ពុំមានសត្វក្រពើ រួចចេញពីកសិកដ្ឋាន មកទីសាធារណៈនោះទេ
ភ្នំពេញ៖ បន្ទាប់ពីមានព័ត៌មានផ្សព្វផ្សាយថាមានសត្វក្រពើមួយក្បាល ទម្ងន់ជាង៣០គីឡូក្រាម បានរួចចេញពីកសិដ្ឋានមួយកន្លែង នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ខណៈកំពុងរងនូវការវាយប្រហារដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរនោះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរាជធានីភ្នំពេញ បានបញ្ជាក់ថា ពុំមានសត្វក្រពើ រួចចេញពីកសិកដ្ឋាន មកទីសាធារណៈនោះទេ គឺគ្រាន់តែមានក្រពើមួយក្បាលបានរួចចេញពីទ្រុងសំណាញ់ទីមួយ ប៉ុន្តែស្ថិតនៅក្នុងបរិវេណកសិដ្ឋានដែលអាចគ្រប់គ្រង និងការពារបានផងដែរ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៥ខែតុលាឆ្នាំ២០២០ បានថ្លែងសារលើផេកហ្វេសប៊ុកថា សូមចិត្តផង ឈប់ទៅ ទង្វើបែបនេះ ដូចបងប្អូនប្រជាពលរដ្ឋដឹងស្រាប់ហើយថា ប៉ុន្មានថ្ងៃនេះ ភ្នំពេញ និងនិយាយដោយឡែកភូមិសាស្ត្រមួយចំនួនក្នុងខណ្ឌដង្កោ កំពុងជួបគ្រោះមហន្តរាយទឹកជំនន់។ ខណៈពេលអាជ្ញាធរ និងកងកំលាំងចម្រុះ រួមទាំងទាហានជើងទឹក នៃបញ្ជាការដ្ឋានកងទ័ព កំពុងខិតខំទាំងយប់ទាំងថ្ងៃជួយសង្គ្រោះប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព មានជនមួយចំនួនបានផ្សាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយដោយដាក់ចំណងជើងដើម្បីតែអោយមានការចាប់អារម្មណ៍ថា មានការរួចសត្វក្រពើទំហំប៉ុននេះទំហំប៉ុននោះនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ នាំអោយមានការភ័ន្តច្រលំ និងភ័យខ្លាចពីប្រជាពលរដ្ឋមួយចំនួន។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរាជធានីភ្នំពេញសូមបញ្ជាក់សារជាថ្មីថា “ពុំមានការរួចសត្វក្រពើ មកទីសាធារណៈឡើយ គ្រាន់តែមានក្រពើមួយក្បាលបានរួចចេញពីទ្រុងសំណាញ់ទីមួយ ប៉ុន្តែស្ថិតនៅក្នុងបរិវេណកសិដ្ឋានដែលអាចគ្រប់គ្រង និងការពារបានផងដែរ”។
“បន្ថែមជាងនេះ សូមបុគ្គលមួយចំនួនដែលខិតខំបំប៉ោង និងចែកចាយព័ត៌មាន ឬបំប្លែងជាការលេងសើចដោយប្រើប្រាស់រូបភាពកាត់ត លើករណីសត្វក្រពើនេះ ហាក់មិនយល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋដទៃទៀត ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចគ្រប់គ្នា។
ជាចុងក្រោយ លោក ក៏សូមអភ័យទោសចំពោះការបញ្ជាក់ព័ត៌មានបឋមតាមសារព័ត៌មានក្នុងស្រុកមួយថា កសិដ្ឋានចិញ្ចឹមក្រពើបានបិទទៅហើយ បន្ទាប់ពីទទួលបានការបំភ្លឺពីមូលដ្ឋានថ្នាក់ក្រោមពុំច្បាស់លាស់ ” លោកបានបន្ថែមយ៉ាងដូច្នេះ។
លោក សៅ ពន្លក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល សង្កាត់ព្រែកកំពិស បានថ្លែង នៅល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះថា ពិតជាមានករណីក្រពើមួយក្បាលទម្ងន់ជាង៣០គីឡូក្រាម រួចចេញពីទ្រង់ប្រាកដមែន កាលពីព្រឹកថ្ងៃទី១៥ ខែតុលា។ ក្រោយទទួលបានព័ត៌មាននេះ លោកចៅសង្កាត់ព្រែកកំពិស បានណែនាំដល់ប្រជាពលរដ្ឋមូលដ្ឋាន ត្រូវបង្កើនការប្រុងប្រយ័ត្ន ពិសេសកូនចៅតូចៗ។
កសិដ្ឋានចិញ្ចឹមក្រពើនេះ គឺជាកន្លែងដែលចិញ្ចឹមសត្វក្រពើយូរណាស់មកហើយ ដែលមានម្ចាស់កសិដ្ឋានឈ្មោះ កាំង ស្រៀន និងមានលិខិតអនុញ្ញាតប្រកបអាជីវកម្មត្រឹមត្រូវ។ ក្នុងកសិដ្ឋាននោះចិញ្ចឹមក្រពើសរុបជាង១.០០០ក្បាល៕