ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន៖ EBA គង់មានថ្ងៃណាមួយនឹងបាត់បង់ ប៉ុន្តែកិច្ចព្រមព្រៀងទីផ្សារសេរីរវាងកម្ពុជា-ចិន គឺនៅស្ថិតស្ថេរជារៀងរហូត

40

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែល សម្តេចអនុញ្ញាតឱ្យ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន ដែលដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន។ លោកបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «សម្តេចក៏មានប្រសាសន៍ថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅថ្ងៃនេះ គឺមានសារសំខាន់ណាស់។ EBA គង់មានថ្ងៃណាមួយនឹងបាត់បង់ ប៉ុន្តែកិច្ចព្រមព្រៀងទីផ្សារសេរីរវាងកម្ពុជា និងចិន គឺនៅជារៀងរហូត»

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ អំឡុងទស្សនកិច្ចផ្លូវការរបស់ លោក វ៉ាង យី នៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះ នឹងលុបបំបាត់របាំងពន្ធលើទំនិញជាច្រើន ដែលកម្ពុជានាំចេញទៅប្រទេសចិន និងពីប្រទេសចិនចូលមកប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ត្រូវបានរដ្ឋាភិបាលប្រទេសទាំងពីររំពឹងថា នឹងពង្រីកទំហំពាណិជ្ជកម្ម និងលំហូរវិនិយោគរវាងប្រទេសកម្ពុជា-ចិន កាន់តែច្រើនឡើងទៀត នៅឆ្នាំបន្តបន្ទាប់។

នៅក្នុងជំនួបជាមួយសម្តេចតេជោដែរនោះ ប្រមុខការទូតចិន បានវាយតម្លៃខ្ពស់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកម្ពុជា-ចិន។ លោកបាននាំមកនូវផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរសព្វសាធុការពីសំណាក់ ប្រធានាធិបតីចិន ស៊ី ជិនពីង និងនាយករដ្ឋមន្រ្តីចិន លី ខឺឈាំង ក៏ដូចជាប្រជាជនចិន ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន។

«ឯកឧត្តមបានជម្រាបជូនសម្តេចតេជោថា ចិននៅតែបន្តគាំទ្រកម្ពុជាយ៉ាងរឹងមាំជាទីបំផុត ធ្វើយ៉ាងណាឱ្យកម្ពុជា រក្សាឱ្យបាននូវអធិបតេយ្យ និងភាពថ្លៃថ្នូររបស់កម្ពុជា»។ នេះជាការបញ្ជាក់របស់ លោក អ៊ាង សុផល្លែត។

នៅក្នុងជំនួប លោក វ៉ាង យី បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន អំឡុងពេលដែលប្រទេសចិន រីករាលដាលជំងឺកូវីដ១៩ កាលពីខែកុម្ភៈកន្លងទៅ ដែលលោកចាត់ទុកថា ជាការឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ និងសណ្តានចិត្តដ៏ល្អប្រសើររបស់ សម្តេចចំពោះប្រជាជន និងរដ្ឋាភិបាលចិន ហើយក៏ឆ្លុះបញ្ចាំងអំពីភាពស្និទ្ធស្នាល និងភាពរឹងមាំ អំពីទំនាក់ទំនងកម្ពុជា និងចិន ផងដែរ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខរបស់ ប្រធានាធិបតីចិន ស៊ី ជិនពីង, លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន និងប្រជាជនចិន។ សម្តេចក៏បានថ្លែងអំណរគុណផងដែរ ចំពោះការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិនរបស់ លោក វ៉ាង យី។

សម្តេចបានសម្តែងនូវការអបអរចំពោះកិច្ចពិភាក្សាប្រកបដោយផ្លែផ្ការវាង លោក វ៉ាង យី ជាមួយនឹងឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏ដូចជា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន។

សម្តេចក៏បានថ្លែងអំណរគុណចំពោះមិត្តចិនដែលបានផ្តល់ជំនួយដល់កម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង