ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅដើមខែកុម្ភៈឆ្នាំ២០២១ខាងមុខ ក្រុមហ៊ុនដែលមានស្តង់ដាអន្តរជាតិចំនួន៣នឹងចេញប្រតិបត្តិការលើការប្រមូលសំរាមនៅរាជធានីភ្នំពេញ

143

ភ្នំពេញ៖ ក្រុមហ៊ុនដឹកសំរាមចំនួន ០៣ដែលជក្រុមហ៊ុនមានលក្ខណះអន្តរជាតិ នឹងចេញប្រតិបត្តិការ លើការ ប្រមូលនិងដឹកជញ្ជូនសំរាមនៅក្នុងរាជធានីភ្នំពេញ នៅដើមខែកុម្ភៈឆ្នាំ២០២១ខាងមុខនេះហើយ ពោលគឺក្រោយពីក្រុមហ៊ុនទាំងបីនេះ បានសម្រេចជ្រើសរើសជាប់ សព្វគ្រប់។

  នេះបើតាមការបញ្ជាក់ពីលោកកើត ឆែ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលលោកនិង លោកប៉ាសុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញអញ្ជើញជាអធិបតីភាពក្នុងវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នៅខណ្ឌបឹងកេងកងនាព្រឹកថ្ងៃទី១៣ ខែតុលានេះ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ផ្លូវ ៣៦០ សង្កាត់បឹងកេងកង៣ នៅខណ្ឌបឹងកេងកង។

  លោកកើត ឆែ បានមានប្រសាសន៍លើកឡើងថា មកដល់ពេលនេះមានក្រុមហ៊ុន៦ដែលយើងបានជ្រើសរើសរួចហើយ ហើយនៅក្នុងខែតុលានេះក្រុមហ៊ុនទាំង៦នេះយើងនឹងត្រូវជ្រើសរើសយកក្រុមហ៊ុនតែចំនួន៣ប៉ុណ្ណោះដើម្បីចេញប្រតិបត្តិការលើការប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ។

    លោកបញ្ជាក់ផងដែរថា ក្រុមហ៊ុនទាំង៣នេះជាប្រភេទក្រុមហ៊ុន មានលក្ខណៈអន្តរជាតិ ហើយរថយន្តដែលត្រូវយកមកប្រើប្រាស់ លើការដឹកសំរាមទាំងនេះ យ៉ាងអន់ណាស់ក៏មានស៊េរីនៃឆ្នាំផលិត ចាប់ពីឆ្នាំ២០១៥ឡើងទៅដែរ ដោយត្រូវបែងចែកជា៣តំបន់និងស្ថិតក្រោមការប្រកួតប្រជែងគ្នា

   លោកបានបន្តថា ក្រោយពីសម្រេចជ្រើសរើសក្រុមហ៊ុនបីនេះហើយ យើងនិងទុករយៈពេលបីខែសម្រាប់ឱ្យក្រុមហ៊ុននីមួយៗរៀបចំក្រុមហ៊ុនរបស់ខ្លួន ពោលគឺនៅដើមខែកុម្ភៈឆ្នាំ២០២១ ក្រុម

ហ៊ុនទាំង៣នេះ នឹងចាប់ផ្ដើមប្រតិបត្តិការប្រមូលសំរាម ជាផ្លូវការហើយ។ នេះជាការកែទម្រង់ថ្មីមួយទៀត ទៅតាមការអភិវឌ្ឍន៍រាជធានីភ្នំពេញ ដែលកាន់តែមានសុខភាពស៊ីវីល័យ សំរាមត្រូវបានដឹកបញ្ជូនចេញពីរាជធានីភ្នំពេញ និងបញ្ជូនបន្តទៅដុតចោលដោយមិនទុកឲ្យគរចោលដូចសព្វថ្ងៃនេះទេ។

  លោកក៏បានបញ្ជាក់ផងដែរថា ការធ្វើកូដកម្មមិនព្រមចូលធ្វើការរបស់កម្មករក្រុមហ៊ុន ស៊ីនទ្រី គឺជាការធ្វើកូដកម្មដែលមានចេតនាមិនព្រមចូលធ្វើការវិញ និងមានអ្នកនៅពីក្រោយខ្នងនៃការធ្វើកូដកម្មនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋបាលរាជធានីភ្នំពេញនៅតែដុតដៃដុតជើង ដើម្បីធ្វើការប្រមូលសំរាមឲ្យអស់ពីរាជធានីភ្នំពេញ បើទោះបីយើងប្រមូលមិនបាន ១០០ភាគរយក៏ដោយ។

  ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញលោកប៉ា សុជាតិវង្សបានបញ្ជាក់ផងដែរថា បញ្ហាសំរាមជាបញ្ហាធំមួយដែលយើងត្រូវយកចិត្តទុកដាក់ កម្មករក្រុមហ៊ុនស៊ីនទ្រីធ្វើកូដកម្មមិនព្រមប្រមូលសំរាមគឺពិតជាធ្វើឲ្យយើងលំបាកហើយ មន្ត្រីយើង អាជ្ញាធរដែនដី

យើង ក្រៅពីការងារបម្រើសេវាជូនប្រជាពលរដ្ឋហើយនោះ យើងនៅបានលាត់ដៃអាវ លាត់ជើងខោចុះប្រមូលដឹកជញ្ជូនសំរាម មិនថាពេលថ្ងៃឬយប់រំលងអាធ្រាតនោះទេ ។នេះជាការខិតខំប្រឹងប្រែងរបស់មន្ត្រីយើង។

   លោកបញ្ជាក់ផងដែរថា ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ខាងលើនេះ ប្រជាពលរដ្ឋបានលើកឡើងជាសំណើផ្ទាល់មាត់ចំនួន១៨នាក់និងសំណើរសំណូមពរ ជាលាយលក្ខណ៍អក្សរចំនួន ១៧ច្បាប់ ដើម្បីឲ្យអាជ្ញាធររាជធានីភ្នំពេញជួយដោះស្រាយជូនពួកគាត់ ហើយអ្វីដែលជាការលើកឡើងជាសំណើរនិងសំណូមពរនោះ ភាគច្រើនគឺពួកគាត់ជំរុញអោយមានការកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានាននៅក្នុងមូលដ្ឋាន ពិសេស ការស្ថាបនា ការជួសជុលផ្លូវ លូ ការបំពាក់ភ្លើងបំភ្លឺសាធារណៈជាមួយនឹងការជំរុញការដឹកជញ្ជូនសំរាមផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង