ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឃួង ស្រេង៖ បានបញ្ជាឱ្យអភិបាលខណ្ឌទាំង១៤ ប្រើប្រាស់គ្រប់យន្តការ ធ្វើយ៉ាងណាដឹកសំរាមចេញពីក្រុងឱ្យអស់នៅយប់នេះ

43

 

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
បានបញ្ជាឱ្យ អភិបាលខណ្ឌទាំង១៤ប្រឹងប្រែងប្រើ ប្រាស់ឱ្យអស់លទ្ធភាព ក្រោមកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ធ្វើយ៉ាងណាដឹកជញ្ជូនយកសំរាមចេញពីក្នុងក្រុងទៅកាន់ទីលានចាក់សំរាមឱ្យបានគ្រប់ខណ្ឌ ដោយប្រើប្រាស់យន្តការគ្រប់រូបភាព ដោយចាប់ផ្តើមជាបន្ទាន់ចាប់ពីយប់នេះ។
លោក ឃួង ស្រេង បានជំរុញបែបនេះ
ធ្វើឡើងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយអភិបាលខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធក្រោមឱវាទ នៅ រសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ នៅសាលា រាជធានីភ្នំពេញ។
លោក ឃួង ស្រេង ក៏បានបញ្ជាឱ្យអភិបាល អភិបាលរងទទួលបន្ទុកយកចិត្តទុកដាក់ តាមដាន និងពិនិត្យសកម្មភាពប្រមូលសំរាមនៅយប់នេះឱ្យបានហ្មត់ចត់ តាមស្មារតីនៃកិច្ចប្រជុំ និងយកលទ្ធផលនៃកិច្ចប្រជុំនារសៀលនេះទៅអនុវត្តឱ្យមានប្រសិទ្ធភាព។
បើតាមប្រសាសន៍របស់ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងផងដែរ រដ្ឋបាលរាជធានីភ្នំពេញបានចាត់ចែងរថយន្តដឹកសំរាមរបស់រដ្ឋបាលរាជធនីភ្នំពេញទៅតាមខណ្ឌនីមួយៗរួចហើយ ប៉ុន្តែបើមានតម្រូវចាំបាច់ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាបន្ថែមទៀតនោះ សុំអភិបាល
ខណ្ឌ ចាត់ចែងជួលរថយន្តបែនដឹកដីឱ្យមកដឹកសំរាមដោយគិតតម្លៃជាតោន ក្នុង១តោនចាប់ពី១០ដុល្លារ ដល់ ១៤ដុល្លាអាមរិក ចំពោះឡានដែលប្រើប្រាស់ប្រេងផ្ទាល់ខ្លួន។ លើសពីនេះថែមទៀត ក៏ត្រូវជួលកម្លាំងកម្មករ រួមទាំងកម្លាំងកម្មកររបស់ក្រុមហ៊ុនស៊ិនទ្រីផងដែរ ដែលក្នុងម្នាក់ផ្តល់ជូន១០ដុល្លានៅពេលថ្ងៃ និងបន្ថែម៥ដុល្លារទៀតសម្រាប់អ្នកធ្វើការពេលយប់។
លោក អភិបាលរង ក៏បានស្នើឱ្យខណ្ឌនិមួយៗជាពិសេសខណ្ឌជាយក្រុង រកទីកន្លែងឬជួលដីប្រជាពលរដ្ឋណាដែលនៅទំនេរមួយរយៈសម្រាប់ស្តុកសំរាមជាបណ្តោះអាសន្នរង់ចាំរថយន្តដឹកសំរាមមកជញ្ជូនបន្តទៅកាន់ទីលានចាក់សំរាម ធ្វើយ៉ាងណាយប់នេះយកសំរាមឱ្យអស់ពីតាមបណ្តារនានាក្នុងរាជធានីភ្នំពេញ។
លោក កើត ឆែ ក៏បានសុំគោលការណ៍ពីឯកឧត្តមអភិបាល ដើម្បីចាត់ចែងលេខរៀងខណ្ឌនីមួយៗឱ្យបានច្បាស់លាស់ ជាពិសេសចំពោះរថយន្តបែនដែលខណ្ឌបានជួល ដើម្បីងាយស្រួលគ្រប់គ្រង និង ត្រួត ពិនិត្យ ក៏ដូចជាងាយស្រួលគ្រប់គ្រងការចំណាយនានានៅក្នុងដំណាក់កាលនេះឱ្យបានច្បាស់លាស់ ឆ្លើយតបឱ្យបានទាន់ពេលវេលាបំផុត ៕ សំរិត

 

អត្ថបទដែលជាប់ទាក់ទង