ទាហានវៀតណាម៣នាក់ស្លាប់ និង១៩នាក់បាត់ខ្លួន ក្នុងហេតុការណ៍រអិលបាក់ដី
(វៀតណាម)៖ យ៉ាងហោចណាស់មានយោធាវៀតណាមយ៉ាងតិច ១៩នាក់ បានបាត់ខ្លួន និង៣នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍រអិលបាក់ដីមួយនៅចំណុចបន្ទាយទាហាន ក្នុងខេត្តក្វាងទ្រី ភាគកណ្តាលប្រទេសវៀតណាម ស្របពេលដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងការវាយប្រហារដ៏អាក្រក់ពីគ្រោះទឹកជំនន់។
ហេតុការណ៍នេះកើតឡើងស្របពេលមានភ្លៀងធ្លាក់ខ្លាំងៗចាប់តាំងពីដើមខែតុលា និងបានបង្កឱ្យមានទឹកជំនន់ ក៏ដូចជាការរអិលបាក់ដីដែលបានសម្លាប់មនុស្សជាង ៧០នាក់ នៅភាគកណ្តាលប្រទេសវៀតណាម។ ជាមួយគ្នា រដ្ឋាភិបាលវៀតណាមបានអះអាងថា ក្នុងរយៈពេលពីរបីថ្ងៃខាងមុខទៀតនឹងមានភ្លៀងធ្លាក់កាន់តែខ្លាំង។
តាមរយៈសេចក្ដីថ្លែងការណ៍មួយ រដ្ឋាភិបាលវៀតណាមបានបញ្ជាក់ថា ហេតុការណ៍រអិលបាក់ដីនេះបានកើតឡើងនៅត្រង់ចំណុចបន្ទាយយោធាភូមិភាគទី៤របស់វៀតណាម និងបានសម្ដែងការសោកស្ដាយចំពោះការរកឃើញសាកសពយោធាចំនួន៣នាក់ ខណៈយោធាជាច្រើននាក់ទៀតកំពុងបាត់ខ្លួននៅឡើយ។ ជាក់ស្ដែងបើតាមលោកPhan Van Giang អនុរដ្ឋមន្រ្តីការពារជាតិវៀតណាម បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃអាទិត្យទី១៨តុលានេះថា ដល់ពេលដែលលោកដេកមិនលក់ទៀតហើយ។
ជាមួយគ្នារដ្ឋាភិបាលវៀតណាមក៏បានឲ្យដឹងនៅតាមរយៈទំព័រហ្វេសប៊ុកថា ខ្លួនមិនដែលបាត់បង់សមាជិកយោធាច្រើននាក់ដូចនេះទេ ដោយហេតុការណ៍ដ៏អកសុលនេះធ្វើឲ្យបាត់ខ្លួនទាំងឧត្តមសេនីយ៍ពីររូប និងយោធាមន្រ្តីជាន់ខ្ពស់មួយចំនួនទៀតក្នុងគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់នេះ។
គួរជម្រាបថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមនៅថ្ងៃអាទិត្យនេះដែរ បានរាយការណ៍ថាទន្លេនៅក្នុងខេត្តក្វាងទ្រីបានហក់ឡើងដល់កម្ពស់ទឹកខ្ពស់បំផុតពុំធ្លាប់មានក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយនេះ៕