សូមបងប្អូនប្រជាពលរដ្ឋដែលស្ថិតនៅ ភូមិអូរឫស្សី សង្កាត់សំរោង ក្រុងសំរោង បង្កើនការប្រុងប្រយ័ត្ន ខណៈពេលទឹកកំពុងហក់ឡើងខ្លាំងជាគំហុក
ខេត្តឧត្ដរមានជ័យ៖ ក្រោមការដឹកនាំដោយផ្ទាល់របស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានចុះអន្តរាគមន៍ចាប់តាំងពីម៉ោង ២យប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ រហូតមកដល់ម៉ោងនេះ និងបានដឹកនាំកងកម្លាំងអន្តរាគមន៍ ដែលមានកម្លាំងស្នងការនគរបាលខេត្ត អធិការនគរបាលក្រុង កងរាជអាវុធហត្ថខេត្ត កងរាជអាវុធហត្ថក្រុង តំបន់ប្រតិបត្តិការផ្នែកសឹករងខេត្ត អាជ្ញាធរក្រុង សង្កាត់ ភូមិ ដើម្បីយកការ៉ុងដីទប់ទីតាំងទំនប់បញ្ចៀសការបាក់ទំនប់ ដែលនឹងបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ។
តាមរយៈលោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ការហក់ឡើងគំហុកនេះ ធ្វើឱ្យទំនប់ទឹកត្រពាំងវែងពុំអាចទប់ទល់បាននឹងធំហំធាទឹកយ៉ាងលើសលប់បែបនេះនោះទេ បើទោះបីជាគ្រប់ទ្វារទឹកបានបើកក្នុងកម្រិតអតិបរមាក៏ដោយ។ ជាដំណោះស្រាយ ក្នុងការទប់ទល់ជាមួយស្ថានការនេះ ខាងជំនាញមានតែសម្រេចចិត្ត ជីកកាយកាត់ផ្តាច់ផ្នែកមួយនៃទំនប់ ដើម្បីរំដោះធាទឹកចេញ ហើយផលប៉ះពាល់នឹងធ្លាក់ទៅផ្នែកខាងក្រោមដែលមានភូមិអូរឬស្សី ភូមិអូរកន្សែង ភូមិគោកច្រេស នឹងទទួលរងការប៉ះពាល់ខ្លាំងជាងគេ ហើយបណ្តាភូមិមួយចំនួននៃសង្កាត់កូនគ្រៀល និងសំរោង រងផលប៉ះពាល់ដោយផ្នែក។
អាជ្ញាធរមានសមត្ថកិច្ច សូមជម្រាបជូនដំណឹងនេះ ដល់ប្រជាពលរដ្ឋ ដើម្បីប្រុងប្រយ័ត្ន និងរៀបចំទុកដាក់សម្ភារ ទ្រព្យសម្បត្តិ សត្វពាហនៈ ត្រូវចល័តរកទីទួលមានសុវត្ថិភាព ម្យ៉ាងវិញទៀត សូមបង្ការកុមារតូចនៅពេលមានទឹកជំនន់មកដល់៕