លោកឧត្តមសេនីយ៍ ទី ចំរើនកុសល ស្នើឲ្យម្ចាស់រថយន្តពាក់ផ្លាកលេខ ខ.ម ដែលលេងភ្លើងបង្កឲ្យចាំងភ្នែកអ្នកបើកពីខាងក្រោយ និងដោះចេញ
ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ទី ចំរើនកុសលកាលពីរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ បានមានប្រសាសន៍ស្នើសុំដល់ម្ចាស់រថយន្តម៉ាក Hilux Revo ពណ៌ស១គ្រឿងដែលលេងភ្លើងនៅពីក្រោយរថយន្ត សូមម្ចាស់ជួយដោះចេញផង ព្រោះថាពុំត្រឹមតែខុសទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោកទេ គឺថែមទាំងបង្កឲ្យចាំងភ្នែកដល់អ្នកដំណើរដទៃ ពិបាកក្នុងការបើកបរយ៉ាងខ្លាំង។
ក្នុងនោះ លោកឧត្ដមសេនីយ៍ ទីចំរើនកុសល បានលើកឡើងតាមរយៈគណនីហ្វេសប៊ុកលោក ដែលមានខ្លឹមសាររៀបរាប់យ៉ាងដូច្នេះថា៖ «ចង់ជម្រាបលោកម្ចាស់រថយន្ត! សូមលោកជ្រាបថាភ្លើងទាំង២ ពណ៌សដែលលោកបំពាក់បន្ថែមគឺខុសនិងច្បាប់ចរាចរណ៍ផ្លូវគោក ត្រង់ចំណុចឆ មាត្រា៨ នៃអនុក្រឹត្យលេខ៣៩ អ.ន.ក្រ បក ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អ.ន.ក្រ បក ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
យ៉ាងណាមិញ រថយន្តនេះគឺជារថយន្តពាក់ផ្លាកលេខខេមរភូមិន្ទ ដូចនេះសូមលោកម្ចាស់រថយន្តមេត្តាជួយដោះភ្លើងនេះចេញវិញផង វាពិតជាចាំងភ្នែកអ្នកបើកបរពីខាងក្រោយ នៅពេលលោកជាន់ហ្វ្រាំងម្តងៗ។ លោកជឿខ្ញុំចុះថាវាគ្មានសង្ហារ ឬឡូវឆាយអីក្រៅពីចាំងភ្នែកគេ និងគេជេរលោកតែប៉ុណ្ណោះ។ មានតែមនុស្សឆ្កួតមួយគត់ដែលយល់ឃើញថាខ្លួនធ្វើអីក៏មិនចេះខុស។
ហេតុនេះ លោកឧត្តមសេនីយ៍ ក៏សូមអំពាវនាវដល់ប្រធានអង្គភាពរថយន្តពាក់ផ្លាកលេខខេមរភូមិន្ទនេះ មេត្តាជួយណែនាំឲ្យសាមីបុគ្គល់ម្ចាស់រថយន្តនេះដោះភ្លើង ពណ៌សនេះចេញវិញផង រថយន្តនេះគឺជារថយន្តរបស់អង្គភាពខេមរភូមិន្ទ៕