ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​អំពាវនាវ​ឱ្យ​កម្មករ​ក្រុមហ៊ុន ស៊ីន​ទ្រី ចូលធ្វើ​ការងារ​ឡើងវិញ កុំ​បន្តធ្វើ​កូដកម្ម​ខុសច្បាប់​តទៅទៀត ដែលនាំឱ្យ​បាត់បង់​ប្រាក់​អត្ថប្រយោជន៍​

397

 

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការធ្វើ​កូដកម្ម​របស់​កម្មករ​និយោជិត​ក្រុមហ៊ុន ស៊ីន​ទ្រី ដោយ​អំពាវនាវ​ឱ្យ​កម្មករនិយោជិត​ទាំងអស់​របស់​ក្រុមហ៊ុន ស៊ីន​ទ្រី ចូលធ្វើ​ការងារ​ឡើងវិញ កុំ​បន្តធ្វើ​កូដកម្ម​ខុសច្បាប់​តទៅទៀត​ដែលនាំឱ្យ​បាត់បង់​ប្រាក់​អត្ថប្រយោជន៍​នានា របស់​បងប្អូន​ដែល​ច្បាប់​កំណត់​។

​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ ឱ្យបាន​ជ្រាបថា ចាប់តាំងពី​ល្ងាច​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០ រហូតមកទល់​បច្ចុប្បន្ន​នេះ កម្មករ​ផ្នែក​បើកបរ និង​ផ្នែក​ប្រមូល​សំរាម របស់​ក្រុមហ៊ុន ស៊ីន​ទ្រី នៅ​បន្តធ្វើ​កូដកម្ម​ខុសច្បាប់ មិន​ចេញ​ប្រមូល​សំរាម​នៅឡើយ លើកលែងតែ​កម្មករ​ផ្នែក​បោសសម្អាត ផ្លូវ​ប៉ុណ្ណោះ ដែល​បាន​ចូលធ្វើការ​វិញ​កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០​។​

​កន្លងមក រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ខិតខំ​ប្រជុំ​សម្របសម្រួល​ដោះស្រាយ​វិវាទ​រវាង​ក្រុមហ៊ុន ស៊ីន​ទ្រី និង​បងប្អូន កម្មករនិយោជិត​ជាច្រើនលើក ច្រើនសា រហូត​ទទួលបាន​ការព្រមព្រៀង​គ្នា​រួចហើយ កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ ប៉ុន្តែ​ការព្រមព្រៀង​នេះ ត្រូវបាន​បងប្អូន​កម្ម​ករ​និយោជិត​របស់​ក្រុមហ៊ុន ស៊ីន​ទ្រី មិន​គោរព​ឡើយ ហើយ​នៅតែ​បន្ត​ទាមទារ​នូវ​អត្ថប្រយោជន៍​នានា​ខុសច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន ដែល​ធ្វើឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ពុំ​អាចធ្វើ​អន្តរាគមន៍​ជូន​បានឡើយ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ឱ្យ​កម្មករនិយោជិត​ទាំងអស់​របស់​ក្រុមហ៊ុន ស៊ីន​ទ្រី ចូលធ្វើ​ការងារ​ឡើងវិញ កុំ​បន្តធ្វើ​កូដកម្ម​ខុសច្បាប់​តទៅទៀត ដែលនាំឱ្យ​បាត់បង់​ប្រាក់​អត្ថប្រយោជន៍​នានា របស់​បងប្អូន​ដែល​ច្បាប់​កំណត់​។ ក្នុងករណី បងប្អូន​ចូល​បម្រើ​ការងារ​វិញ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅតែ​បន្ត​ធានា​ដដែល នូវ​ខ្លឹមសារ​ដែលមាន​នៅក្នុង​កំណត់ហេតុ អង្គប្រជុំ​កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០​។

​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​ចាត់វិធានការ ដោយ​ប្រើប្រាស់​កម្លាំង​សរុប និង មធ្យោបាយ​សរុប​ជា​បន្តបន្ទាប់ ដើម្បី​ប្រមូល​សំរាម​ដែលមាន​ការកកស្ទះ​នៅ​រាជធានី​ភ្នំពេញ ឱ្យ​អស់ពី​សមត្ថភាព​ល​ទ្ធ​ភាព​ដែលមាន​។ ឆ្លៀតឱកាស​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​វេច​ខ្ចប់​ទុកដាក់​សំរាម​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ និង​បញ្ចេញ​សំរាម​ទាំងនេះ នៅតាម​កន្លែង​ស្តុក​បណ្តោះអាសន្ន ដែល​ខណ្ឌ សង្កាត់​នីមួយៗ​បានកំណត់​៕​

 

អត្ថបទដែលជាប់ទាក់ទង