ត្រាំ អួតប្រាប់ក្រុមអ្នកគាំទ្រថា «ពេលនេះអាមេរិកមានគ្រាប់មីស៊ីល Hypersonic នៅក្នុងដៃហើយ»
(វ៉ាស៉ីនតោន)៖ នៅចំពោះមុខក្រុមអ្នកគាំទ្រ កំឡុងព្រឹត្តិការណ៍ជួបជុំមួយនាថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ដែលរៀបចំឡើងនៅទីក្រុង អូខាឡា (Ocala) រដ្ឋផ្ល័ររីដា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា ពេលនេះសហរដ្ឋអាមេរិកមានមីស៉ីលប្រភេទ ហាយភើសូនិក នៅក្នុងដៃហើយ (Hypersonic ជាគ្រាប់មីស៊ីលរត់បានល្បឿនលឿនជាងសំឡេង ចាប់ពី ៥ដងឡើងទៅ)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០។
លោក ត្រាំ បាននិយាយដូច្នេះថា «យើងមានមីស៉ីលលឿនជាងសំឡេង ដែលអ្នកទាំងអស់គ្នាធ្លាប់តែលឺគេនិយាយ។ យើងមិនមានពួកវាកន្លងមក ដោយសារតែប្រទេសដទៃបាននាំគ្នាលួចផែនការរបស់យើង កាលពីអតីតរដ្ឋបាល អូបាម៉ា ប៉ុន្តែឥឡូវយើងមានមីស៉ីលលឿនជាងសំឡេងនៅក្នុងដៃហើយ»។ លោក ត្រាំ បានបញ្ជាក់ថា រដ្ឋបាលលោកនឹងរក្សាឲ្យបាននូវអានុភាពយោធា ដែលគ្មានគូប្រៀបរបស់សហរដ្ឋអាមេរិក ប៉ុន្តែលោកសង្ឃឹមថា អាមេរិកនឹងមិនជួបថ្ងៃត្រូវប្រើប្រាស់ អាវុធនុយក្លេអ៊ែរជាថ្មីម្តងទៀតនោះទេ។
គួរជម្រាបថា នៅក្នុងឆ្នាំនេះសហរដ្ឋអាមេរិកបានចេញគោលការណ៍ ពន្លឿនការអភិវឌ្ឍមីស៉ីលលឿនជាងសំលេង Hypersonic ដែលអាចហោះក្នុងលឿនចន្លោះ ៥-២០ដង លឿនជាងល្បឿនរបស់សំឡេង ដើម្បីឆ្លើយតបចំពោះភាពរីកចម្រើននៃបច្ចេកវិទ្យាមីស៉ីល Hypersonic របស់ចិន និងរុស្ស៉ី។ កាលពីខែឧសភាកន្លងទៅ លោក ត្រាំ ធ្លាប់បានអះអាងថា អាមេរិកមានមហាកំពូលមីស៉ីលដែលលឿនជាងរបស់ចិន និងរុស្ស៉ីដល់ទៅ ១៧ដង៕