ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នារី​ខ្មែរ​ម្នាក់ ត្រូវបាន​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​សៀង​ហៃ ជួយ​អន្តរាគមន៍​ត្រឡប់មក​កម្ពុជា 

68

 

​ភ្នំពេញ​៖ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​ក្រសួង​ការបទេស បានបញ្ជាក់​តាម​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​តី​១៥ ខែតុលា​ឆ្នាំ​២០២០ ហើយ​ការវិលត្រឡប់​មកវិញ​នេះ ដោយមាន​ការជួយ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន បាន​សហការ​ជាមួយ​អាជ្ញាធរ​ចិន​អន្តរាគមន៍​ជួយ​នារី​ខ្មែរ​ម្នាក់​ឈ្មោះ​សែម ស្រី​ពេជ្រ ស្នាក់នៅ​ខេត្ត​ជឺ​ជាំ​ង ប្រទេស​ចិន ដែលមាន​បំណង​ត្រលប់មក​កម្ពុជា​វិញ ដោយសារ​មិនអាច​រស់នៅ​ចុះសម្រុង​ជាមួយ​ប្តី​បាន​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ថា តាមរយៈ​ការអន្តរាគមន៍​របស់​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​សៀង​ហៃ​នារី​ខ្មែរ​ឈ្មោះ​សែម ស្រី​ពេជ្រ នឹង​ទទួលបាន​ទិដ្ឋាការ​ស្នាក់នៅ​បណ្តោះអាសន្ន​ពី​អាជ្ញាធរ​ចិន នៅ​ថៃ្ង​ទី​១៦​ខែតុលា​ឆ្នាំ​២០២០​។ ក្រោយ​បាន​ទិដ្ឋាការ នាង​នឹង​ជិះ​រថភ្លើង​មក​ស្នាក់នៅ​បណ្តោះអាសន្ន នៅ​ស្ថាន​អគ្គ​កុងស៊ុល​នៅ​សៀង​ហៃ រង់ចាំ​ដំណើរ​តាម​យន្តហោះ​មកកាន់​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០​។​

​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស បានបញ្ជាក់​នៅ​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០២០​នេះ​ថា ស្ថាន អគ្គ​កុងស៊ុល​បានចេញ លិខិតបើកផ្លូវ​ដល់​រូបនាង ហើយ​ប៉ូលីស​ចិន​ក៏បាន​យល់ព្រម​នឹង ប្រគល់ ទិដ្ឋាការ​ជូន នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ ខាងមុខ​។

​តាម​ដំណើររឿង​ឲ្យ​ដឹងថា ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ លេខាធិការដ្ឋាន​ក្រុមការងារ​សហប្រតិបត្តិ​ការ​មេគង្គ​ឡាន​ឆាង និង​អង្គភាព​ពាក់ព័ន្ធ​ធ្វើការ​ស្រាវជ្រាវ​ទើប​ដល់ ថ្ងៃទី​១២ ខែតុលា​ឆ្នាំ​២០២០ ក្រសួង​ការ​បានផ្ដល់​ព័ត៌មាន​មក​ថា ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​សៀង​ហៃ បានធ្វើ​កិច្ចសហការ​ជាមួយ សមត្ថកិច្ច​ចិន​ជួយសង្គ្រោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ រី​ណា រី​ណា បាន​ហើយ​នៅ​ខេត្ត​ជី​ជាំ​ង​ប្រទេស​ចិន ដែលមាន​ឈ្មោះ​ពិត​គឺ សែម ស្រី​ពេជ្រ ( SEM SREY PHECH) កើត​ថ្ងៃទី ១៦​ឧសភា​១៩៩៤ មាន​ស្រុកកំណើត​នៅ​ភូមិ​ល្វា​ត្បូង ឃុំ​ល្វា ស្រុក​ចំការលើ ខេត្តកំពង់ចាម​។

​​កាលពី​ថ្ងៃទី​១៣​ខែតុលា​ឆ្នាំ​២០២០ ដោយ​ដកស្រង់​សំដៅ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ជីវ ផល្លី​,​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បានបញ្ជាក់​ឲ្យ​ដឹង​អង្គភាព​សារព័ត៌មាន​ខាងលើ​ថា ពល​ការិនី​ម្នាក់​ដែល​បានធ្វើ​វីដេអូ​ឃ្លី​ប​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ខ្លួន​ត្រូវបាន​មេខ្យល់​ឆបោក​ឲ្យ​ទៅធ្វើ​ការងារ​នៅឯ​ប្រទេស​ចិន​អស់​ជាង​ពីរ​ឆ្នាំ​ដោយ​រង​ទុក្ខលំបាក ។​

​នាង​បាន​បង្ហោះ​វីដេអូ​ដោយ​ស្នើសុំ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍ ដើម្បី​បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា ជា​ទឹកដី​កំណើត​របស់ខ្លួន​វិញ​នោះ ត្រូវបាន​ស្រាវជ្រាវ​រកឃើញ​អត្តសញ្ញាណ និង​កន្លែង​ស្នាក់​នៅឯ​ប្រទេស​ចិន​នោះ​ហើយ និង​ត្រូវបាន អន្តរាគមន៍​រំដោះ​ឲ្យ​មក​ស្នាក់នៅ​បណ្តោះអាសន្ន នៅ​ស្ថាន​អគ្គ​កុងស៊ុល​ប្រចាំ​ទីក្រុង​សៀង​ហៃ ដើម្បី​រង់ចាំ​រៀបចំ​បំពេញបែបបទ​បញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ​។​

​លោក​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៨​ខែតុលា​ឆ្នាំ​២០២០ នាយកដ្ឋាន​ជំនាញ​បានទទួល​ព័ត៌មាន ពី​ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ស្ដីពី​ព័ត៌មាន​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ រី​ណា រី​ណា ដែល​បាន​បង្ហោះ​ជា​ឃ្លី​ប​វីដេអូ​រយៈពេល​១​នាទី​និង​៤៩​វិនាទី អះអាងថា​នាង​ត្រូវ​ចាញ់ បោក​មេខ្យល់​ទៅ​ប្រទេស​ចិន និង​ស្នើសុំ​ឲ្យ​ជួយសង្គ្រោះ និង​បញ្ជូន​នាង​ត្រឡប់មក​កម្ពុជា​វិញ​។

​អគ្គស្នងការដ្ឋាន​គរ​បាល​ជាតិ ទំនាក់ទំនង​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​រី​ណា រី​ណា ដោយ​ស្នើសុំ​ផ្ដល់ព័ត៌មាន​អំពី​អាសយដ្ឋាន ដែល​នាង​កំពុងស្នាក់នៅ​ប្រទេស​ចិន និង​សាច់ញាតិ លេខ​ទូរស័ព្ទ​ទំនាក់ទំនង នៅ​ប្រទេស​កម្ពុជា និង​ដោយ​ទទួលបាន​កិច្ចសហការ​។​

​បច្ចុប្បន្ន​នាង​កំពុងស្នាក់នៅ​ផ្ទះ​មិត្តភក្តិ​ជា​ស្ត្រី​ខ្មែរ នៅ​ជិត​ប៉ុស្តិ៍​ប៉ូលិស​ខេត្ត​ជឺ​ជាំ​ង​ក្រុង​វិ​ន​ចូ​វ ដើម្បី​រង់ចាំ​ទទួល​ទិដ្ឋាការ​។ តាម​សំណើ​របស់​ស្ថាន​អគ្គ​កុងស៊ុល អង្គការ​សម្ព័ន្ធ​ចាប់ដៃ​កម្ពុជា​នៅ​ភ្នំពេញ បាន​យល់ព្រម​ជួយ​ចេញ​សំបុត្រ​យន្តហោះ​ដល់​នាង​។ ស្ថាន​អគ្គ​កុងស៊ុល​ក៏បាន​ឧបត្ថម្ភ​ថ្លៃ​ហូបចុក​ថ្លៃ​សំបុត្រ​រថភ្លើង​(​ពី​ទីក្រុង​វិ​ន​ចូ​វ​មក​សៀង​ហៃ​) ថ្លៃ​ពិនិត្យ​ស្វែងរក​មេរោគ​កូ​វីដ​-១៩ ដែល​សរុប​ជា​ទឹកប្រាក់​៥០០​ដុល្លារ​អាមេរិក ជូន​ដល់​នាង​ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង