ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជាប្ដេជ្ញាបន្តយក ចិត្តទុកដាក់ជួយឧបត្ថម្ភដល់កម្ពុជា បើទោះជាកំពុងជួបបញ្ហាកូវីដ-១៩ ក៏ដោយ

52

 

ភ្នំពេញ ៖ នៅក្នុងពេលជួបសម្តែងការគួរសមជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃទី៦ ខែតុលា ឯកឧត្តម មីកាមី ម៉ាសាហ៊ិរូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានជំរាបជូនលោកជំទាវ ឧបនាយករដ្ឋមន្ត្រី ពីជំហរយកចិត្តទុកដាក់របស់រដ្ឋាភិបាលជប៉ុន ដែលកំពុងគិតគូរបន្តយកចិត្តទុកដាក់ជួយដល់កម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឃន៍សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា បើទោះបីជាយើងកំពុងប្រឈមនឹងបញ្ហាកូវីដ-១៩ ដូចប្រទេសនានាលើសកលលោកក៏ដោយ ។

ឯកឧត្តម អគ្គរាជទូត បានឲ្យដឹងបន្ថែមទៀតថា ៖ រាជរដ្ឋាភិបាលជប៉ុន បានត្រៀមរួចជាស្រេចដើម្បីជួយដល់កម្ពុជា ក្នុងវិស័យមួយចំនួនដូចជាវិស័យសុខាភិបាល ជាដើម ក្នុងនោះជំនួយទឹកប្រាក់ប្រមាណជា២៥ពាន់យេន គ្រោងនឹងរៀបចំចុះហត្ថលេខា នាពេលខាងមុខនេះ ។

ជាមួយគ្នានេះដែរ  រាជរដ្ឋាភិបាលជប៉ុន កំពុងពិនិត្យរៀបចំការតភ្ជាប់គ្នាឡើងវិញនូវជើងហោះហើរពីជប៉ុនមកកម្ពុជា ពីកម្ពុជាទៅកាន់ប្រទេសជប៉ុន បន្ទាប់ពីបានអាក់ខានដោយសារកូវីដ-19 មកនេះ ។

 

ជាការឆ្លើយតបលោកជំទាវ ម៉ែន សំអន ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចាត់ទុកប្រទេសជប៉ុនជាមហាមិត្តរបស់កម្ពុជា ដែលបានជួយឧបត្ថម្ភដល់កម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណង និង ប្រាក់កម្ចីសម្បទាន ក្នុងដំណាក់កាល ដែលកម្ពុជា ត្រូវការជំនួយដើម្បីស្តារ និង អភិវឌ្ឍន៍ ប្រទេស។ ជំនួយដ៏ថ្លៃថ្លា របស់ជប៉ុនបានជួយកម្ពុជា មានការផ្លាស់ប្តូរមុខមាត់ និងបម្រើដល់ប្រជាជនកម្ពុជាទូទៅ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា  ក្រៅពីជំនួយលើវិស័យសេដ្ឋកិច្ច សុខាភិបាល និងការជួយស្តារឡើងវិញវិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប្រព័ន្ធផ្លូវគមនាគមន៍ ជប៉ុនគឺជាប្រទេសមួយដែលបានជួយជ្រោមជ្រែងស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ ដល់កម្ពុជា នឹងបានឈានទៅដល់មានកិច្ចព្រមព្រាងសន្តិភាក្រុងប៉ារីស២៣ តុលា ១៩៩១ ព្រមទាំងបានដំណើរការបោះឆ្នោតនៅឆ្នាំ១៩៩៣ទៀតផង ។

 

តាមរយៈឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោកជំទាវ ម៉ែន សំអន បានផ្ញើនូវការថ្លែងអំណរគុណ ចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុនដែលបានជួយដល់កម្ពុជា ព្រោះប្រទេសទាំងពីរបានភ្ជាប់ចំណងទាក់ទងគ្នាតាំងពីថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៥៣មកម្លេះ ។

 

ឯកឧត្តម មីកាមី ម៉ាសាហ៊ិរ៉ូ បានថ្លែងនូវការចាប់អារម្មណ៍ចំពោះការរីកចម្រើននៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  ដែលបានធ្វើឲ្យប្រទេសមួយ ដែលធ្លាប់ជួបប្រទះនឹងសង្ក្រាម បែកបាក់ មកជាប្រទេសមានសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ។ ពិសេសគឺការរក្សាបានស្ថិរភាព សន្តិភាព និង សន្តិសុខ សណ្តាប់ធ្នាប់ ដែលជាមូលដ្ឋានស្នូល នាំ មក នូវ ការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់របស់កម្ពុជា ។

 

ចុងបញ្ចប់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសុំឲ្យមានការជួយពង្រឹងកិច្ចសហប្រតិបត្តិការ រវាង ស្ថាប័ន ដែលមានបេសកកម្មស្រដៀង និងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច  ជា ពិសេស វិស័យអធិការកិច្ច និងទប់ស្កាត់អំពើពុករលួយ តាមរយៈ ផ្លាស់ប្តូរ ទស្សនកិច្ច និងការបណ្តុះបណ្តាល និងសូមជូនពរឯកឧត្តម ឯកអគ្គរាជទូត ប្រកប ដោយ សុខភាព ល្អបរិបូរណ៍ និងជោគជ័យក្នុង បេសកកម្ម ការទូត របស់ ឯកឧត្តម នៅកម្ពុជា ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង