ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភាពស៊ីសង្វាក់គ្នារវាងមន្រ្តីសុខាភិបាល និងមន្រ្តីអនុវត្តច្បាប់ ធ្វេីឱ្យអ្នកញៀនគ្រឿងញៀន ទទួលបានការព្យាបាលដោយមានប្រសិទ្ធភាព

51

លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍បែបនេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនក្នុងភាពជាដៃគូជាមួយមន្ត្រីអនុវត្តច្បាប់សម្រាប់ខណ្ឌមានជ័យដែលមានអ្នកចូលរូមជា តំណាងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខណ្ឌច្បារអំពៅ សង្កាត់ ប៉ុស្តិ៍ នគរបាលរដ្ឋបាល ទាំង៨ ក្នុងខណ្ឌច្បារអំពៅ តំណាងសុខាភិបាលមូលដ្ឋាន និងអង្គការពាក់ព័ន្ធ នៅល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២០នេះ។

ឧត្តមសេនីយ៍ ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បានរាយការណ៍ដោយសោមនស្សថា វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្ត ទៅដោយរលូនឈរលេីស្មារតីសាមគ្គីភាព យោគយល់គ្នា បង្កេីនការងារផ្សព្វផ្សាយ អប់រំ ពីបញ្ហាគ្រឿងញៀន អំពីព័ត៌មាន ពីការព្យាបាល ពិសេសបានទទួលស្គាល់ថាមន្ត្រីសុខាភិបាល និងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំ-សង្កាត់ជាដៃគូមិនអាចខ្វះបានក្នុងការងារព្យាបាលអ្នកញៀនគ្រឿងញៀននៅតាមមូលដ្ឋាន ដេីម្បីផ្តល់ភាពសុខសាន្តជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការ រងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណដល់អង្គការខាណាដែលតែងតែបានជួយឧបត្ថម្ភគាំទ្រនិងអ្នកពាក់ព័ន្ធសហការគ្នារៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារ:សំដៅចូលរួមចំណែកជួយពង្រឹងសមត្ថភាពរបស់មន្ត្រីធ្វើឱ្យស៊ីសង្វាក់គ្នារវាងមន្រ្តីសុខាភិបាល និងមន្រ្តីអនុវត្តច្បាប់កម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការរួមគ្នាលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នេះគឺជាការបង្ហាញនូវឆន្ទះក្នុងភាពជាដៃគូជាមួយអង្គភាពពាក់ព័ន្ធទាំងអស់ និងអាជ្ញាធរមូលដ្ឋាន សម្របសម្រួលជំរុញអ្នកញៀនគ្រឿងញៀនឱ្យទទួលបានការព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ឬមន្ទីរពេទ្យជាតិ ទាំង៤៥0កន្លែង ដោយមិនគិតថ្លៃ និងចំណេញពេលវេលា។

ក្នុងឱកាសនោះដែរ លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា បានផ្តាំផ្ញេីដល់សិក្ខាកាមទាំងអស់សូមឱ្យយកចំណេះដឹងនិងបទពិសោធន៍ ទំនាក់ទំនងមិត្តភាពជាមួយគ្នានាពេលនេះ ប្រែក្លាយទៅជាចលករមួយសហការរួមគ្នាសំដៅប្រយុទ្ធនឹងសត្រូវរួមរបស់យើង គឺគ្រឿងញៀន ហេីយយកចំណេះដឹងនេះទៅពង្រីកដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ប្រែក្លាយទៅជាឧបករណ៍គាំទ្រដ៏មានសារៈប្រយោជន៍ក្នុងបេសកកម្មអនុវត្តការងាររបស់យេីងដោយប្រកាន់ខ្ជាប់នូវទិសស្លោករបស់សម្តេចក្រឡាហោម ស ខេង ៣កុំ ១រាយការណ៍ គឺ ៖ ១-កុំឲ្យពាក់ព័ន្ធ ២-កុំអន្តរាគមន៍ ៣-កុំលើកលែង និងត្រូវរាយការណ៍គ្រប់ករណីបទល្មើសគ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង