Amazon បង្កើនការវិនិយោគជិត១០០លានដុល្លារ ទៅក្នុងសេវាកម្មបង់ប្រាក់របស់ខ្លួនប្រចាំនៅប្រទេសឥណ្ឌា
(ញូដេលី)៖ ក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំរបស់សហរដ្ឋអាមេរិក Amazon ទើបតែបានបោះទុនចំនួន ៧ពាន់លានរូពីថែមទៀត ដែលស្មើនឹង ៩៥.៥១លានដុល្លារ ទៅក្នុងសេវាកម្មបង់ប្រាក់របស់ខ្លួនគឺ Amazon Pay ប្រចាំនៅប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០។
ការបន្ថែមទុនវិនិយោគនេះធ្វើឡើង ស្របពេលដែលរដូវបុណ្យទានសាសនាហិណ្ឌូហៅថា Dussehra និង Diwali កំពុងខិតជិតមកដល់នៅក្នុងប្រទេសឥណ្ឌា។ Amazon នឹងចាប់ផ្តើមព្រឹត្តិការណ៍លក់បញ្ចុះតម្លៃសម្រាប់ឱកាសបុណ្យទាំងនេះ ចាប់ពីថ្ងៃសៅរ៍សប្តាហ៍ក្រោយតទៅ ខណៈក្រុមហ៊ុនលក់ទំនិញអនឡាញលំដាប់ពិភពលោកមួយនេះ បាននិងកំពុងបន្តព្យាយាមជំរុញឲ្យអតិថិជននាំគ្នាបង់ប្រាក់តាមសេវាកម្ម Amazon Pay របស់ខ្លួន ជាពិសេសនៅប្រទេសឥណ្ឌាតែម្តង ដែលមានទំហំទីផ្សារយ៉ាងធំសម្បើមមួយ។
គួរជម្រាបថា បច្ចុប្បន្នទីផ្សារលក់ទំនិញអនឡាញនៅឥណ្ឌា ដែលកំពុងរីកធំធាត់យ៉ាងឆាប់រហ័ស ស្ថិតក្រោមការប្រកួតប្រជែងគ្នារវាងក្រុមហ៊ុនធំៗចំនួន៣ គឺក្រុមហ៊ុន Amazon, ក្រុមហ៊ុន Flipkart ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាមេរិក Walmart, និងក្រុមហ៊ុន Reliance Retail ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Reliance Industries ដែលជាកម្មសិទ្ធិរបស់កំពូលមហាសេដ្ឋីឥណ្ឌាលោក Mukesh Ambani៕