ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ទាំង​៥ ទទួលបាន​ជោគជ័យ នៃ​ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ ការកកស្ទះ​សំណុំរឿង ក្នុង​រយៈពេល​១៥០​ថ្ងៃ​

63

 

​ភ្នំពេញ​៖ លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ថ្លែងថា អបអរសាទរ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ទាំង​៥ សៀមរាប កោះកុង កំពត បន្ទាយមានជ័យ និង​ត្បូងឃ្មុំ ដែល​ទទួលបាន​ជោគជ័យ​នៃ​ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង ក្នុង​រយៈពេល​១៥០​ថ្ងៃ​។

​លោក​បានលើកឡើង​បន្ថែមទៀតថា សូម​ថ្លែងអំណរគុណ​ផងដែរ​ដល់​សមាជិក​ក្រុមការងារ​ទី​៤​ទាំងអស់ រួមទាំង​សាលាដំបូង​និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ទាំងពីរ​ក្នុងចំណោម​ខេត្ត​ចំនួន​៥ ស្ថិតក្រោម​ការទទួលខុសត្រូវ​របស់​ក្រុម​៤ គឺ​កោះកុង និង​កំពត ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​ចូលរួម​សហការ​យ៉ាងសកម្ម សម្រេចបាន​ជោគជ័យ​ក្នុង​រយៈពេល​១៥០​ថ្ងៃនេះ​។​

​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៦ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​រយៈពេល ១៥០​ថ្ងៃ នៃ​ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង នៅតាម​សាលាដំបូង​រាជធានី ខេត្ត និង​បានធ្វើ​ពិធី​ប្រកាស​អំពី​ភាពជោគជ័យ នៃ​ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី ខេត្ត ចំនួន ៥ ដែលមាន​សាលាដំបូង​ខេត្តសៀមរាប​, ខេត្តកោះកុង​, ខេត្តកំពត​, ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ត្បូងឃ្មុំ នៅ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ ។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រ​សូង​យុត្តិធម៌​ស្តីពី​លទ្ធផល ១៥០​ថ្ងៃ នៃ​ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង នៅតាម​សាលាដំបូង​រាជធានី ខេត្ត​។ ជា​លទ្ធផល សាលាដំបូង​រាជធានី ខេត្ត​ទូទាំងប្រទេស បាន​ដោះស្រាយ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​កកស្ទះ ទាំង​ដំណាក់កាល​អយ្យការ ទាំង​ដំណាក់កាល​ស៊ើបសួរ និង​ដំណាក់កាល​ជំនុំជម្រះ មាន​ចំនួន​សរុប​ជាង ២៧.៧០០ សំណុំរឿង ស្មើនឹង ៧១% នៃ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​កកស្ទះ (​សំណុំរឿង​ដែល​ត្រូវបាន​ជំនុំជម្រះ​រួច​មាន​ចំនួន​ជាង ១.០០០ សំណុំរឿង ស្មើនឹង ៨២% នៃ​សំណុំរឿង​ទាំងអស់​ក្នុងដំណាក់កាល​ជំនុំជម្រះ​)​។ បន្ថែម​ពីនេះ សាលាដំបូង​រាជធានី ខេត្ត​ទូទាំងប្រទេស​ក៏បាន​ដោះស្រាយ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​ចូល​ថ្មី ចំនួន​ជាង ២០២០០ សំណុំរឿង ស្មើនឹង ៦១%​។ ជាមួយនឹង​លទ្ធផល​នេះ គ​.​យ​.​ក​.​ស​. ក៏បាន​ប្រកាស​អំពី​ជោគជ័យ​នៃ​ការអនុវត្ត​យុទ្ធនាការ​ដល់​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចំនួន ៥ រួមមាន ខេត្តសៀមរាប​, ខេត្តកោះកុង​, ខេត្តកំពត​, ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ត្បូងឃ្មុំ​។​

​ទន្ទឹមនឹង​ការសម្តែង​នូវ​អំណរ​សាទរ​ចំពោះ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ដែល​ត្រូវបាន​ប្រកាស​អំពី ជោគជ័យ​នៃ​ការអនុវត្ត​យុទ្ធនាការ នាពេលនេះ គ​.​យ​.​ក​.​ស . ក៏​សូម​ឆ្លៀតឱកាស​នៃ​កិច្ចប្រជុំ​នេះ សម្តែង​ការកោតសរសើរ និង វាយតម្លៃ​ខ្ពស់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងអស់​របស់​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីរាជការ​នៃ​អង្គភាព រដ្ឋបាល​នៃ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ទាំងអស់ ព្រមទាំង​ក្រុមការងារ​នៃ គ​.​យ​.​ក​.​ស​. ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ប្រកបដោយ​ឆន្ទៈ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​ជំរុញ​ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី ខេត្ត ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​វិស័យ​យុត្តិធម៌ ផងដែរ​។ បន្ថែម​ពីនេះ គ​.​យ​.​ក​.​ស​. មាន​ក្តី​រំពឹងទុក​យ៉ាង​មុតមាំ​ថា​សាលាដំបូង​ផ្សេងទៀត​នឹង​សម្រេចបាន​នូវ​សមិទ្ធផល ការងារ ដើម្បី​ឈានទៅរក​ការប្រកាស​អំពី​ភាពជោគជ័យ​នៃ​ការអនុវត្ត​យុទ្ធនាការ​នេះ​ជា​បន្តបន្ទាប់ ហើយក៏​សង្ឃឹម​ផងដែរ​ថោ តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​នឹង​បន្ត​ចូលរួម​កាន់តែ​សកម្ម​ថែមទៀត សំដៅ​រួមចំណែក​ធ្វើឱ្យ​យុទ្ធនា​ការដោះស្រាយ​ការកកស្ទះ សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី ខេត្ត អាច​សម្រេច​លទ្ធផល​បាន​តាម​ផែន​ការដែល​បានគ្រោង​ទុក ដោយ​ប្រកាន់ខ្ជាប់ នូវ​អភិក្រម​ការងារ​ក្នុង​យុទ្ធនាការ​តី “​លឿន ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុករលួយ​»៕​


អត្ថបទដែលជាប់ទាក់ទង