បញ្ជូនខ្លួនថៅកែស្រីម្នាក់ ដែលប្រើអំពើហិង្សាលើកូនឈ្នួលជាអនីតិជន ទៅសាលាដំបូងខេត្តកណ្តាល
(កណ្ដាល)៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជូនស្ត្រីម្នាក់ជាថៅកែ ដែលប្រើហិង្សាមកលើកូនឈ្មួលរបស់ខ្លួនដូចសត្វធាតុ មកកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
បើតាមប្រភពសុំមិនបញ្ចេញឈ្មោះ បញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្តាល នៅរសៀលនេះថា៖ «ស្ត្រីដៃដល់រូបនេះ តែងតែប្រើអំបើហិង្សាលើកូនឈ្នួលរបស់គាត់ដែលជាអនីតិជនរហូតដល់មានរបួសស្នាមទៀតផង»។
ជនរងគ្រោះឈ្មោះ ផ ស រ ភេទស្រី អាយុ១៧ឆ្នាំ មានមុខរបរអ្នកបម្រើនៅតាមផ្ទះ និងមានស្រុកកំណើតនៅភូមិអូរអង្គរ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ ដាំង រស្មី ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមេផ្ទះ។
ប្រភពដដែល បានរៀបរាប់ដំណើររឿងថា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ មីងបង្តើតរបស់ជនរងគ្រោះ ឈ្មោះ សុខ ស្រី មុខរបរ កសិករ មានទីលំនៅភូមិឃុំជាមួយគ្នាបាននាំក្មួយឈ្មោះ ផាត សុរីន មកធ្វើការជាអ្នកបម្រើនៅផ្ទះរបស់ឈ្មោះ ដាំង រស្មី ស្ថិតនៅភូមិថ្មី សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ពេលដែលរូបនាងមកធ្វើការជាអ្នកបម្រើនៅផ្ទះថៅកែស្រី ឈ្មោះ ដាំង រស្មី តែងតែប្រើអំពើឃោរឃៅវាយដំមកលើរូបនាងរហូត គឺយកវែកសម្លរ វាយក្បាល វាយមុខ បណ្តាលឱ្យបែកហូរឈាម ពេលខ្លះទៀត យកកាំបិតប័ុងតោ វាយក្បាល និងដាច់មុខបណ្តាលឱ្យបែកហូរឈាមជាច្រើនលើកច្រើនសារ ហើយមិនបាននាំនាងទៅពេទ្យ ឬទិញថ្នាំឱ្យនាងលេបទេ ហើយឱ្យនាងធ្វើការងារផ្ទះទោះបីជានាងឈឺក៏ដោយ។
ប្រភពបន្តថា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ថៅកែស្រីបានប្រើឱ្យយកកូនចានបបរ ស្លាបព្រា និងកែវមកឱ្យតែយកមកមិនទាន់ចិត្ត ត្រូវបានថៅកែស្រីយកវែកសម្លរវាយបែកចិញ្ចើមខាងស្តាំបែកហូរឈាម ភ្លាមពេលនោះនាងបានដើរចូលទៅក្នុងបន្ទប់យកអាវមកទប់ឈាមកុំឱ្យហូរ។
បើតាមប្រភពព័ត៌មានដដែល ក៏បានបញ្ជាក់ឱ្យដឹងថា៖ «កាលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ កូនថៅកែរូបនេះ បានប្រើឱ្យនាងជាជនរងគ្រោះអាំងត្រី និងមើលសម្លរដែលថៅកែស្រីរបស់នាងឱ្យមើល ដោយសារតែនាងអាំងត្រីមិនឆ្អិនល្អ ថៅកែស្រីរបស់នាង បានយកវែកវាយចំចិញ្ចើមមុខខាងឆ្វេងបណ្តាលឱ្យបែកហូរឈាម ចំពីលើស្នាមកាំបិតចាស់ដែលថៅកែនាងធ្លាប់វាយ ហើយពេលនោះដែរ ថៅកែស្រីនាងបានប្រើឱ្យនាងមកទិញទឹកត្រីនាងមានឱកាសក៏បានរត់ចេញហើយហៅម៉ូតូឌុប ដើម្បីរកអ្នកជួយដល់រូបនេះ»។
ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញសហការណ៍ជាមួយនគរបាលក្រុងតាខ្មៅ តាមបញ្ជាស្នងការ ព្រមទាំងបានសហការណ៍ជាមួយលោកស្រី ប្រធានមន្ទីរកិច្ចការនារីខេត្ត និងការិយាលយ័ សង្គមកិច្ច ក្រុង និង មន្ត្រីជំនាញមន្ទីរសង្គមកិច្ចបានចុះទៅជួបជនរងគ្រោះ និងបាននាំនាងដាក់ពាក្យបណ្តឹងព្រមទាំងនាំនាងមកកាន់មន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល ធ្វើការសម្ភាសន៍សាកសួរជនរងគ្រោះហើយបាននាំជនរងគ្រោះទៅពិនិត្យរបួសស្នាមលើរាងកាយ និងការពិនិត្យផ្លូវភេទ៕