ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺជាមាគ៌ាដ៏សំខាន់ចាំបាច់សម្រាប់ស្ថាប័ន នីតិប្រតិបត្តិ និងស្ថាប័នតុលាការ ប្រើប្រាស់ជាឧត្តមប្រយោជន៍
ភ្នំពេញ៖ ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសការបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ព្រះអង្គមានព្រះរាជបន្ទូលថា “ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមចូលរួមអបអរសាទរ ពិធីបើកបវេសនកាលរដ្ឋសភា ដែលប្រារព្ធឡើងក្នុងសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នេះ ។ ការបើកប្រជុំជាទៀងទាត់របស់រដ្ឋសភា ជាកិច្ចការដ៏សំខាន់ រួមចំណែកក្នុងការពង្រឹង នីតិរដ្ឋនៅក្នុងព្រះរាជាណាចក្រ ប្រជាធិបតេយ្យ សេរីពហុបក្សនៃយើង ។
ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺជាមាគ៌ាដ៏សំខាន់ចាំបាច់សម្រាប់ស្ថាប័ន នីតិប្រតិបត្តិ និងស្ថាប័នតុលាការ ប្រើប្រាស់ជាឧត្តមប្រយោជន៍ក្នុងសកម្មភាព នៃការអនុវត្ត តួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ស្របទៅតាមសភាព ជាក់ស្តែង និងសកលភាវូបនីយកម្ម ។ ក្រៅពីការតាក់តែងច្បាប់ ថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា ព្រមទាំងសមាជិក សមាជិការដ្ឋសភា បានបំពេញនូវភារកិច្ចស្នូលរបស់ខ្លួនតាមមណ្ឌល ដែលខ្លួនទទួលខុសត្រូវ ដើម្បីពិនិត្យតាមដាននូវប្រសិទ្ធភាពក្នុងការប្រតិបត្តិតួនាទីរបស់ រាជរដ្ឋាភិបាល ។ ក្នុងនោះដែរ សកម្មភាពសហការគ្នាយ៉ាងស្អិតល្មួត រវាងរដ្ឋសភា និងរាជរដ្ឋាភិបាល លើកិច្ចគាំពារសុខុមាលភាពសង្គម កំពុងត្រូវបានលើកស្ទួយយ៉ាងសកម្មគួរឲ្យកត់សម្គាល់ ដោយបានបង្កើតឲ្យមានកម្មវិធីជំនួយសង្គមជាច្រើន សំដៅផ្តល់ជូនប្រជាពលរដ្ឋនូវអត្ថប្រយោជន៍ប្រកបដោយភាពសមធម៌ និងប្រសិទ្ធភាព ។
ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមកោតសរសើរ និងអរគុណដ៏ជ្រាលជ្រៅ ចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អនុប្រធានទី១ នៃរដ្ឋសភា លោកជំទាវកិត្តិសង្គហបណ្ឌិតអនុប្រធានទី២នៃរដ្ឋសភា សម្តេច ឯកឧត្តម លោកជំទាវ ជាប្រធានគណៈកម្មការ និងជាសមាជិក សមាជិកានៃរដ្ឋសភាទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ក្នុងការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់នានា ដែលច្បាប់ទាំងនេះបានគ្របដណ្តប់លើវិស័យសំខាន់ៗ ដែលដឹកនាំដោយរាជរដ្ឋា ភិបាលក៏ដូចជាការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់ និងអន្តរជាតិ ។
ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមកោតសរសើរយ៉ាងក្រៃលែង ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាមគ្គុទ្ទេសក៍ដឹកនាំប្រទេសប្រកបដោយភាពឈ្លាសវៃ ប្រកាន់ខ្ជាប់នូវគោលនយោបាយជាតិ ដ៏ត្រឹមត្រូវទប់ស្កាត់បាននូវអតិផរណាដែលជាខឿនសេដ្ឋកិច្ចដ៏រឹងមាំធានាបានស្ថិរភាព ឯករាជ្យ និងអធិបតេយ្យភាពជាតិ ដោយទទួលបានសមិទ្ធផលល្អៗជាច្រើន ជូនដល់ប្រជា ពលរដ្ឋបានរស់នៅប្រកបដោយសេចក្តីសុខ សន្តិភាព និងសុខដុមរមនា ។
ឆ្លៀតឱកាសនេះ ក្នុងអំឡុងពេលដែលពិភពលោកទាំងមូលកំពុងអូសបន្លាយការរងគ្រោះនៃជំងឺរាតត្បាត កូវីដ-១៩ គួរឲ្យព្រួយបារម្ភ ដែលមិនមានសញ្ញាណថមថយនៅឡើយ ខ្ញុំសូមឲ្យជនរួមជាតិប្រកាន់ខ្ជាប់ជានិច្ចនូវវិធានថែសុខភាពទាំងឡាយ ដែលដាក់ចេញដោយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីឲ្យព្រះរាជាណាចក្រកម្ពុជាយើង ចៀសវាងឲ្យបានអំពីការឆ្លងរាលដាលក្នុងសហគមន៍ ។
នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋសភាបានបើកសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់មួយចំនួន។ កិច្ចប្រជុំនេះ មានរបៀបវារៈចំនួន១១ ដែលធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីតំណាងរាស្ត្រ១១៧រូបផងដែរ។
របៀបវារៈ សម្រាប់កិច្ចប្រជុំពេញអង្គនេះមានដូចជា៖
១៖ ព្រះរាជសារព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦។
២៖ របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៤ និងលើកទី៥ នីតិកាលទី៦។
៣៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។
៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យ សម្បត្តិរដ្ឋ។
៥៖ ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖
* កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃម៉ាឡេស៉ី ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធ និងការចៀសវាងពន្ធ។
* កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធ និងការចៀសវាងពន្ធ។
៦៖ ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
៧៖ ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីបត្យាប័ន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង។
៨៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញ ទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៉ី។
៩៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការយល់ព្រមលើអនុសញ្ញាមីណាម៉ាតា ស្តីពីបារត។
១០៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើវិសោធនកម្ម ពិធីសារម៉ុងរ៉េអាល់ស្តីពី សារធាតុបំផ្លាញស្រទាប់អូហ្សូន។
១១៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន៖ ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។
សូមជម្រាបថា ការបើកសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦នេះ បានធ្វើឡើងក្រោយពេលដែលរដ្ឋសភា បានធ្វើវិស្សមកាលពីសម័យប្រជុំរដ្ឋសភា អស់រយៈពេល៣ខែកន្លងមក ដោយសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ បានបិទបញ្ចប់កាលពីថ្ងៃទី២ ខែកកក្កដា ឆ្នាំ២០២០។
នៅក្នុងរយៈពេលវិស្សមកាលកន្លងមក ថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា បានចុះបំពេញតួនាទីជាតំណាងពលរដ្ឋ នៅតាមមណ្ឌលខេត្ត-រាជធានីទូទាំងប្រទេស និងបានបំពេញការងារច្រើនទៀត ទាំងការប្រជុំរដ្ឋសភាជាវិសាមញ្ញ និងការងារការទូតសភានៅលើឆាកអន្តរជាតិ។ ជារួមសកម្មភាពរដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៤ និងលើកទី៥ នីតិកាលទី៦នេះ ត្រូវបង្ហាញជូននៅក្នុងថ្ងៃបើកសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នាពេលនេះ៕