ការប្រែប្រួលអាកាសធាតុជាបញ្ហាដ៏គួរឱ្យបារម្ភមួយទៀត ដែលនឹងបង្កផលវិបាក និងជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរពិបាកនឹងប៉ាន់ប្រមាណបានទៅ លើសង្គម , សេដ្ឋកិច្ច និងសន្តិសុខ ក្នុងតំបន់ និងពិភពលោក
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំ “វេទិកាភាពងាយរងគ្រោះនៃអាកាសធាតុ តាមប្រព័ន្ធវីដេអូអនឡាញ ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២០ថា ជាពេលដ៏លំបាកសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដោយសារការរាតត្បាតនៃជំងឺភវីដ-១៩ បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គម និងសេដ្ឋកិច្ច និងភាពមិនប្រាកដប្រជាចំពោះការអភិវឌ្ឍជាទូទៅទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ។ ជាការពិតណាស់ ដូចគ្នានឹងជំងឺកូវីដ-១៩ , ការប្រែប្រួលអាកាសធាតុជាបញ្ហាដ៏គួរឱ្យបារម្ភមួយទៀត ដែលនឹងបង្កផលវិបាក និងជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរពិបាកនឹងប៉ាន់ប្រមាណបានទៅ លើសង្គម , សេដ្ឋកិច្ច និងសន្តិសុខ ក្នុងតំបន់ និងពិភពលោក ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ គ្រោះមហន្តរាយដែលបានកើតឡើងជាបន្តបន្ទាប់ជុំវិញពិភពលោកមានសភាពធ្ងន់ធ្ងរនិងប្រពលភាព កាន់តែញឹកញាប់លើសពីអ្វីដែលយើងធ្លាប់បានជួបប្រទះកន្លងមក ។ ក្នុងបរិបទនេះ ទោះបីជាយើងមានភាពចាំបាច់ក្នុងការបង្វែរទិសដៅអាទិភាពគោលនយោបាយ និងធនធានដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩, យើងទាំងអស់គ្នាគប្បីខិតខំផ្តល់អាទិភាព និងធានាឱ្យបាននូវនិរន្តរភាពនៃការអនុវត្តវិធានការដោះស្រាយ និងទប់ទល់នឹងការប្រែប្រួល អាកាសធាតុ ដែលជារបៀបវារៈស្នូលមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ យើងប្រកបដោយចីរភាព ។
សម្តេចបានថ្លែងថា កម្ពុជាជាប្រទេសតូច និងធនធានមានកម្រិត ប៉ុន្តែយើងបានខិតខំបំពេញកាតព្វកិច្ចដូចមានចែងក្នុងខប់២១ (COP21) ពោលគឺយើងបានប្រកាន់យកការទប់ទល់នឹងការប្រែប្រួលអាកាសធាតុជាសមាសធាតុដ៏សំខាន់មួយនៅក្នុងគោលនយោបាយអភិវឌ្ឍន៍ជាតិ ។ ទន្ទឹមនេះ ក្របខ័ណ្ឌគតិយុត្តិ, ស្ថាប័ន និងបច្ចេកទេសសម្រាប់កម្មវិធីកាត់បន្ថយការបំភាយ ដែលកើតឡើង ដោយសារការកាប់បំផ្លាញ និងការសឹករេចរឹលនៃព្រៃឈើបូក (REDD+) កំពុងដំណើរការយ៉ាងលឿនឆ្ពោះទៅមុខ ដែលនឹងត្រូវសម្រេចបានជាស្ថាពរនៅចុងឆ្នាំនេះ ។ យើងក៏បានចូលរួមយ៉ាង សកម្មផងដែរ នៅក្នុងកិច្ចខិតខំប្រឹងប្រែងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុពិភពលោក តាមរយៈការធ្វើបច្ចុប្បន្នភាព “របាយការណ៍ការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញា ក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (NDC Update)” ដែលនឹងត្រូវដាក់ជូនទៅ លេខាធិការដ្ឋានអនុសញ្ញានៅចុងឆ្នាំនេះ ។ ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួច ក្តី ប៉ុន្តែយើងចង់បង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដោយផ្អែកលើសមត្ថភាព និងធនធាន ដែលមាន ។
សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “នៅក្នុងកម្រិតសកល ខ្ញុំយល់ឃើញថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រទាក់ក្រឡាគ្នា ដែលត្រូវដោះស្រាយតាមគោលនយោបាយគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព ទាំងទិដ្ឋភាព សង្គម, សេដ្ឋកិច្ច និងបរិស្ថាន ។ ទន្ទឹមនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យប្រទេសទាំងអស់រៀបចំបញ្ចប់ និងដាក់ជូននូវរបាយការណ៍រួមចំណែករបស់ជាតិខ្លួន ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ប្រកបដោយមហិច្ឆតា ។ លើសពីនេះ ខ្ញុំយល់ថាយើងត្រូវបង្កើនធនធានហិរញ្ញវត្ថុ, ជាពិសេស ហិរញ្ញប្បទានអាកាសធាតុសម្រាប់ការបណ្ដុំជាដុំកំភួន ដែលប្រទេសអភិវឌ្ឍន៍បានសន្យាកន្លងមក, និងផ្ទេរបច្ចេកវិទ្យាជូនដល់ប្រទេសកំពុងអភិវឌ្ឍ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរអាកាសធាតុ ប្រកបដោយប្រសិទ្ធភាព ទាំងសម្រាប់យន្តការគ្រប់គ្រង និងជំរុញការវិនិយោគលើការស្រាវជ្រាវ ឯកជនក្នុងវិស័យថាមពលកកើតឡើងវិញ និងប្រសិទ្ធពលថាមពល, ការការពារព្រៃឈើ និងហេដ្ឋា រចនាសម្ព័ន្ធបច្ចេកវិទ្យាការបណ្ដុំជាដើម ។ល។ “។
ជារួម ក្នុងបរិបទបច្ចុប្បន្ននេះ ការជំរុញទៅមុខ និងការប្រកាន់ខ្ជាប់ទៅនឹងក្របខ័ណ្ឌ តំបន់និយមនិងពហុភាគីនិយម គឺជាគោលការណ៍ដ៏សំខាន់សម្រាប់ដោះស្រាយបញ្ហាប្រឈម ដែលកំពុងកើតមានឡើងក្នុងគ្រប់វិស័យ ជាពិសេសបញ្ហាដែលកើតចេញពីការប្រែប្រួលអាកាសធាតុ ។ ទោះបីធនធាន និងសមត្ថភាពកម្ពុជានៅមានកម្រិតក៏ដោយ តែកម្ពុជាមានការតាំងចិត្ត និងឆន្ទៈនយោបាយខ្ពស់ក្នុងការរួមចំណែកដល់កិច្ចប្រឹងប្រែងសាកល ដើម្បីដោះស្រាយការ ប្រែប្រួលអាកាសធាតុ ផ្អែកតាមគោលការណ៍គន្លឹះរបស់អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ជាពិសេស គោលការណ៍ស្តីពីការទទួលខុសត្រូវរួមគ្នា ប៉ុន្តែមានកាតព្វកិច្ចផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន ៕