ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរដ្ឋទូត​រុស្ស៊ី សន្យា​ជំរុញ​កិច្ច​សហប្រតិបត្តិ​នយោបាយ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​

142

 

​ភ្នំពេញ​៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​បានអនុញ្ញាត​ឲ្យ​ឯកឧត្តម អាណា​តូ​លី បូ​រូ​វី​ក​( Anatoly BOROVIK ) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សហព័ន្ធរុស្ស៊ី ទើប​តែងតាំង​ថ្មី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ជួប​សម្តែង​ការគួរសម នា​ព្រឹក​ថ្ងៃទី​១៦ ខែ តុលា ឆ្នាំ​២០២០ នៅ​វិមាន​រដ្ឋសភា​។​

​សម្តេច​ប្រធានរដ្ឋសភា និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បានលើកឡើង​ពី​ចំណងមិត្តភាព​និង​ទំនាក់ទំនង​ដ៍​ល្អ​រវាង​ប្រទេស​ទាំងពីរ (​កម្ពុជា​-​រុស្ស៊ី )​ដែលមាន​តាំងពី​យូរ​មកហើយ ពោល​បាន​ឈានដល់​ខួប​ទី​៦៥ នៅ​ឆ្នាំ​ក្រោយនេះ​។ អ​តី​សហភាព សូ​វៀត ជា​មិត្ត​ដ៍​ល្អ​របស់​កម្ពុជា ដែល​បាន​ជួយ​គាំទ្រ​កម្ពុជា​កម្ពុជា តាំងពី​ក្រោយ​របប​ប៉ុលពត​បាន​ដួលរលំ​ទៅក្នុង​ឆ្នាំ​១៩៧៩ ខណៈដែល​ប្រទេស​លោកខាងលិច​បាន​ព្យាយាម​ហ៊ុមព័ទ្ធ​កម្ពុជា​ឲ្យ​នៅឯ​កោ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ស្វាគមន៍​និង​គាំទ្រ​ចំពោះ​បេសកកម្ម​ការទូត​របស់​អាណា​តូ​លី បូ​រូ​វី​ក នៅ​កម្ពុជា​និង​បាន​បញ្ជាក់ថា រដ្ឋសភា​កម្ពុជា ពេញចិត្ត​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ច​សហ ប្រតិបត្តិការ​នានា ដែល​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ បាន​កសាង​រួមគ្នា​រៀង​រហូតមក ទាំង​វិស័យ​នយោបាយ កា​ទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល វិទ្យាសាស្ត្រ និង​វប្បធម៌ មានការ​រីកចម្រើន​ជា​លំដាប់ ដែល​បានរួម​ចំណែក​ដ៏​សំខាន់ ក្នុងការ​អភិវឌ្ឍ​នៅ​កម្ពុជា​។​

​សម្តេច​បាន​លើកឡើងថា ក្នុង​កាលៈទេសៈ​នេះ បច្ចុប្បន្ន ដែល​ពិភពលោក​ទាំងមូល កំពុង​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ទាមទា​ឲ្យ​មានការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ថែមទៀត ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ពហុភាគី និង​ការគាំទ្រ​ពហុភាគី​និយម ដើម្បី​រួមគ្នា​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ឲ្យ​ទទួលបាន​ជោគជ័យ​។​

​ឯកឧត្តម អាណា​តូ​លី បូ​រូ​វី​ក បាន​សន្យាថា​នៅក្នុង​បេសកកម្ម​ការទូត​នៅ​កម្ពុជា​នេះ នឹង​ខិតខំ​ពង្រឹងពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ឡើង ទាំង​នៅ​ខាង​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ ជា​ទ្វេភាគី និង​ពហុភាគី​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​លើកឡើងថា​អ្នកវិនិយោគទុន​រុស្ស៊ី មានការ​ចាប់អារម្មណ៍​ជាខ្លាំង​ក្នុងការ​បណ្តាក់​ទុក​នៅ​កម្ពុជា នៅក្នុង​វ​ស័​យ​ជាច្រើន​មាន​ដូច​ថាមពល​អគ្គិសនី​ជាដើម​។ រុស្ស៊ី​បាន​គាំទ្រ​ដល់​ការទទួល​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប របស់​កម្ពុជា នៅ​ឆ្នាំ​២០២១ ខាងមុខនេះ​។​

​ឯកឧត្តម អាណា​តូ​លី បូ​រូ​វី​ក បាន​ចូលរួម ចែករំលែក​ទុក្ខលំបាក និង​សម្តែង​ការសោកស្តាយ​ជាមួយ​ពលរដ្ឋ​កម្ពុជា ដែល​កំពុង​ទទួលរង​គ្រោះធម្មជាតិ​ជំនន់​ទឹកភ្លៀង​។ ជាមួយគ្នានេះ ឯក​ឧ​ត្ត​មាន​ជម្រាបជូន​សម្តេច​ផងដែរ ពី​ជោគជ័យ​របស់​ប្រទេស​រុស្ស៊ី​ក្នុងការ​ស្រាវជ្រាវ​និង​ផលិត​ថ្នាំ​និង​វ៉ាក់សាំង​ជំងឺ​កូដ​១៩ ដែល​ទទួលបាន​ជោគជ័យ​ជា​វិជ្ជមាន​៕​

អត្ថបទដែលជាប់ទាក់ទង