ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ទៅកាន់​តំបន់ ដែល​ទទួលរង​គ្រោះ​ដោយសារ​ទឹកជំនន់ ក្នុង​ខណ្ឌដង្កោ​

73

 

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​បង្ហាញ​វត្ត​មាននៅ​តំបន់​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​ការចុះ​ត្រួតពិនិត្យ​ដោយផ្ទាល់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​មើល​និង​ដឹកនាំ​ផ្ទាល់​អំពី​ការជម្លៀស និង​ការពារ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ ដោយសារ​ទឹកជំនន់​។​

​សូមបញ្ជាក់ថា លោក​ឃួ​ង ស្រេង ជា​អភិបាល​រាជធានី​ភ្នំពេញ បានប្រគល់​អំណោយ​ជូន​ប្រជាពលរដ្ឋ​ចំនួន​ជាង ២​ពាន់​គ្រួសារ នៅក្នុង​សង្កាត់​ចំនួន​៤​នៃ​ខណ្ឌដង្កោ ដែល​ទទួលរង​គ្រោះ​ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត នា​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ​។ អំណោយ​ទាំងនេះ​ជា​អំណោយ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​។​

​សម្រាប់​ព្រឹក​ថ្ងៃទី ១៥​ខែតុលា​នេះ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​នាំយក​អំណោយ​មក​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​ជាង​៤១៨​គ្រួសារ​នៅ​សង្កាត់​សាក់​សំពៅ និង​ប្រជាពលរដ្ឋ ៣​សង្កាត់​ទៀត អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​បន្ត​ចែកជូន​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ផងដែរ​។​

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​ឲ្យ​ដឹងថា សម្ដេច​តេ​ជោ​ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន តែងតែ​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​និង​ងាយ​រងគ្រោះ ។ ជាក់ស្តែង នៅក្នុង​អំឡុង​ពេលនេះ​ខណៈដែល​ប្រជាពលរដ្ឋ​កំពុង​រងគ្រោះ ដោយ​ជំនន់​ទឹកភ្លៀង​នៅតាម​បណ្ដា​ខេត្ត​ក្រុង​មួយចំនួន សម្ដេច​បាន​យកចិត្តទុកដាក់ ដោយបាន​ប្រគល់​អំណោយ​ជា​បន្តបន្ទាប់ ជាមួយនឹង​ការ​ជម្រុញ​អោយជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ចេញពី​តំបន់​ដែល​ងាយ​នឹងរង​គ្រោះ​។​

លោក​ឃួ​ង ស្រេង បាន​បញ្ជាក់ថា អំណោយ​ដែល​សម្តេច​តេ​ជោ ប្រគល់ជូន​ប្រជាពលរដ្ឋ​ទាំង ៤​សង្កាត់​នេះ​រួមមាន សង្កាត់​សាក់​សំពៅ​ចំនួន​៤១៨ គ្រួសារ សង្កាត់​រលួស​ចំនួន ៣២៩​គ្រួសារ សង្កាត់​គង​ន​យ​ចំនួន​៥០០ គ្រួសារ​សង្កាត់​ទៀន​ចំនួន ១៤២ គ្រួសារ ដែល​ក្នុង​មួយ​គ្រួសារៗ ទទួលបាន​អង្ករ​ចំនួន ២៥​គីឡូក្រាម មី​១​កេស ទឹប​បរិសុទ្ធ​១​កេស ទឹកត្រី ទឹកស៊ីអ៊ីវ និង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​។​

គួរបញ្ជាក់​ផងដែរ​ថា ជំនន់​ទឹកភ្លៀង​ពី​ស្ទឹង​ព្រែក​ត្នោត បានធ្វើឱ្យ​ប្រជាពលរដ្ឋ​នៅ​ខណ្ឌដង្កោ ទទួលរង​គ្រោះ​ចំនួន​ពីរ​បី​ថ្ងៃ​មកហើយ ហើយ​ក្នុង​ខណៈនោះ លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ តែងតែ​នៅជាប់​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ដោះស្រាយ​រាល់​ទ​ង្វ​ល់​នឹង​បញ្ហា​របស់​ពួកគាត់ ពិសេស ការជម្លៀស​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​និង​ប្រជាពលរដ្ឋ ដែល​ងាយ​នឹងរង​គ្រោះ​មកកាន់​ទីទួល​សុវត្ថិភាព ជាមួយនិង​ការឧបត្ថម្ភ​ជា​គ្រឿង​ឧបភោគបរិភោគ​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង