សម្ដេចពិជ័យសេនា អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នពេលទឹកជន់លិចខ្លាំងអាចមានសត្វអាសិរ្ពិសផ្សេងៗចូលផ្ទះ និងការពារក្មេងតូចៗកុំឱ្យលេងទឹក
ភ្នំពេញ៖សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រ រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានអញ្ជើញពិនិត្យស្ថានភាព និងសួរសុខទុក្ខប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ដែលបានចុះជួយសង្គ្រោះប្រជាពល រដ្ឋរងគ្រោះជំនន់ទឹកភ្លៀង នៅសង្កាត់ព្រែកជ្រៃ ខណ្ឌដង្កោ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ ខែតុលានេះ។
ក្នុងឱកាសនោះដែរក៏មានការអញ្ជើញអមដំណើរដោយ
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមនិងនាយទាហានជាន់ខ្ពស់នៃ ខ.ភ.ម ជាច្រើនរូបទៀត។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅសង្កាត់ព្រែកជ្រៃ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សម្ដេចពិជ័យសេនា បានលើកឡើងថា ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា គឺជាទុក្ខលំបាករបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ជាមួយគ្នានេះសម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងនូវការកោតសរសើរចំពោះកង កម្លាំងប្រដាប់អាវុធ កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ ព្រមទាំងអាជ្ញាធរដែន រាជធានីភ្នំពេញ ដែលខិតខំពុះពារជំនះគ្រប់ការលំបាកក្នុងការចុះជួយអន្តរាគន៍សង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងទទួលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនាពេលនេះ។
សម្ដេចពិជ័យសេនា បានអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសពេលទឹកជន់លិចខ្លាំងអាចមានសត្វអាសិរ្ពិសផ្សេងៗចូលផ្ទះសម្បែង ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ការពារប្រុងប្រយ័ត្នក្មេងតូចៗកុំឱ្យលេងទឹក និងមើលថែរក្សាសុខភាពឲ្យបានល្អ ហូបស្អាតផឹកទឹកឆ្អិន រក្សាអនាម័យជាប្រចាំមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់អគ្គីភ័យ ឆក់ខ្សែភ្លើង។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានជំរុញដល់អាជ្ញាធរដែនដី និងដល់កងកម្លាំងជួយសង្គ្រោះទាំងអស់ ពិសេសកងយោធពលខេមរភូមិន្ទ បន្តយកចិត្តទុកដាក់ជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា ដំណើរចុះពិនិត្យស្ថានភាពរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បានចុះពិនិត្យស្ថានភាពនេះដោយផ្ទាល់ ដើម្បីឃើញជាក់ច្បាស់អំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ស្ទឹងព្រែកត្នោត។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលឈរជើងជាប់ជាប្រចាំនៅតំបន់រងគ្រោះដោយទឹកជំនន់ក្នុងខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានអះអាងថា រហូតមកដល់ពេលនេះប្រជាពលរដ្ឋ ជាង៥.០០០ គ្រួសារហើយ ត្រូវបានជម្លៀសមកទីទួលសុវត្ថិភាព ជាមួយការមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់។
ឯកឧត្តម អភិបាលរាជធានី បានបញ្ជាក់ថា ផែនការទី១ នៃការសង្គ្រោះប្រជាពលរដ្ឋកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច បានរួមដៃគ្នាអនុវត្តទទួលបានជោគជ័យ និងគ្រប់គ្រងបានគ្រប់ស្ថានការណ៍ទាំងអស់។ ពលរដ្ឋដែលត្រូវជម្លៀសមកកន្លែងមានសុវត្ថិភាពនេះ រួមមាន នៅខណ្ឌកំបូល ពោធិ៍សែនជ័យ និងខណ្ឌដង្កោ ដែលរងគ្រោះច្រើនជាងគេ៕