ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ទឹកជំនន់

96

 

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទឹកជំនន់ និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​២​ទីតាំង​ផ្សេងគ្នា ដែល​កំពុងតែ​ទទួលរង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាសថា ការងារ​អាទិភាព​រប​ស់រាជ​រដ្ឋាភិបាល​ពេលនេះ គឺ​ជម្លៀស​ប្រជាពលរដ្ឋ ចេញពី​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់​។ សម្តេច​បាន​បញ្ជាក់ថា ការខូចខាត​នៅ​ពុំទាន់​បូកសរុប​នៅឡើយ​ទេ ព្រោះ​ការងារ​អាទិភាព​របស់​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ពេលនេះ ត្រូវ​សង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យ​ចេញ​ផុតពី​តំបន់​រងគ្រោះ​សិន នេះ​ជា​បញ្ហាសំខាន់ ហើយ​សារ​នេះ​មិនមែន​សម្រាប់តែ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល​ទេ ក៏ប៉ុន្តែ​សារ​នេះ​បញ្ជូន​ទៅកាន់​គ្រប់​ខេត្ត​នៅ​ទូទាំងប្រទេស​។ ទោះបីថា​ឥឡូវនេះ​មាន​ត្រឹមតែ​១០​ខេត្ត ប៉ុណ្ណោះ ដែល​ខ្ញុំ​បានផ្ដល់​ថវិកា​សម្រាប់​ស​ង្គ្រោះ ប៉ុន្តែ​បើ​យោងតាម​អ្វីដែល​ជាការ​ព្យាករណ៍ នៃ​ក្រសួង​ធនធានទឹក នឹង​អាច​មានការ​ធ្លាក់ភ្លៀង​នៅ​តំបន់​មួយចំនួនទៀត ដែល​យើង​ត្រូវ​ត្រៀម​បម្រុង​ឲ្យ​គ្រប់​ខេត្ត​ទាំងអស់​នៅ​គ្រប់​ទីកន្លែង ប្រុងប្រៀប​ផ្ដល់​អទិភាព​នៃ​ការជម្លៀស​ប្រជាជន​ចេញពី​តំបន់​រងគ្រោះ ហើយក៏​សុំ​ចិត្ត​ចំពោះ​ប្រជាពលរដ្ឋ​នៅពេលដែល​អាជ្ញាធរ​ស្នើសុំ​ឲ្យ​មានការ​ចាកចេញ សូមមេត្តា​ចាកចេញ​ទៅតាម​សំណូមពរ​អាជ្ញាធរ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​កោតសរសើរ​ចំពោះ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​គ្រប់​រាជធានី​-​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ដែល​បានចេញ​ប្រតិបត្តិ​ការព្រមៗ​គ្នា សង្គ្រោះ​ប្រជាជន​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព ដែល​សម្តេច​បាន​ប្រើពាក្យ​ថា កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ទាំង​កងទ័ព​ស្រួច ទាំង​កងទ័ព​តំបន់ ក៏ដូចជា​កងរាជអាវុធហត្ថ កងកម្លាំង​នគរបាល​បានធ្វើ​កិច្ចការ​បានល្អ និង​គ្រប់​ទីកន្លែង​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​របស់​យើង​។​

​សម្ដេច​តេ​ជោ បានស្នើ​សុំ​ឲ្យ​កម្លាំងប្រដាប់អាវុធ​ទាំងអស់​ក្លាយទៅជា​ឆ្អឹងខ្នង​នៃ​ការអន្តរាគមន៍​ផ្ដាច់ព្រ័ត្រ សម្រាប់​សង្គ្រោះ​ប្រជាជន​តទៅទៀត​។ នេះ​មិនមែនជា​ការងារ​ថ្មីៗ​របស់​យើង​ទេ គឺ​យើង​បានធ្វើ​តាំងពី​ទសវត្សរ៍​៨០​មកម្ល៉េះ ដែល​យើង​បានធ្វើ​នៅពេល​មាន​គ្រោះមហន្តរាយ​ម្ដងៗ ដែល​កងកម្លាំងប្រដាប់អាវុធ តែងតែ​ដើរតួនាទី​ស្នូល​ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​។ ពេលនេះ​ស្ថានភាព​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល រួមទាំង​ខេត្តបន្ទាយមានជ័យ កំពុងមាន​ស្ថានភាព​ធ្ងន់ធ្ងរ​នៅឡើយ ប៉ុន្តែ​សម្រាប់​ខេត្ត​ដទៃទៀត​គឺមាន​ថា​ធូរស្រាល​បន្តិច​។ អាជ្ញាធរ នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល និង​ខេត្តបន្ទាយមានជ័យ បន្ត​យកចិត្តទុកដាក់​ទៅលើ​កិច្ច​ការតាមដាន​ដំណើ​រវិ​វត្ត​នៃ​ចរន្តទឹក​ដែល​ហូរ​ចូល​។ យើង​នឹង​បន្ត​រួមគ្នា​ធ្វើ​កិច្ចការងារ​នេះ យកឈ្នះ​ទៅលើ​ស្ថាន​ភាពមិន​អំណោយផល​ដែល​បណ្ដាលមកពី​ព្យុះ និង​សម្ពាធ​ដែល​កំពុង​ស្ថិតនៅក្នុង​តំបន់​របស់​យើង​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​សំណូមពរ និង​អំពាវនាវ ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​យកចិត្តទុកដាក់​ជម្លៀស​ប្រជាជន​នៅ​តំបន់​ដែលមាន​គ្រោះថ្នាក់​ទៅកាន់​ទីទួល​សុវត្ថិភាព ដោយមាន​ការប្រុងប្រៀប​ជាមុន ត្រូវ​ពិនិត្យមើល​ទីកន្លែង​ជាមុន ដើម្បី​ឆ្លើយតប​នៅពេលដែល​ដឹកជញ្ជូន​ទៅកាន់​ទីនោះ​។ បន្ទាប់ពី​ទឹក​ស្រក សូម​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ប្រជាជន​ទៅកាន់​មូលដ្ឋាន​ដើម​វិញ​។ ត្រូវ​ផ្គត់​ផ្គង់ស្បៀង​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ក៏ដូចជា​ខិតខំ​ព្យាបាល​ជំងឺ​ប្រសិនបើ​មាន​ជំងឺ​កើតឡើង​។ សម្តេច​ក៏​អំពាវនាវ​ចំពោះ​ប្រជាជន​ត្រូវការពារ​នៅ​ជំងឺ​ខ្លួនឯង តាមរយៈ​ការ​អនាម័យ កុំ​ទទួលទាន​ទឹក​មិន​ស្អាត​ដែល​នាំទៅដល់​ជំងឺរាគ​រួស​ក្អួត​នាំមក​នូវ​ការលំបាក​បន្ថែមទៀត​។ សម្ដេច​ស្នើ​ឲ្យ​មាន​គ្រូពេទ្យ​ប្រចាំការ​នៅ​តំបន់ ដែល​ប្រជាពលរដ្ឋ​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព​ផងដែរ​។​

​សម្ដេច​តេ​ជោ ប្រាប់​ទៅដល់​អាជ្ញាធរ ត្រូវ​ចាត់​កម្លាំង​ចល័ត​ទៅដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ដើម្បី​ពិនិត្យ​មើលថា​តើ​មាន​ប្រជាពលរដ្ឋ​នៅ​សេសសល់​ដែរឬទេ ហើយ​ត្រូវ​ជួយ​ការពារ​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ពី​ក្រុម​ចោរលួច​ចោរប្លន់ ក្រុម​ឱកាសនិយម ដែល​យក​ឱកាស​នេះ ដើម្បី​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​។​

​សម្ដេច​បាន​ថ្លែងអំណរគុណ​ដល់ សប្បុរសជន​នានា ដែល​បាន​ចូលរួម​ថវិកា​ក្នុងការ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ដែល​រហូតមក​ដល់ពេលនេះ មាន​ប្រមាណ​ជាង ៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ហើយ ដែល​ថវិកា​នេះ​រាជរដ្ឋាភិបាល​មិនបាន​អំពាវនាវ​ទេ ប៉ុន្តែ​សប្បុរសជន​បាន​ស្ម័គ្រចិត្ត​ចូលរួម​ដោយ​ខ្លួនឯង​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​នៅក្បែរ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​ទាំងអស់ បាន​អះអាងថា មូល​ហេតុដែល​សម្ដេច​មិន​ព្រម​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ ដែល​ត្រូវ​ជម្លៀស​ដោយសារ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត នៅពេល​ថ្ងៃ ព្រោះ​សម្ដេច​ចង់ឃើញ​ច្បាស់​នូវ​អ្វីដែល​ការលំបាក​របស់​ប្រជាពលរដ្ឋ​នៅពេល​រាត្រី​។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ខ្ញុំ​មិន​ចង់​មក​ពេល​ថ្ងៃ​ទេ ព្រោះ​ពេល​ថ្ងៃ​យើង​ឃើញ​ហាក់ដូច​ជាធម្មតា ប៉ុន្ដែ​ខ្ញុំ​ចង់​មកជួប​ប្រជាពលរដ្ឋ​នៅពេល​យប់ ព្រោះ​ខ្ញុំ​ធ្លាប់​ប្រជាពលរដ្ឋ​រងគ្រោះ​នៅពេល​ថ្ងៃ​ហើយ តែ​ខ្ញុំ​ចង់​ជួប​ប្រជាពលរដ្ឋ​រងគ្រោះ​នៅពេល​យប់​ម្ដង ដើម្បី​ពិនិត្យមើល​អំពី​ស្ថានភាព​ជាក់ស្ដែង នៃ​ការស្នាក់អាស្រ័យរ​បស់បង​ប្អូន​។ ការចុះពិនិត្យ​ស្ថានភាព​របស់​ប្រជាពលរដ្ឋ​នេះ​ទៀតសោត ក៏​ព្រោះ​ចង់ឃើញ​ស្ថានភាព​ជាក់ស្ដែង មិន​ចង់​ត្រឹម​ស្ដាប់ និង​មើល​របាយការណ៍​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​រាយការណ៍​ជា​បន្ដបន្ទាប់​គ្រប់ពេល​នោះទេ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ មិនត្រូវ​បណ្ដោយ​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ ដាច់បាយ ដោយ​យើង​មិនបាន​ដឹង ហើយ​មិនបាន​ដោះស្រាយ​នោះឡើយ ពោល​ត្រូវ​ប្រើ​គ្រប់​កម្លាំង​ទាំងអស់ ដើម្បី​ជម្លៀស​ប្រជាជន​ចេញពី​តំបន់​រងគ្រោះ​មកកាន់​កន្លែង​មាន​សុវត្ថិភាព​។ បន្ទាប់ពី​ជម្លៀស​ប្រជាជន​មកកាន់​កន្លែង​មាន​សុវត្ថិភាព​ហើយ ត្រូវ​ផ្ដល់នូវ​ការថែទាំ​សុខភាព ផ្ដល់​អាហារ ថ្នាំពេទ្យ​គ្រប់ពេល​ទាំងអស់ មិន​ឲ្យ​ខ្វះខាត​នោះឡើយ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ភ្លាមៗ​នៅពេលដែល​ប្រទេស​កម្ពុជា កំពុងតែ​ពើបប្រទះ​នឹង​គ្រោះទឹកជំនន់​ក្នុង​រយៈពេល​២៤​ម៉ោង​តែប៉ុណ្ណោះ រដ្ឋាភិបាល​បានទទួល​ថវិកា​វិភាគទាន​ពី​សប្បុរសជន បាន​ប្រមាណ​ជាង​០៦​លាន​ដុល្លារ​។ ថវិកា​ដែល​ទទួលបាន​ពី​សប្បុរសជន ត្រូវបាន​ប្រើប្រាស់​តាមរយៈ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​ត្រូវ​ផ្តល់​អាទិភាព​សម្រាប់​ការដោះស្រាយ​ជាបន្ទាន់​ទៅលើ​ការសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​កំពុងតែ​រងគ្រោះ​ដោយសារ​ទឹកជំនន់​។ បន្ថែម​ពីនេះ រាជរដ្ឋាភិបាល​នឹង​ពិនិត្យឡើងវិញ​ចំពោះ​ការ​ស្រាយ ជួសជុល​ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​ជាច្រើន ព្រមទាំង​ដំណាំ​កសិកម្ម​ជាច្រើន​ប្រភេទ​ទៀត ដែល​រង​ការខូចខាត​ដោយ​ទឹកជំនន់ ដើម្បី​ស្តារឡើងវិញ​សេដ្ឋកិច្ច​របស់​ប្រជាជន​ជាដើម​។​
សម្រាប់​ដែល​ទទួលបាន​ពី​សប្បុរសជន​នានា គឺ​ទើបតែ​ប្រើ​អស់ ៨០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​។ នៅពេល​ទឹក​ស្រក​នឹង​យក​ថវិកា​ដែល​នៅសល់ ដើម្បី​ឧបត្ថម្ភ​ជូន​គ្រួសារ​រងគ្រោះ​ដោយសារ​ទឹកជំនន់​៕

 

អត្ថបទដែលជាប់ទាក់ទង