អនុព័ន្ធពាណិជ្ជកម្ម ស្នើក្រុមហ៊ុនថៃ Betagro វិនិយោគលើរោងចក្រកែច្នៃម្ហូបអាហារ, សហការជាមួយគម្រោង AIMS
ប៉ាធុមថានី៖ អនុព័ន្ធពាណិជ្ជកម្ម លោក ហេង សុវណ្ណារិទ្ធ តំណាង ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានស្នើក្រុមហ៊ុនផលិតម្ហូបអាហារដ៏ធំទី២ Betagro Group វិនិយោគបង្កើតរោងចក្រកែច្នៃម្ហូបអាហារនៅកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃកសិផលខ្មែរ ដោយសហការជាមួយគម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូច (AIMS) របស់ក្រសួងពាណិជ្ជកម្ម។នេះបើតាមការផ្សាយព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃនៅថ្ងៃទី៩តុលានេះ។
នៅក្នុងជំនួបជាមួយអនុប្រធានក្រុមហ៊ុន Betagro Group លោក Kritsana Wudhiprasertkul កាលពីព្រឹកថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២០នេះ លោក សុវណ្ណារិទ្ធ បានជម្រាបជូនអំពីកិច្ចប្រឹងប្រែងរបស់ស្ថានទូត ក្នុងការជំរុញការទូតសេដ្ឋកិច្ច (ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍), គោលនយោបាយបើកចំហរ និងលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ព្រមទាំងកំណែទម្រង់ស៊ីជម្រៅសំខាន់ៗ ដើម្បីលើកស្ទួយបរិយាកាសធុរកិច្ច និងការអភិវឌ្ឍវិស័យឯកជននៅក្នុងប្រទេសកម្ពុជា។
លោកអនុព័ន្ធពាណិជ្ជកម្ម ក៏បានជម្រាបជូនភាគីថៃ អំពីគោលបំណងរបស់គម្រោង AIMS ដែលផ្តោតលើការតភ្ជាប់កសិផលិតកម្មជាមួយទីផ្សារ ដើម្បីលើកកម្ពស់ជីវភាពប្រជាកសិករ និងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសដៃគូធំៗ សំដៅទាក់ទាញការវិនិយោគពីបរទេស និងធ្វើពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជា។
ជាការឆ្លើយតប លោក Kritsana បានថ្លែងអំណរគុណ លោកអនុព័ន្ធពាណិជ្ជកម្ម ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចក្រុមហ៊ុន Betagro Group ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយវិនិយោគ និងកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា។ លោកអនុប្រធានក្រុមហ៊ុនរូបនេះ បានសន្យាដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅកម្ពុជា នៅពេលព្រំដែនបើកឡើងវិញ ដើម្បីស្វែងយល់បន្ថែមអំពីសក្តានុពលគម្រោង AIMS និងឈានទៅចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រសួងពាណិជ្ជកម្ម៕