ម្តាយកូន៥ លក់ម៉ាសតាម facebookមានជីវិតកំណើតទី២ បន្ទាប់ពីជាប់ឃុំនៅព្រៃសជាង១ខែ ព្រោះតែទិញលក់ទំនិញតាម facebook អនឡាញ គ្មានការទទួលខុសត្រូវ ដែលធ្លាក់ក្នុង “បទល្មើសឆបោក”
ភ្នំពេញ៖ លោកដួង តារា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរសារនៅលើហ្វេសប៊ុកផ្លូវការ Duong Dara ថា “ម្តាយកូន៥ លក់ម៉ាសតាម facebook មានជីវិតកំណើតទី២ នៅថ្ងៃទី 22/9/2020
ទោះបីមិនបានបញ្ចេញសកម្មភាពល្អអ្វីមួយ គឺគ្រាន់តែគិតល្អ ហើយចង់បានអ្វីៗល្អទាំងសម្រាប់ខ្លួនយើង នឹងសម្រាប់អ្នកដទៃផងនោះ ទេវតាប្រាកដជាតាមថែរក្សាយើងមិនខាន”។
ប្អូនស្រី ជឿន សុខុន មានកូនប្រាំនាក់(ភ្លោះស្រី៣)អាយុក្រោម១០ឆ្នាំ ត្រូវបានជាប់ឃុំនៅព្រៃសជាង១ខែ ព្រោះតែទិញលក់ទំនិញតាម facebook អនឡាញ គ្មានការទទួលខុសត្រូវ ដែលធ្លាក់ក្នុង “បទល្មើសឆបោក”។ មិនមែនតែប្អូនស្រីទេ គឺអាចមានបងប្អូនយើងជាច្រើននាក់ដែលរកស៊ីទិញលក់ម៉ាសអនឡាញ នៅក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងវាយលុកខ្លាំង។ ខ្លះចំណេញ ខ្លះក៏ខាត និងខ្លះជាប់ពន្ធធនាគារ ដូចករណីប្អូនស្រីខាងលើស្រាប់។
ដោយសាប្រទេសកម្ពុជាយើងមានសុខសន្តិភាព ជាមួយនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យា Internet ជាពិសេស facebook ដែលកំពុងទាក់ទាញអ្នកប្រើប្រាស់បានរាប់សិបលាននាក់នៅក្នុងប្រទេសយើង ដែលអាចអោយអ្នកប្រើប្រាស់ឈានទៅបើកហាងលក់ដូរទំនិញតាម facebook online បានយ៉ាងមានប្រសិទ្ធភាព។
ប្អូនស្រី ជឿន សុខុន បានកម្ម៉ង់ម៉ាសជាច្រើនពីអ្នកលក់បោះដុំតាម Online យកមកលក់បន្តឱ្យអ្នកទិញយកទៅលក់រាយ ចំនួន ៦នាក់។ ថ្ងៃមួយនៅពេលដែលប្អូនស្រីបានទទួលលុយពីអ្នកកម្ម៉ង់ទិញយកទៅបង់ឲ្យអ្នកបោះដុំ Online ទាំងអស់ ដែលមានប្រភពនៅប្រទេសថៃ និងវៀតណាមរួចហើយ គឺម្ចាស់ accounts នេះបានបិទ account facebook ហើយគេចខ្លួនបាត់អស់ បន្សល់ទុកឲ្យប្អូនស្រីតែម្នាក់ប្រឈមសងលុយគេ ៦នាក់។
ប្អូនស្រីត្រូវបានអ្នករងគ្រោះទាំង៦ប្តឹងទៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា។
បន្ទាប់មកក៏ត្រូវបានបញ្ជូនទៅតុលាការ ព្រោះគ្មានលុយសងគេវិញ ហើយចៅក្រមស៊ើបសួរក៏សម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅព្រៃស កាលពីថ្ងៃ ១៤ ខែសីហា ឆ្នាំ២០២០ ដោយបានទុកកូន៥នាក់ នឹងម្តាយចាស់ជរាដែលមានជំងឺប្រចាំកាយផងនៅមើលចិញ្ចឹមថែរក្សា។
ដោយទ្រាំនឹងអម្រែកនៃទុក្ខលំបាកនេះទៅមុខទៀតលែងរួច នៅថ្ងៃទី២១ កញ្ញា លោកយាយ ឈុំ វ៉ាត អាយុ៧០ឆ្នាំ ដែលត្រូវជាម្តាយបង្កើតរបស់ប្អូនស្រី ជឿន សុខុន បានគោរពអង្វរសុំការសណ្តោសប្រណីពីសម្តេចតេជោដើម្បីកូនស្រី បាននៅក្រៅឃុំ នឹងមានឱកាសបានធ្វើការរកលុយសងគេវិញ។
ដោយទឹកចិត្តអាណិតស្រឡាញ់ និងអាសូរចៅៗទាំង៥នាក់ សម្តេចតេជោ បានចាត់ឲ្យខ្ញុំសហការធ្វើការលើផ្លូវច្បាប់ជាមួយប្រធានសាលាដំបូងរាជធានីភ្នំពេញ ដើម្បីពិនិត្យមើលអំពីលទ្ធភាពដែលអាចជួយអោយប្អូនស្រី ជឿន សុខុន អោយនៅក្រៅឃុំបណ្តោះអាសន្នស្របតាមនីតិវិធីច្បាប់។ នៅពេលនេះ កូនស្រីគាត់បានចេញពីមន្ទីរឃុំឃាំងនៅក្រៅឃុំហើយ។ លុយដែលប្អូនស្រីជំពាក់មនុស្សចំនួន៦នាក់គឺសរុបទាំងអស់មានចំនួន១៣,០០០ ដុល្លារ។
សំណាងណាស់ គឺមានសប្បុររសដែលដឹងគុណសម្តេច ដែលបានរំដោះប្រទេសាចេញផុតពីសង្គ្រាមដែលនាំមកនូវសុខសន្តិភាពពេញលេញសម្រាប់កម្ពុជា ពួគេក៏បានរៃលុយគ្នាយកទៅជួយប្អូនស្រីសងទៅអ្នកដែលគាត់ជំពាក់ប្រាក់ទាំង ៦នាក់បានរួចចប់សព្វគ្រប់។ អ្នកដើមបណ្តឹងទាំង៦នាក់បានយល់ព្រមដកបណ្តឹងឈប់ប្តឹង ប្អូនស្រី ជឿន សុខុន តទៅទៀតហើយនៅពេលនេះ។
លោកបានលើកឡើងថា “ខ្ញុំខ្លោចចិត្តស្រក់ទឹកភ្នែកដែលបានឃើញព្រឹត្តិការណ៍នេះ ជាមួយនឹងការរំភើបរីករាយក្រៃលែងចំពោះទឹកចិត្តប្រកបដោយក្តីមេត្តានិងព្រហ្មវិហារធម៍ដ៏មហាជ្រាលជ្រៅបំផុតដែលសម្តេចតេជោតែងតែមានចំពោះពលរដ្ឋគ្រប់ៗរូប។ នៅពេលនេះ ស្ត្រីជាម្តាយ និងកូនប្រាំនាក់ ព្រមទាំងលោកយាយបានរស់នៅជួបជុំគ្នាផុតអស់ពីមហាកង្វល់ក្នុងដើមទ្រូងទៀតហើយ។ ខ្ញុំបាទសូមគោរពអរគុណដល់សម្តេចតេជោ យ៉ាងជ្រាលជ្រៅបំផុតដែលបានផ្តល់កំណើតទី២ដល់ប្អូនស្រី ជឿន សុខុន”។
ករណីប្អូនស្រី ជាមេរៀនសម្រាប់អ្នកលក់ដូរអនឡាញទាំងអស់ (facebook) ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ នឹងមានការទទួលខុសត្រូវខ្ពស់បំផុត ព្រោះបងប្អូនអាចប្រឈមនឹងបញ្ហាដូចប្អូនស្រីនេះ មិនខានបើមិនបានគ្រប់គ្រងឬស្គាល់អ្នកលក់ អ្នកទិញបានច្បាស់លាស់ទេនេះ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕