ការប្រឆាំងការសម្អាតប្រាក់ គឺជាការងារសំខាន់ចំបាច់ និងបន្ទាន់ ដែលតម្រូវឱ្យក្រសួង ស្ថាប័នទាំងអស់សហការអនុវត្តភារកិច្ចស្របតាមច្បាប់ជាធរមាន
ភ្នំពេញ៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងថា ការប្រឆាំងការសម្អាតប្រាក់ គឺជាការងារសំខាន់ចំបាច់ និងបន្ទាន់ ដែលតម្រូវឱ្យក្រសួង ស្ថាប័នទាំងអស់សហការអនុវត្តភារកិច្ចស្របតាមច្បាប់ជាធរមាន ហើយក្នុងនោះការគ្រប់គ្រង ការចាត់ចែង និងការរឹបអូសផលនៃបទល្មើស គឺជាការងារ អាទិភាពមួយ។ អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា មន្ត្រីអនុវត្តច្បាប់ តុលាការទាំងថ្នាក់ និងក្រសួង -ស្ថាប័នពាក់ ព័ន្ធ សរុបចំនួន១៩ បានសហការគ្នាពង្រឹងសមត្ថភាពលើការងារគ្រប់គ្រង ចាត់ចែងនិងរឹបអូសផលនៃបទល្មើស។
ឯកឧត្តមទេសរដ្ឋមន្ត្រីឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ថា កាលពីព្រឹកថ្ងៃទី៨ខែតុលាឆ្នាំ២០២០ មន្ត្រីជំនាញជាន់ខ្ពស់របស់កម្ពុជា ចំនួន៧៥រូប មកពី១៩អង្គភាព ស្ថាប័ន រួមមាន អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ (អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ , មន្ទីរប្រឆាំងគ្រឿងញៀន, នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន, នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណការ និងដឹកជញ្ជូន អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុ កម្ពុជា តុលាការកំពូល មហាអយ្យការអមតុលាការកំពូល សាលាឧទ្ធរណ៍ មហាអយ្យការអមសាលាឧទ្ធរណ៍ សាលាដំបូងរាជធានីភ្នំពេញ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា អគ្គនាយកដ្ឋាន ទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងអគ្គនាយកដ្ឋានរតនាគារជាតិ បានចូលរួមសិក្ខាសាលា ស្តីពី ការគ្រប់គ្រង ការចាត់ចែង និងការរឹបអូសផលនៃបទល្មើស” ដើម្បីពង្រឹងបន្ថែមសមត្ថភាពជំនាញក្នុង ការប្រឆាំងការសម្អាតប្រាក់ -ការកំណត់អត្តសញ្ញាណទ្រព្យសម្បត្តិពាក់ព័ន្ធនឹងបទល្មើស- ការចាប់យក / ឃាត់ទុក ការបង្កក ការគ្រប់គ្រង ការចាត់ចែង និងការរឹបអូសផលនៃបទល្មើស។ សិក្ខាសាលានេះត្រូវបាន សហការរៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងយុត្តិធម៌ សម្រាប់រយៈពេល ១ ថ្ងៃ គឺ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ដោយមាន វាគ្មិនមកពីអង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងយុត្តិធម៌ អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ និងអ្នកជំនាញរបស់អង្គការសហប្រជាជាតិ (UNODC) បានធ្វើបទបង្ហាញលើ ប្រធានបទ សំខាន់ៗចំនួន៤ផ្សេងគ្នា ពាក់ព័ន្ធនឹងការគ្រប់គ្រង ការចាត់ចែង និងការរឹបអូសផលនៃបទល្មើស ហើយក៏ផ្តោតសំខាន់ផងដែរទៅលើបទពិសោធល្អៗជាអន្តរជាតិសម្រាប់ការការគ្រប់គ្រង ការចាត់ចែង និងការរឹបអូសផលនៃបទល្មើស ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា ពាក់ព័ន្ធនឹងការគ្រប់គ្រង ការចាត់ចែង និងការរឹបអូសផលនៃបទល្មើសនេះ កម្ពុជានៅមានកាតព្វកិច្ច ច្រើនចំណុចខ្វះចន្លោះលើចំណុចមួយចំនួនពាក់ព័ន្ធនឹងក្របខណ្ឌច្បាប់ នីតិវិធី និងយន្តការអនុវត្ត។ ចំពោះ ការអនុវត្តការគ្រប់គ្រង ការចាត់ចែង និងការរឹបអូសផលនៃបទល្មើសកន្លងមក យើងមានបញ្ហាប្រឈមមួយ ចំនួនដូចជាសមត្ថភាពជំនាញក្នុងការគ្រប់គ្រង ចាត់ចែង និងរឹបអូសផលនៃបទល្មើសនៅមានកម្រិត និងការ អនុវត្តមិនទាន់មានសង្គតិភាព ជាដើម។
សិក្ខាសាលានេះ បានរៀបចំឡើងដើម្បីបង្កើនកម្រិតជំនាញដល់មន្ត្រីទទួលបន្ទុកលើការងារពាក់ព័ន្ធ នឹងការប្រឆាំងការសម្អាតប្រាក់ ដោយផ្តោតលើទិដ្ឋភាពច្បាប់ និងការអនុវត្តដោយសង្កត់ធ្ងន់លើទស្សនទាន នៃការកំណត់អត្តសញ្ញាណទ្រព្យសម្បត្តិពាក់ព័ន្ធនឹងបទល្មើស ការចាប់យក ការឃាត់ទុក ការបង្កក ការ
គ្រប់គ្រង ការចាត់ចែង និងការរឹបអូសផលនៃបទល្មើស ដើម្បីធ្វើយ៉ាងណាឲ្យបានចំណេញដល់ថវិកាជាតិ និងមានប្រសិទ្ធភាពក្នុងការបង្ក្រាបបទល្មើស ជាពិសេសបទល្មើសសម្អាតប្រាក់។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ក្នុងពេលបើក សិក្ខាសាលាអំពីគោលបំណងនៃការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ តុលាការ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងសំណូមពរឲ្យបង្កើនកិច្ចសហការក្នុងការគ្រប់គ្រង ចាត់ចែង និងរឹបអូសផលនៃបទល្មើស និងការប្រយុទ្ធ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ស្របតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី លេខ ៣៣៨ សជណ ចុះថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រក្នុងការអនុវត្តការ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលតម្រូវឲ្យក្រសួង -ស្ថាប័នពាក់ព័ន្ធសហការគ្នាអនុវត្ត ការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ក្រោមការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័នរៀងៗខ្លួន។
អង្គភាពប្រឆាំងអំពើពុករលួយសង្ឃឹមថា បន្ទាប់ពីសិក្ខាសាលានេះបានបញ្ចប់ យើងនឹងអាច រួមគ្នាក្នុង ការដាក់ចេញនូវក្របខណ្ឌច្បាប់ គោលនយោបាយ និងយន្តការនានា ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការគ្រប់គ្រង ការចាត់ចែង និងការរឹបអូសផលនៃបទល្មើស។ ប្រសិនបើយើងអាចធ្វើដូច្នេះបាន កម្ពុជានឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដូចជា៖ ១.ចំណេញថវិកាជាតិ ២.ការបង្ក្រាបបទល្មើសមាន ប្រសិទ្ធភាព ៣.ការអនុវត្តការងារពាក់ព័ន្ធនឹងការគ្រប់គ្រង ការចាត់ចែង និងការរឹបអូសផលនៃបទល្មើសមាន សង្គតិភាព និង៤.មានប្រព័ន្ធគ្រប់គ្រង ចាត់ចែង និងរឹបអូសបទល្មើសប្រកបដោយប្រសិទ្ធភាព៕