វេទិកាផ្សព្វផ្សាយនិងពិគ្រោះ យោបល់នៅខណ្ឌព្រែកព្នៅ ប្រជាពលរដ្ឋស្នើអោយអាជ្ញាធររាជធានីភ្នំពេញជួយកសាងហេដ្ឋារចនាសម្ព័ន្ធ និងពន្លឿនការផ្តល់អត្តសញ្ញាណប័ណ្ណ
ភ្នំពេញ៖ នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌ ព្រែកព្នៅប្រជាពលរដ្ឋបានលើកឡើងជាសំណួរផ្ទាល់មាត់ចំនួន៩នាក់និងសំណើរសរសេរដាក់ក្នុងប្រអប់សំបុត្រចំមួន៥២ប័ណ្ណដែរសំណើរនិងសំណូមពរទាំងនេះ គឺបានស្នើអោយអាជ្ញាធររាជធានីភ្នំពេញជួយកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាននិងការសូមអោយពន្លឿនការផ្តល់អត្តសញ្ញាណប័ណ្ណជាដើម។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីប្រជាពលរដ្ឋមិនបានលើកឡើងពីកង្វល់ពាក់ព័ន្ធបញ្ហាសន្តិសុខនោះទេ។
វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញខណ្ឌអាណត្តិទី ០៣ នៅខណ្ឌព្នៅនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០១ខែតុលាឆ្នាំ ២០២០ ក្រោមវត្តមានលោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានី លោកហួត ហៃអភិបាលរងរាជធានីនិងមានប្រជាពលរដ្ឋចូលរួមជាង៤០០នាក់នៅក្នុងវត្តប្រាសាទសង្កាត់ពញ្ញាពន់ ខណ្ឌព្នៅ ។
លោកប៉ា សុជាតិរង្ស បានមានប្រសាសន៍បញ្ជាក់ថា ការបង្កើតអោយមានវេទិកាសាធារណៈនេះ ធ្វើឡើងដើម្បីឲ្យប្រជាពលរដ្ឋមានឱកាសបានលើកឡើងជាសំណើសំណូម របស់ពួកគាត់ ដើម្បីអោយយើងយកទៅដោះស្រាយជូនពួកគាត់។
លោកបានបន្តទៀតថា ការលើកឡើងរបស់ប្រជាពលរដ្ឋគឺពិតណាស់ថា នឹងធ្វើឲ្យអាជ្ញាធរក៏ដូចជាសមត្ថកិច្ចរបស់យើងបានរកឃើញនូវចំណុចខ្វះខាតដែលយើងត្រូវយកមកបំពេញបន្ថែម ក្នុងបម្រើជូនប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា រដ្ឋាភិបាលក្រៅពីបង្កើតឲ្យមានវេទិកាសាធារណៈនៅថ្នាក់សង្កាត់ ខណ្ឌនិងថ្នាក់រាជធានីហើយនោះ នៅបានបង្កើតឲ្យមានការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ខណ្ឌនិងថ្នាក់រាជធានីថែមទៀត ដើម្បីទទួលយកការពិគ្រោះយោបល់ជាមួយប្រជារដ្ឋ ខណៈដែលប្រជាពលរដ្ឋមានកង្វល់អ្វីមួយ ហើយការិយាល័យនេះអាចដោះស្រាយជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការបាន ។
លោកប៉ា សុជាតិវង្សបានបញ្ជាក់ផងដែរថា ក្នុងវេទិកានេះប្រជាពលរដ្ឋបានលើកឡើងជាសំណួរផ្ទាល់មាត់ចំនួន៩នាក់និងសំណើរសរសេរដាក់ក្នុងប្រអប់សំបុត្រចំមួន៥២ប័ណ្ណ ហើយសំណើរនិងសំណូមពរទាំងនេះ មានការស្នើអោយអាជ្ញាធររាជធានីភ្នំពេញស្ថាបនាលូ នៅក្នុងភូមិអណ្តូងសង្កាត់ ការស្ថាបនាផ្លូវប្រវែងជាង១គីឡូម៉ែត្រ ការជម្រុញការផ្តល់អត្តសញ្ញាណប័ណ្ណជាតិខ្មែរអោយបានលឿន ការជម្រុញដោះស្រាយបញ្ហាទំនាស់ដីធ្លី វត្តសុវណ្ណធម្មរាជក្នុងខណ្ឌព្រែកព្នៅ បញ្ហាដីធ្លីនៅបឹងតាម៉ោកនិងស្នើអោយទប់ស្កាត់ឡានដឹកដីប់កបរលឿនៗ។
ចំពោះការស្នើឡើងខាងលើនេះ អាជ្ញាធររាជធានីភ្នំពេញ បានទទួលយក ហើយសន្យាថានឹងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ៕