រថយន្តម៉ែកសឺដេសមួយគ្រឿង បើកជ្រុលទៅបុករថយន្តជាឡិចស៊ីស GS300 បណ្ដាលឲ្យខ្ទេចទាំងស្រុង
ភ្នំពេញ៖រថយន្តម៉ែកសឺដេសមួយគ្រឿង បើកក្នុងល្បឿនលឿន បានគេចពីរថយន្តមួយគ្រឿងទៀត ជ្រុលចង្កូតទៅបុករថយន្តឡិចស៊ីស GS 300 ពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យដាច់កង់ចេញពីរថយន្ត។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ១២ និង ៥០នាទី យប់ ឈានចូលថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវ ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកឡិចស៊ីស GS 300 ដែលពាក់ផ្លាកលេខ បន្ទាយមានជ័យ 2-E 9903 ធ្វើដំណើក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនធម្មតា ខណៈពេលមកដល់ចណុចកើតហេតុ គេឃើញរថយន្តម៉ាក ម៉ែកសឺដេសមួយគ្រឿងទៀត ដែលពាក់ផ្លាកលេខ ភ្នំពេញ 2-AD 2997 ធ្វើដំណើរក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ជិតដល់កន្លែងកើតហេតុ ក៏បានគេចពីរថយន្តមួយគ្រឿងទៀត ដែលមិនចាំម៉ាក ក៏ជ្រុលចង្កូតទៅបុកនឹងរថយន្តឡិចស៊ីស GS 300 ពេញទំហឹងបណ្តាលឲ្យដាច់កង់ចេញពីរថយន្ត ។ បញ្ជាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្ករបួសស្នាមទេ រងការខូចខាតតែរថយន្ត ។