ក្រពើមួយក្បាលទម្ងន់ជាង៣០គីឡូក្រាម រួចចេញពីកសិដ្ឋាន នៅសង្កាត់ព្រែកកំពិស
ភ្នំពេញ៖ សត្វក្រពើមួយក្បាល ទម្ងន់ជាង៣០គីឡូក្រាម បានរួចចេញពីកសិដ្ឋានមួយកន្លែង នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ខណៈកំពុងរងនូវការវាយប្រហារដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។
លោក សៅ ពន្លក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល សង្កាត់ព្រែកកំពិស បានថ្លែង នៅល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះថា ពិតជាមានករណីក្រពើមួយក្បាលទម្ងន់ជាង៣០គីឡូក្រាម រួចចេញពីទ្រង់ប្រាកដមែន កាលពីព្រឹកថ្ងៃទី១៥ ខែតុលា។ ក្រោយទទួលបានព័ត៌មាននេះ លោកចៅសង្កាត់ព្រែកកំពិស បានណែនាំដល់ប្រជាពលរដ្ឋមូលដ្ឋាន ត្រូវបង្កើនការប្រុងប្រយ័ត្ន ពិសេសកូនចៅតូចៗ។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា កសិដ្ឋានចិញ្ចឹមក្រពើនេះ គឺជាកន្លែងដែលចិញ្ចឹមសត្វក្រពើយូរណាស់មកហើយ ដែលមានម្ចាស់កសិដ្ឋានឈ្មោះ កាំង ស្រៀន និងមានលិខិតអនុញ្ញាតប្រកបអាជីវកម្មត្រឹមត្រូវ។ ក្នុងកសិដ្ឋាននោះចិញ្ចឹមក្រពើសរុបជាង១.០០០ក្បាល៕