ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចនគរបាល ណែនាំ​ម្ចាស់​ទីតាំងអាងចិញ្ចឹមក្រពើ ត្រូវមាន​ការ​ប្រ​ប្រយ័ត្ន​ខ្ពស់​ការពារ​កុំឱ្យ​សត្វ​ក្រពើ ​ចេញរួច​ពី​បរិវេណ​ដែល​ខ្លួន​ចិញ្ចឹម​ជាដាច់ខាត

55

ប្រជាពលរដ្ឋនៅតំបន់ជិតខាងបាននិងកំពុងបង្ហាញក្ដីព្រួយបារម្ភជាខ្លាំង ចំពោះទីតាំងកសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រែកសំរោង ៣ ក្រុងតាខ្មៅ ខេត្តកណ្ដាល ព្រោះថាពេលនេះ ទឹកជំនន់ដែលកំពុងកើនឡើងយ៉ាងគំហុក បានធ្វើឲ្យអាងចិញ្ចឹមក្រពើមួយនេះមានទឹកពេញព្រៀបទៅហើយ។

ប្រជាពលរដ្ឋមានការព្រួយបារម្ភ ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់យ៉ាងគំហុកបែបនេះទៀត នោះហាងចិញ្ចឹមក្រពើនេះ អាចនឹងលិចដែលនាំឲ្យមានហានិភ័យកើតឡើងជាក់ជាមិនខានឡើយ។ ប្រជាពលរដ្ឋក៏សូមសំណូមពរឲ្យអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យ និងរកវិធីទប់ស្កាត់ជាមុនផង ដើម្បីជៀសវាងសត្វក្រពើទាំងនោះ មានឱកាសចេញក្រៅអាង អាចបង្កគ្រោះថ្នាក់ពលរដ្ឋបាន។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សូម​ឆ្លើយតប​បំភ្លឺ​ជូន បណ្តាញសារព័ត៌មានដែល​បាន​ផ្សព្វផ្សាយ មាន​ខ្លឹមសារ​ថា «​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​អាង​ចិញ្ចឹម​ក្រ​ពើមួយកន្លែង​ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក​សំរោង​៣ ក្រុង​តាខ្មៅ ខេត្តកណ្តាល ដោយសារ​មានការ​លិច​ទឹក​ខ្លាំង​»​។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល ក៏ដូចជា​ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ លោក​អធិការនគរបាល​ក្រុង​តាខ្មៅ​បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តា​ខ្មៅ សហការ​ជាមួយ​ក្រុមប្រឹក្សា និង​លោក​មេភូមិ​ព្រែក​សំរោង​៣ ចុះ​ពិនិត្យ​ទីតាំង​អាង​ចិញ្ចឹម​ក្រពើ​ដែល​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ រួច​ពិនិត្យឃើញថា នៅ​ជុំវិញ​នៃ​ទីតាំង​មាន​របង​ព័ទ្ធជុំវិញ​មាន​កម្ពស់​៣​ម៉ែត្រ ហើយ​ក្នុង​អាង​ចិញ្ចឹម​ក្រពើ​មាន​រៀប​ឥដ្ឋ​មាន​កម្ពស់​៣,៥​ម៉ែត្រ​ដែល​មិន​អាចឱ្យ​សត្វ​ក្រពើ​ចេញរួច​បានឡើយ​។
បន្ទាប់មក​សមត្ថកិច្ច​បាន​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ដល់​ម្ចាស់​ទីតាំង​ឈ្មោះ ឡុ​ច ប៊ុន​ថេ​ង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ ឱ្យមាន​ការ​ប្រ​ប្រយ័ត្ន​ខ្ពស់​ការពារ​កុំឱ្យ​សត្វ​ក្រពើ​ចេញរួច​ពី​បរិវេណ​ដែល​ខ្លួន​ចិញ្ចឹម​ជាដាច់ខាត និង​ត្រូវ​រាយការណ៍​ជាប្រចាំ​មក​សមត្ថកិច្ច​មូលដ្ឋាន​បើ​មាន​សភាពការណ៍​ផ្សេងៗ​កើតឡើង​ពេល​ជំនន់​ទឹកភ្លៀង​កើនឡើង​។​

​ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា អាស្រ័យហេតុនេះ សូម​បណ្តាញសារព័ត៌មាន​ផ្សេងៗ ដែល​បាន​ផ្សព្វផ្សាយ និង​សាធារណជន​ទាំងអស់​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​សូមមេត្តា​ជ្រាប និង​កុំ​មានការ​ភាន់ច្រឡំ​៕ដោយ៖បញ្ញាស័ក្តិ

អត្ថបទដែលជាប់ទាក់ទង