កងទ័ពអាហ្សែបៃហ្សង់បាញ់កាំភ្លើងធំជាច្រើនគ្រាប់ ទៅលើតំបន់ជម្លោះជាមួយអាមេនី, អន្តរជាតិបានត្រឹមអំពាវនាវឲ្យចរចាគ្នា
(ម៉ូស្គូ)៖ ទីក្រុងស្ទេផាណាខឺត (Stepanakert) នៃតំបន់ជម្លោះ ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh) បានរងការវាយប្រហារដោយគ្រាប់កាំភ្លើងធំយ៉ាងហោច ២២គ្រាប់នៅថ្ងៃចន្ទនេះ ខណៈជម្លោះដៅក្ដៅគគុករវាងអាហ្សែបៃហ្សង់ និងអាមេនីជុំវិញដែនដីជម្លោះមួយនេះ នៅមិនមានសញ្ញាថមថយទាល់តែសោះ បើទោះជាសហគមន៍អន្តរជាតិ បានអំពាវជាច្រើនលើកឱ្យប្រទេសទាំងពីរ ត្រឡប់មករកតុចរចាវិញក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០។
បើតាមអ្នករាយការណ៍របស់សារព័ត៌មាន Sputnik ពីតំបន់ជម្លោះ ស្នូរគ្រាប់ផ្ទុះជាច្រើនលើកបានកើតមាន នៅជុំវិញទីក្រុង Stepanakert ដែលទំនងជាការវាយប្រហារដោយកាំភ្លើងធំ។ មកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់លម្អិតពីការខូចខាត ឬជនរងគ្រោះណាម្នាក់ឡើយ ខណៈក្រសួងការបរទេសនៃតំបន់ផ្តាច់ខ្លួន Nagorno-Karabakh បានអះអាងថា កំឡុងពេលនេះកងទ័ពអាហ្សែបៃហ្សង់ កំពុងដឹកនាំការវាយប្រហារយ៉ាងសន្ធាប់លើរដ្ឋធានី Stepanakert។
គួរជម្រាបតាមក្រសួងការពារជាតិអាហ្សែបៃហ្សង់ ក៏បានអះអាងដែរថា ប្រព័ន្ធរ៉ាដារបស់ខ្លួនចាប់បានសញ្ញាវាយប្រហារ ដោយគ្រាប់មីស៊ីលជាច្រើនគ្រាប់មកលើទឹកដី របស់ខ្លួននៅព្រឹកថ្ងៃចន្ទនេះ ដែលជាការវាយប្រហារចេញពីតំបន់ ហ្សែមុខ (Jermuk), កាហ្វាន (Kafan) និងតំបន់ ប៊ឺដ (Berd) នៃប្រទេសអាមេនី។ ជម្លោះរវាងអាហ្សែបៃហ្សង់ និងអាមេនី បាន ផ្ទុះឡើងជាថ្មីអស់រយៈពេលជាងពីរសប្ដាហ៍ហើយ នៅក្នុងតំបន់ Nagorno-Karabakh ដោយបានបណ្ដាលឱ្យមនុស្សរាប់សិបនាក់បាត់បង់ជីវិត និងរាប់រាយនាក់រងរបួស។
តំបន់ Nagorno-Karabakh ត្រូវបានច្បាប់អន្តរជាតិទទួលស្គាល់ថា ជាផ្នែកមួយនៃទឹកដីអាហ្សែបៃហ្សង់ ប៉ុន្តែដោយសារតែមានជនជាតិអាមេនីរស់នៅច្រើន ពួកគេបានប្រកាសចាត់ទុកតំបន់នេះជាតំបន់ស្វយ័ត និងបង្កើតជាសាធារណរដ្ឋរបស់ពួកគេ ក្រោមការជួយគាំទ្រពីរដ្ឋាភិបាលអាមេនី៕