ប៉េអឹមបញ្ជូនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីលួចម៉ូតូចំនួនពីរគ្រឿង យកទៅលក់បានប្រាក់ដើរស៊ីចាយ និងទិញគ្រឿងញៀនយកមកប្រើប្រាស់ ទៅតុលាការ
បន្ទាយមានជ័យ៖ជនសង្ស័យទាំ៤នាក់ពាក់ព័ន្ធករណីលួចម៉ូតូចំនួនពីរគ្រឿង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយនៅថ្ងៃទី ៩ ខែតុលាឆ្នាំ ២០២០ នេះ។
យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ របស់ជនរងគ្រោះឈ្មោះ នាង រ៉ាវុទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងជនរងគ្រោះឈ្មោះ នៅ រតនា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកបាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួចម៉ូតូ។
ក្រោយពីទទួលបានពាក្យបណ្តឹង លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានចាត់តាំងកម្លាំងចុះធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១ និង០០នាទី ឈានចូលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ម វីរៈ (ហៅចក់) ភេទប្រុស អាយុ២៨ឆ្នាំ និងដកហូតបានម៉ូតូ១គ្រឿង ម៉ាកឃ្លិច ពណ៌ស ផលិតឆ្នាំ២០១៣ ដូចក្នុងពាក្យបណ្ដឹងខាងលើ នៅចំណុចកាស៊ីណូប៉ោយប៉ែតផាលេសផ្លាស (ផ្សារយួន) ស្ថិតក្នុងភូមិក្បាលស្ពន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។
លោក វរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់ឱ្យដឹងថា ក្រោយពីកម្លាំងជំនាញសួរនាំរួច ទើបកម្លាំងចុះឃាត់ខ្លួនបក្សពួកជនសង្ស័យជាបន្តបន្ទាប់បានចំនួន៣នាក់បន្ថែមទៀត ១-ឈ្មោះ សៅ ទិត្យ (ហៅខ្មៅ) ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិចាន់គិរី សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២- ឈ្មោះ ឌី ខួច (ហៅធិ) ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអូរឫស្សី សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៣- ឈ្មោះ អាង ថុនា (ហៅទូ) ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បន្ទាប់មកឈានដល់ការឆែកឆេរទីតាំងមួយកន្លែងដែលពួកគេបានចង្អុលបង្ហាញ ស្ថិតក្នុងភូមិអូរឫស្សី សង្កាត់ផ្សារកណ្ដាល បានរកឃើញវត្ថុតាងបន្ថែមទៀតរួមមាន៖ ម៉ូតូម៉ាកហុងដាឃ្លិច ពណ៌ក្រហម ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខ សៀមរាប 1AB-3848 ដែលឈ្មោះ អាង ថុនា ហៅទូ លួចបានពីម្ចាស់បណ្ដឹងឈ្មោះ នៅ រតនា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងម៉ូតូចំនួន២គ្រឿតទៀត ព្រមទាំងគ្រឿងបន្លាស់ម៉ូតូ និងឧបករណ៍កែច្នៃមួយចំនួន។
ជនសង្ស័យទាំង៤នាក់ ក្រោយពីសមត្ថកិច្ចកងរាជអាវុធហត្ថ ក្រុង សួរចម្លើយរួច បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព លួចម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន ហើយយកទៅលក់បានប្រាក់ដើរស៊ីចាយ និងទិញគ្រឿងញៀនយកមកប្រើប្រាស់ទាំងអស់គ្នាតែម្ដង។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងផងនោះជនសង្យ័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានអាវុធហត្ថខេត្តចាត់ការបន្ត។ បច្ចុប្បន្ន ជនសង្ស័យទាំ៤នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយ។
ចំណែកម៉ូតូរបស់ជនរងគ្រោះទាំង២នាក់ ត្រូវបាន អាវុធហត្ថក្រុង ប្រគល់ឱ្យវិញហើយ៕