ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កសិករឥណ្ឌាដែល បានសង់រូបសំណាក និងបួងសួងទាំងយប់ ទាំងថ្ងៃឲ្យលោក ត្រាំ ឆាប់ជាពីកូវីដ-១៩ បានទទួលមរណភាពហើយ

74

លោក ប៊ូស្សា គ្រីស្នា រ៉ាជូ (Bussa Krishna Raju) វ័យ ៣៨ឆ្នាំ ជាកសិករមកពីរដ្ឋ ថេឡាងហ្គាណា (Telangana) ភាគខាងត្បូងប្រទេសឥណ្ឌា បានទទួលមរណភាពដោយសារជំងឺគាំងបេះដូង កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ លោកត្រូវបានគេរាយការណ៍ថា បានធ្លាក់ទឹកចិត្តខ្លាំងចាប់តាំងពីលោក ដូណាល់ ត្រាំ ធ្វើតេស្តវិជ្ជចំពោះជំងឺ COVID-19 កាលពីដើមខែតុលានេះ។ លោក Raju មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីលោក ត្រាំ បានបញ្ជាក់ថា លោកពិតជាបានឆ្លងវីរុសកូរ៉ូណា ជាមួយនិងជំទាវទីមួយគឺលោកស្រី មេឡានៀ ត្រាំ (Melania Trump)។ ភ្លាមៗនោះ លោក Raju បានចំណាយពេលជាច្រើនយប់មិនបានគេង ដើម្បីបួងសួងឲ្យសុខភាពរបស់លោក ត្រាំ វិលមករកសភាពធម្មតាវិញ។ នេះបើយោងតាមសម្តីរបស់មិត្តភក្តិរបស់លោក Raju។

អ្នកប្រើប្រាស់បណ្តាញសង្គម Twitter មួយចំនួនបានចែករំលែកព័ត៌មាន ដ៏សោកសៅខាងលើនេះដល់ពិភពលោកថា «អ្នកគាំទ្រដ៏សកម្មមួយរូបរបស់លោក ត្រាំ បានទទួលមរណភាពហើយ»

គួរបញ្ជាក់ថា បុរសរូបនេះបានក្លាយជាអ្នកគាំទ្រលោក ត្រាំ ចំពោះភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តរបស់លោកក្នុងការការពារប្រទេសឥណ្ឌា។ លោកបានដំឡើងរូបសំណាករបស់លោក ត្រាំ ធ្វើពីស៊ីម៉ងត៍ដែលមានតម្លៃ ១,៧៧៨ដុល្លារនៅផ្ទះរបស់ខ្លួនកាលពីឆ្នាំមុន។ ទង្វើបែបនេះបាននាំឲ្យមនុស្សជាច្រើននៅក្នុងភូមិ ជំរុញឲ្យលោក Raju ទៅជួបពេទ្យវិកលចរិត ប៉ុន្តែលោកបានបង្ហាញថា សកម្មភាពរបស់លោកកើតចេញពីសេចក្តីស្រឡាញ់ ចំពោះលោក ដូណាល់ ត្រាំ តែប៉ុណ្ណោះ។ បន្ថែមពីលើនេះ លោក Raju ក៏បានស្នើសុំដល់រដ្ឋាភិបាលឥណ្ឌា ដើម្បីចូលជួបជាមួយលោក ត្រាំ ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសឥណ្ឌា កាលពីខែកុម្ភៈ ឆ្នាំ២០២០ផងដែរ ប៉ុន្តែពុំបានសម្រេចនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង