មុខសញ្ញាដ៏សកម្មចំនួន២នាក់ ចេញធ្វើសកម្មភាពពីស្រុកកំរៀង មកជាប់អន្ទាក់សមត្ថកិច្ចនគរបាលស្រុកសំពៅលូន
ខេត្តបាត់ដំបង ៖ អធិការនគរបាលស្រុកសំពៅលូន អំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងជាប់ជាប្រចាំ ចំពោះទ្រព្យសម្បត្តិផ្ទាល់ខ្លួន ពិសេសមធ្យោបាយធ្វើដំណើរមានម៉ូតូជាដើម ដែលលោកបានកត់សម្គាល់ឃើញ ថាប្រជាពលរដ្ឋលោកទុកចោលនៅក្រោមផ្ទះនាពេលយប់ ដែលជាឱកាសល្អរបស់ពួកជនល្មើសធ្វើសកម្មភាពលួចយក។
អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបងពិសេសសកម្មភាពល្បាតពេលយប់ក្នុងមូលដ្ឋាន ក៏ដូចជាយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ស្រី សុខុន ស្នងការរងទទួលដឹកនាំ អធិការដ្ឋាននគរបាលស្រុកសំពៅលូនរួមទាំងមតិណែនាំជំនាញពីលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅ លូន បានជម្រុញដឹកនាំកងកម្លាំងនគរបាលក្នុងអធិការដ្ឋាននគរបាលស្រុកធ្វើសកម្មភាពល្បាតពេលយប់ ជាប់ជាប្រចាំ ហើយតាមរយៈវិធានការជំនាញមួយនេះនៅយប់ថ្ងៃទី២៩ ខែ កញ្ញាឆ្នាំ២០២០ វេលាម៉ោង៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២០ សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចំនួន០២នាក់ដែលកំពុងប៉ុនប៉ងធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកសំពៅលូន ត្រង់ចំណុចភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលក្នុងនោះមាន៖ ១-ឈ្មោះ ប្រេម ផល ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិ ថ្មី ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ២-ឈ្មោះ គុជ ផុន ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ក្នុងនោះដកហូតវត្ថុតាងជាប់ខ្លួនមាន៖ -ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ ២០០៨ បិតតែមឆ្នាំ២០១២ ចំនួន ០១ គ្រឿង
-ដែកអក្សរ( តេ T)ម្រាប់កាច់សោម៉ូតូចំនួន ០៦ដើម -កន្ត្រៃកាត់ដែកចំនួន០១ -ដង្កាប់ចំនួន០១ -កូនកាំបិទចំនួន ០២ -ដែកទួលវីសចំនួន ០៣ -ដែកឆាបដងឈើចំនួន ០១ -កូនសោសម្រាប់ដោះគ្រឿងម៉ូតូ ចំនួន ០៧ ដើម -សោម៉ូតូហុងដាចំនួន០៣ -កាំបិតខ្វែវដងឈើចំនួន ០១និងកាំបិតចុងស្រួចដងឈើចំនួន០១ -ដែកកេះចំនួន ០៣ – ម្ជុលខ្ទាស់ចំនួន០៥ -ម្សៅក្រាមពណ៌សថ្លាសង្ស័យមានសារធាតុញៀនចំនួន ០១កូនថង់ -សម្ភារសម្រាប់ជក់គ្រឿងញៀនមួយចំនួននិងសម្ភារសម្រាប់ជក់គ្រឿងញៀនមួយចំនួន។
ជុំវិញករណីខាងលើនេះ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន បានឱ្យដឹងថា ជនសង្ស័យជាមុខសញ្ញាទាំងពីរនាក់បានចេញពីស្រុកកំរៀង ដើរធ្វើសកម្មភាពដោយមិនកំណត់គោលដៅទេ ដោយឆ្លងកាត់ពីស្រុកកំរៀង ចូលដល់ស្រុកព្រឹករហូតមកដល់ស្រុកសំពៅលូន ក៏ពើបប្រទះនឹងកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ច នាវេលាម៉ោង០៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី ៣០ខែ កញ្ញាឆ្នាំ២០២០ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ពួកគេជាមុខសញ្ញាដែលធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានភូមិសាស្ត្រស្រុកទាំងបីខាងលើ ហើយសកម្មភាពលួចរបស់គេគឺ លួចយកទ្រព្យសម្បត្តិណាដែលម្ចាស់ទ្រព្យទុកដាក់ដោយមិនមានការប្រុងប្រយ័ត្នតែប៉ុណ្ណោះ ហើយក្នុងមូលដ្ឋានស្រុកសំពៅលូន ពួកគេទើបតែចូលមកធ្វើសកម្មភាពជាលើកដំបូង តែត្រូវសមត្ថកិច្ចបង្ក្រាបបាន ។
ជាមួយនេះលោកអធិការ នគរបាលស្រុកក៏សូមអំពាវនាវផងដែរជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោក សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់និងជាប់ជាប្រចាំចំពោះ ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ពិសេសមធ្យោបាយធ្វើដំណើរមានម៉ូតូជាដើម ដែលលោកបានកត់សម្គាល់ឃើញ ថាប្រជាពលរដ្ឋលោកទុកចោលនៅក្រោមផ្ទះនាពេលយប់ ដែលជាឱកាសល្អរបស់ពួកជនល្មើសធ្វើសកម្មភាព លួចយក ។ ទន្ទឹមនឹងលទ្ធផលនេះ
លោកសំណូមពរដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានសូមមេត្តាផ្តល់ព័ត៌មានជាបន្ទាន់ ដល់សមត្ថកិច្ចនគរបាលមូលដ្ឋានដែលនៅជិតបំផុត ក្នុងពេលជួបប្រទះករណីល្មើសច្បាប់ណាមួយកើតឡើង ដើម្បីសមត្ថកិច្ចលោកអន្តរាគមន៍បានទាន់ពេលវេលា។
នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកសំពៅលូន បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាង មកកាន់ការិយាល័យជំនាញដើម្បីចាត់ការតាមផ្លូវច្បាប់៕