សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ អាចនិងមានភ្លៀង និងខ្យល់កើនឡើង ក្នុងអំឡុងពេលចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែតុលា
ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ អាចនិងមានភ្លៀង និងខ្យល់កើនឡើង ក្នុងអំឡុងពេលចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២០ នេះ ។
ក្រសួងធនធានទឹក សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងទីប្រជុំជន ទីទំនាបក្បែរផ្លូវទឹក និងបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចនិងកើតមានឡើងជាយថាហេតុ ។
បើតាមសេចក្តីប្រកាសព័ត៌មាន បានលើកឡើងថា បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ សង្កេតឃើញថា ប្រព័ន្ធសម្ពាធទាប បានបន្តលាតសន្ធឹងឆ្លងកាត់លើកម្ពុជា ដោយភ្ជាប់ទៅនឹងសម្ពាធទាបមួយនៅ លើសមុទ្រចិនខាងត្បូង ។ ដោយឡែកនៅលើសមុទ្រចិនខាងត្បូង នឹងអាចកើតមានជា វិសម្ពាធ ទាប (Tropical Depression) ឬជាព្យុះ (Tropical Storm) ដើរសំដៅឆ្ពោះចូលដល់លើភាគខាងត្បូង ប្រទេសវៀតណាម នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២០ ។ ស្ថានភាពអាកាសធាតុបែបនេះ នឹងធ្វើឲ្យបណ្ដាខេត្តស្ទើរទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២០ នឹងអាចមានភ្លៀង និងខ្យល់កើនឡើង។ ចំពោះបណ្តារាជធានី ខេត្តនៅភាគខាងត្បូង ខេត្តខាងកើតជាប់ប្រទេសវៀតណាម និងបណ្តាខេត្ត នៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន ដែលធ្វើឲ្យទីទំនាបក្បែរផ្លូវទឹក តំបន់ភ្នំ និង តំបន់ជួរភ្នំក្រវាញ នៅក្នុងភូមិសាស្ត្រនៃបណ្តាខេត្តទាំងនោះ ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ជាមួយគ្នានោះ នៅតំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់បក់បោកខ្លាំង និង រលកសមុទ្រខ្ពស់ៗ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ពិសេស បងប្អូន ប្រជាពលរដ្ឋដែលរស់នៅក្នុងទីប្រជុំជន ទីទំនាបក្បែរផ្លូវទឹក និងបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។
ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើ បាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីចាំបាច់ ។