រថយន្ត MITSUBISHI PAJERO Sport ស្លាកលេខនគរបាល ២-៦១៩៤ បេីកបរដោយលោកអធិការរងនគរបាលខណ្ឌចំការមនម្នាក់ ទេីបចេញពីកម្មវិធីជប់លៀង
រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត MITSUBISHI PAJERO Sport ស្លាកលេខនគរបាល ២-៦១៩៤ បេីកបរដោយលោកអធិការរងនគរបាលខណ្ឌចំការមនម្នាក់ ទេីបចេញពីកម្មវិធីជប់លៀង ក្នុងល្បឿនលឿន តាមផ្លូវលេខ ៩៩ ឆ្លងកាត់ផ្លូវបំបែកទាំងបំពានស្លាកសញ្ញាចរាចរណ៍ ” ឈប់ ” ទៅបុកកង់មុខចំហៀងខាងស្តាំរថយន្ត ១ គ្រឿងម៉ាក TOYOTA CAMARY បណ្តាលឲ្យរងការខូចខាតចំហៀងមុខផ្នែកខាងស្ដាំយ៉ាងដំណំ តែមិនបណ្ដាលឲ្យមនុស្សរងរបួសទេ ក្រោយមកក៏ទំនាក់ទំនងហៅកូនចៅមកដោះស្លាកលេខរថយន្តចេញ និង យករថយន្តចេញពីកន្លែងកេីតហេតុបាត់ទៅ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីង នៅម៉ោង០២:៣០យប់រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២០នេះ នៅផ្លូវបំបែកជាបួន លេីផ្លូវលេខ៤៨៤ កែងផ្លូវលេខ៩៩ ខាងលិចក្លោងទ្វារវិទ្យាល័យបឹងត្របែក (ប្រហែល១២០ម៉ែត្រ) ស្ថិតក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបុរសម្នាក់សូមមិនបញ្ចេញឈ្មោះជាអ្នករត់ម៉ូតូឌុបនៅក្បែរកន្លែងកេីតហតុដែលឃើញផ្ទាល់ភ្នែកបានរៀបរាប់ប្រាប់អោយដឹងថាមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាក TOYOTA CAMRY ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2O-3302 បេីកបរដោយបុរសម្នាក់ បានធ្វេីដំណេីរតាមផ្លូវលេខ៤៨៤ ទិសដៅពីកេីតទៅលិច ក្នុងល្បឿនធម្មតា លុះមកដល់កន្លែងកេីតហេតុ ផ្លូវបំបែកជាបួន កែងផ្លូវលេខ៩៩ ក៏បានបន្ថយល្បឿន ស្រាប់តែឃេីញរថយន្តមួយគ្រឿងទៀត ម៉ាក MITSUBISHI PAJERO Sport ពណ៍ស ពាក់ស្លាកលេខនគរបាល 2-6194 ដែលបេីកបរដោយបុរសម្នាក់ ដែលស្គាល់ច្បាស់ថាជា អធិការរង នគរបាលខណ្ឌចំការមន ព្រះនាម (បាសាក់១៥) បានធ្វៀដំណេីរក្នុងល្បឿនយ៉ាងលឿន តាមផ្លូវលេខ៩៩ ទិសដៅពីជើងមកត្បូង មិនបានបន្ថយល្បឿនទេ ថែមទាំងបេីកបំពានស្លាកសញ្ញាចរាចរណ៍”ឈប់”ថែមទៀត ក៏ជ្រុលទៅបុកចំកង់មុខចំហៀងខាងស្តាំរថយន្តកាម៉ារី បណ្តាលឲ្យរថយន្ត កាម៉ារី រងការខូចខាតផ្នែកកង់មុខចំហៀងខាងស្ដាំយ៉ាងដំណំ និងរថយន្តពាក់ស្លាកលេខនគរបាលនោះ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហេីយក៏បេីកទៅមុខប្រហែល៥ម៉ែត្រទៀត ទេីបឈប់ ហេីយចុះមកពិនិត្យមេីលរថយន្តរបស់ខ្លួន តែមិនបណ្ដាលឲ្យមនុស្សរបួសទេ ។
បេីតាមសម្ដីបុរសម្ចាស់រថយន្តកាម៉ារីបានរៀបរាប់ប្រាប់ថា ដំបូងឡេីយគាត់បានបេីករថយន្តរបស់គាត់ ពីកេីតទៅលិច ក្នុងលឿនធម្មតា មកដល់ចំណុចកេីតហេតុគាត់បានឃេីញរថយន្ត បេីកបរដោយបុរសម្នាក់ ដែលគេស្គាល់ច្បាស់ថា ជាអធិការរងនគរបាលខណ្ឌចំការមន ដែលទេីបចេញពីកម្មវិធីជប់លៀង បានបេីកបរក្នុងស្ថានភាព ស្រវឹង ក្នុងល្បឿនលឿន បានឆ្លងស្តុបដូចគ្នា តែបំពានស្លាកសញ្ញាចរាចរណ៍”ឈប់” ទេីបជ្រុលទៅបុកកង់មុខចំហៀងខាងស្តាំរថយន្តកាម៉ារី របស់គាត់ រងការខូចខាតអស់មួយចំហៀងយ៉ាងដំណំ តែក្រោយមក ម្ចាស់រថយន្តបង្ក បានហៅបុរសម្នាក់ទៀតមកធ្វេីជា ចរចារគ្នា ខណៈពេលកំពុងនិយាយគ្នា ស្រាប់តែម្ចាស់រថយន្ត ស្លាកលេខនគរបាល នោះ ហៅកូនចៅមកដោះស្លាកលេខទាំងមុខទាំងក្រោយចេញហេីយ ក៏ឡេីងជិះម៉ូតូជាមួយគ្នាជិះគេចខ្លួនចេញទៅបាត់ ស្រមោល ។
បច្ចុប្បន្នក្រោយពេលកេីតហេតុ រថយន្តទាំងពីរគ្រឿង ត្រូវបានប្រគល់អោយសមត្ថកិច្ចចុះមកវាស់វែងយកទៅក្សាទុករងចាំដោះស្រាយគ្នាពេលក្រោយ ៕