មេខ្លោងជនជាតិចិន៩នាក់ ត្រូវឃុំខ្លួនក្នុងពន្ធនាគារ ក្នុងការបង្ក្រាបភោជនីយដ្ឋាន ខារ៉ាអូខេនៅ ក្រុងព្រះសីហនុ រកឃើញគ្រឿងញៀនជាង១២គីឡូក្រាម និងអាវុធ៣ដើម
ព្រះសីហនុ៖ក្នុងប្រតិបត្តិការបង្ក្រាបភោជនីយដ្ឋាន ខារ៉ាអូខេមួយកន្លែងក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ ឈ្មោះ«ស៊ីនខាយសៀនមិន» របស់ ជនជាតិចិននេះ កម្លាំងជំនាញរឹបអូសបានគ្រឿងញៀនជាង១២គីឡូក្រាម និងអាវុធ៣ដើម (អាវុធវែងមួយដើម និងអាវុធខ្លី២ដើម) ព្រមទាំងវត្ថុតាងមួយចំនួនទៀត ចាប់មេខ្លោងនិងបក្ខពួកជាជនជាតិចិនចំនួន៩នាក់ បានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឲ្យបណ្តាញផ្សព្វផ្សាយដឹងថា ប្រតិបត្តិការរបស់កម្លាំងគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត បង្ក្រាបភោជនីយដ្ឋាន ខារ៉ាអូខេមួយកន្លែងក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ ឈ្មោះ«ស៊ីនខាយសៀនមិន» របស់ជនជាតិចិនកាលពីយប់ថ្ងៃ៣០កញ្ញា២០២០ មានបង្កប់អំពើជួញដូរ ប្រើប្រាស់គ្រឿងញៀន និងបម្រេីសេវាផ្លូវភេទ ក្រោយបញ្ចប់ការសាកសួរស្រាវរួចមក ក្នុងចំណោមមនុស្សជាង៤០០នាក់ មានជនជាតិចិន,ជនជាតិវៀតណាមនិងខ្លះទៀតជាជនជាតិខ្មែរ ដែលសមត្ថកិច្ចឃាត់ខ្លួនជាបឋម នគរបាលរកឃើញមានមេខ្លោងនិងបក្ខពួកជាជនជាតិចិនចំនួន៩នាក់ដែលមានបទល្មើស និងបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ហើយគិតត្រឹមថ្ងៃ៤តុលានេះ ជនសង្ស័យទាំង៩នាក់ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារហើយ។
ក្រៅពីនេះ មួយចំនួនចាប់បញ្ជូនចេញត្រឡប់ទៅប្រទេសដើមវិញ និងអ្នកដែលមិនជាប់ពាក់ព័ន្ធក្នុងអំពើល្មើសត្រូវបានដោះលែងតាមនីតិវិធីច្បាប់។
របាយការណ៍បញ្ជាក់បន្ថែមថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញរឹបអូសបានគ្រឿងញៀនជាង១២គីឡូក្រាម និងអាវុធ៣ដើម (អាវុធវែងមួយដើម និងអាវុធខ្លី២ដើម) ព្រមទាំងវត្ថុតាងមួយចំនួនទៀត។ប្រតិបត្តិការនេះនគរបាលប្រើពេលជិត៥ថ្ងៃទើបបញ្ចប់និតិវិធី។
បើតាមប្រសាសន៍ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងពេលជួបសំណេះសំណាល ផ្តល់ថវិកាលើកទឹកចិត្តកងនគរបាលខេត្តព្រះសីហនុ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង ភោជនីយដ្ឋាន ខារ៉ាអូខេ របស់ជនជាតិចិនមួយកន្លែងក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ បង្កប់ទៅដោយអំពើជួញដូរ ចែកចាយគ្រឿងញៀននិងជួញដូរផ្លូវភេទ ឃាត់ខ្លួនជាបណ្តោះអាសន្នមនុស្សចំនួនជាង៤០០នាក់ ។
ពិធីជួបសំណេះសំណាលនេះ ធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី៤ខែតុលាឆ្នាំ២០២០៕