ផឹកស៊ីលើកញ្ចុះបណ្តែតទឹក ធ្លាក់ពីបង្កាន់ដៃស្លាប់ពីរនាក់ នៅស្ទឹងព្រែកត្នោត សង្កាត់បឹងធំ
ភ្នំពេញ៖ យុវជនមួយក្រុមផឹកស៊ីលើកញ្ចុះបណ្តែតទឹក ធ្លាក់ពីលើបង្កាន់ដៃ បណ្ដាលឱ្យស្លាប់ពីរនាក់ ដែលហេតុការណ៍នេះ កើតឡើងកាលពីព្រលប់ថ្ងៃទី៣ ខែសីហា នៅចំណុចកញ្ចុះជំនោរស្ទឹងព្រែកត្នោត ភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជង់ តុងសាន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ វិស្វករសំណង់ ស្នាក់នៅផ្ទះជួល ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិសាគរ ក ឃុំសាគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និង ឈ្មោះ ជួង រដ្ឋា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ វិស្វករសំណង់ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។ ជនរងគ្រោះទាំងពីរនាក់ ធ្វើការជាមួយគ្នា នៅក្រុមហ៊ុន ក្នុងតំបន់សេដ្ឋកិច្ចភ្នំពេញ ។
សមត្ថកិច្ចមូលដ្ឋាន បានអះអាងថា មុនកើតហេតុជនរងគ្រោះទាំងពីរនាក់ រួមជាមួយមិត្តភក្តិរសរុបគ្នា៥នាក់ បានទៅជួលកញ្ចុះបណ្តែតទឹកស្ទឹងព្រែកត្នោត នៅហាងជំនោរស្ទឹងព្រែកត្នោត អង្គុយហូប បាយទឹក ផឹកស៊ី ។
លុះរហូតដល់វេលាម៉ោង១៧៖៣០នាទីទៅហើយមាននមិត្តភក្តិ ម្នាក់បានទៅផ្ទះមុនបាត់ សល់គ្នា៤នាក់អង្គុយផឹកស៊ីបន្ត ហើយជនរងគ្រោះទាំងពីរនាក់ អង្គុយលើបង្កាន់ដៃកញ្ចុះ ស្រាប់តែពេលទឹករលក ធ្វើឱ្យកញ្ចុះយោលទៅមក បែរជាធ្លាក់ជនរងគ្រោះទាំងពីរនាក់ចូលក្នុងទឹកស្ទឹង មិនចេះហែលទឹក រកជួយមិនទាន់ ម្យ៉ាងទឹកហូរផង ធ្វើឱ្យលង់លិចបាត់ក្នុងទឹក ទើបបង្កឱ្យភ្ញាក់ផ្អើល ទាំងសមត្ថកិច្ច ប្រជាពលរដ្ឋ រកវិធីចុះរាវ រហូតដល់វេលាម៉ោង១៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែសីហា ទើបរកឃើញសាកសពជនរងគ្រោះម្នាក់ ឈ្មោះ ជួង រដ្ឋា ស្រង់ឡើងគោក សមត្ថកិច្ចពិនិត្យរួច ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ឯស្រុកកំណើត ដោយក្រុមគ្រួសារ មិនបានប្តឹងផ្តល់អ្វីឡើយ ។
ក្រោយពីក្រុមអ្នកមុជទឹករាវរក សាកសពឃើញម្នាក់ហើយ នៅបន្តរាវតាមស្វែងរកសពម្នាក់ទៀត លុះរហូតដល់វេលាម៉ោង៧៖៣០នាទី ថ្ងៃទី៤ ខែសីហា បានរាវរកឃើញសពជនរងគ្រោះម្នាក់ទៀត ឈ្មោះ ជុង តុងសាន ៕