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ជាមួយ​ចក្រភព​អង់គ្លេស ស្ដីពី​ជំងឺ​កូ​វីដ​-១៩ ដែល​ប្រព្រឹត្ត​ទៅតាម​ប្រព័ន្ធ​វីដេអូ

70

 

​ភ្នំពេញ​៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​បានបង្ហាញ នូវ​សេចក្តី​ព្រួយបារម្ភ​អំពី​ការបន្ត​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ -១៩ និង​ផល ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ​ដល់​ជីវភាព​ប្រជាជន និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម នៅ​ទូទាំង​ពិភពលោក​។​

​នៅ​រសៀល​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ជាមួយ​ចក្រភព​អង់គ្លេស ស្ដីពី​ជំងឺ​កូ​វីដ​-១៩ ដែល​ប្រព្រឹត្ត​ទៅតាម​ប្រព័ន្ធ​វីដេអូ​។​

​ក្រសួងការបរទេស​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​ចក្រភព​អង់គ្លេស ស្តីពី​ការឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩​បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​បានបង្ហាញ នូវ​សេចក្តី​ព្រួយបារម្ភ​អំពី​ការបន្ត​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ -១៩ និង​ផល ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ​ដល់​ជីវភាព​ប្រជាជន និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម នៅ​ទូទាំង ពិភពលោក​។ ក្នុង​បរិការណ៍​នេះ កិច្ច​ប្រជុំបាន​ប្តេជ្ញាចិត្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ ថែមទៀត រវាង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន និង​ចក្រភព​អង់គ្លេស លើ​ការស្រាវជ្រាវ អភិវឌ្ឍន៍ ផលិតកម្ម និង​ការចែក​វ៉ាក់សាំង និង ផ្តល់​ការព្យាបាល​ជំងឺ​កូ​វីដ​-១៩ ដោយ​ប្រកាន់ខ្ជាប់​នូវ វត្ថុបំណង​ប្រសិទ្ធភាព សុវត្ថិភាព លទ្ធភាព​ទទួលបាន​វ៉ាក់សាំង និង​ការព្យាបាល​ស្មើៗ​គ្នា និង​មាន តម្លៃ​សមរម្យ​។​

​កិច្ច​ប្រជុំបាន​ស្វាគមន៍​សេចក្តីប្រកាស​របស់​ចក្រ​ភព​អង់គ្លេស ចូលរួមចំណែក​បរិច្ចាគ​ថវិកា​ចំនួន ១​លាន​ផោន ដល់​មូលនិធិ​អាស៊ាន សម្រាប់​ឆ្លើយ តប​នឹង​ជំងឺ​កូ​វីដ​-១ ៩ ក៏ដូចជា ការគាំទ្រ​ជា​យុទ្ធសាស្ត្រ​នូវ​ថវិកា​ចំនួន ០,៥ លាន​ផោន ដល់​លេខាធិការដ្ឋាន​អាស៊ាន ដើម្បី​បង្កើត និង​ដាក់ចេញ​នូវ​គោលនយោបាយ​នានា​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ច ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ ប្រជុំ​ក៏បាន​ស្វាគមន៍​ផងដែរ​នូវ​ការប្តេជ្ញាចិត្ត​របស់​ចក្រ​ភព​អង់គ្លេស​។ គាំទ្រ​ថវិកា​ចំនួន ៤,៨ លាន​ផោន ដល់​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ជាតិ និង​ការការពារ​ជំងឺ កូ​វីដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម​។​

​ប្រទេស​សមាជិក​អាស៊ាន​បាន​លើកទឹកចិត្ត​ដល់​ចក្រភព​អង់គ្លេស​ឱ្យជួយ​គាំទ្រ និង​ចូលរួមចំណែក​ដល់​ការ​បម្រុង​ទុក​ការផ្គត់ផ្គង់​វេជ្ជសាស្ត្រ​ក្នុង​តំបន់ ដើម្បី​ជួយ​ឱ្យមាន​ការឆ្លើយតប​យ៉ាង​ឆាប់រហ័ស ចំពោះ​តម្រូវការ​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​ជាបន្ទាន់​។ កិច្ចប្រជុំ​ក៏បាន​ពិភាក្សា​ផងដែរ​អំពី​អាទិភាព​ផ្សេងៗ​ទៀត​នៃ​វិស័យ កិច្ចសហប្រតិបត្តិការ​រវាង អាស៊ាន និង​ចក្រភព​អង់គ្លេស ដើម្បី​ដោះស្រាយ​ការបង្អាក់​សង្វាក់​ផ្គត់ផ្គង់ គាំទ្រ​សេដ្ឋកិច្ច​សកល តាមរយៈ​ពាណិជ្ជកម្ម​បើកចំហ សម្រួល​កំណើនសេដ្ឋកិច្ច​អន្តរជាតិ​ប្រកបដោយ​បរិ​យា​ប័ន្ន និង​ចីរភាព ស្តារឡើងវិញ​នូវ​ទំនុកចិត្ត​ធុរកិច្ច នៅក្នុង​តំបន់ និង​ដើម្បី​គាំទ្រ​ការតភ្ជាប់​តំបន់​។​

​ក្នុងអំឡុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់​សាជាថ្មី​អំពី​ការ គាំទ្រ​របស់​កម្ពុជា​ចំពោះ​ការស្នើសុំ​របស់​ចក្រភព​អង់គ្លេស ក្លាយជា​ដៃគូ​សន្ទនា និង​បញ្ជាក់ថា អាស៊ាន និង​ចក្រភព​អង់គ្លេស នៅតែ​អាច​ធ្វើការ​ជាមួយគ្នា​បាន ក្នុងអំឡុងពេល​កំពុង​រង់ចាំ​ការ យល់ព្រម​លើ​សំណើ ជាពិសេស​ទៅលើ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង វិនិយោគ ដែលមាន​សារសំខាន់​ខ្លាំង​សម្រាប់​សេដ្ឋកិច្ច​របស់​អា​ស៊ាន និង​ចក្រភព​អង់គ្លេស​។​

ឯកឧត្តម ក៏បាន​លើកឡើងថា មាន​សេចក្តីត្រូវការ​ចាំបាច់​ស​ម្រា​ប់​អាស៊ាន និង​ចក្រភព​អង់គ្លេស រួមជាមួយ​នឹង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​នៃ​សហគមន៍​អន្តរជាតិ ដើម្បី​បង្កើតជា​សម្ព័ន្ធ​សកល ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​នេះ​។​

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានបង្ហាញ​សុទិដ្ឋិនិយម​ថា ចក្រភព​អង់គ្លេស​នឹង​រួមចំណែក​ផ្តល់ជូន​ទាន់ពេលវេលា នូវ​វ៉ាក់សាំង​ប្រកបដោយ​គុណភាព សុវត្ថិភាព និង​មានតម្លៃ​សមរម្យ​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​លើកឡើង​អំពី​លទ្ធភាព​សម្រាប់​ភាគី​ទាំងពីរ ដើម្បី​រិះរក​វិធីសាស្ត្រ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នានា ក្នុង​ការរក្សា​ខ្សែសង្វាក់​ផ្គត់ផ្គង់​អន្តរជាតិ​បើកចំហ និង​ការបង្កើត​ច្រក​ធ្វើដំណើរ​សុវត្ថិភាព សម្រាប់​អ្នកជំនួញ ដើម្បី​ធ្វើយ៉ាងណា​ធានា​ឲ្យ​បាន​នូវ​លំហូរ​ពាណិជ្ជកម្ម និង​វិនិយោគ រវាង​ចក្រភព​អង់គ្លេស និង​តំបន់​អាស៊ាន ៕

អត្ថបទដែលជាប់ទាក់ទង