ក្រសួងមហាផ្ទៃ ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងនៃកិច្ចព្រមព្រៀងស្តីពីច្រកទ្វាព្រំដែន និងការគ្រប់គ្រងច្រកទ្វារព្រំដែនគោករវាងកម្ពុជា-វៀតណាម
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីសេចក្តីព្រាងនៃកិច្ចព្រមព្រៀងស្តីពីច្រកទ្វាព្រំដែន និងការគ្រប់គ្រងច្រកទ្វារព្រំដែនគោករវាងកម្ពុជា-វៀតណាម ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធានក្រុមប្រឹក្សានីតិកម្ម ប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតនាទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០នេះ។
ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានលើកឡើងថា កិច្ចប្រជុំនាពេលនេះគឺដើម្បីពិនិត្យលើសេចក្តីព្រាងនៃកិច្ចព្រមព្រៀងស្តីពីច្រកទ្វារព្រំដែន និងការគ្រប់គ្រងច្រកទ្វារព្រំដែនគោករវាងកម្ពុជា-វៀតណាម។
ឯកឧត្តមបន្តថា ការប្រជុំនេះតបតាមសំណើសុំផ្តល់យោបល់ និងធាតុចូលរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោយភាគីក្រសួងការបទេសវៀតណាមស្នើភាគីកម្ពុជា ផ្តល់យោបល់លើសេចក្តីព្រាងនៃកិច្ចព្រមព្រៀងស្តីពីច្រកទ្វាព្រំដែន និងការគ្រប់គ្រងច្រកទ្វាព្រំដែនគោករវាងកម្ពុជា និងវៀតណាម។
គួររំលឹកដែរថា ផ្អែកតាមកំណត់ហេតុនៃកិច្ចប្រជុំក្រុមការងារចម្រុះស្តីពីច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាមកាលពីថ្ងៃទី៨-៩ ខែមករា ឆ្នាំ២០២០នៅទីក្រុងហាណូយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្នើក្រសួងមហាផ្ទៃឱ្យផ្តល់យោបល់ និងធាតុចូលលើសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពីច្រកទ្វារព្រំដែនគោក និងរបបគ្រប់គ្រងច្រកទ្វារព្រំដែនគោករវាង កម្ពុជា-វៀតណាម(Agreement on Land Border Checkpoints and Management Regime of Land border Checkpoints) ដែលភាគីវៀតណាមបានព្រាង ហើយផ្ញើរទៅក្រសួងការបរទេស និងសហប្រតិបត្តិកការអន្តរជាតិកម្ពុជាឱ្យប្រមូលធាតុចូលនានាដើម្បីបានឱ្យសព្វគ្រប់ជ្រុងជ្រោយមុនដំណាច់ខែតុលាឆ្នាំ២០២០។
សូមបញ្ជាក់ថា បន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីច្រកទ្វាព្រំដែន និងការគ្រប់គ្រងច្រកទ្វារព្រំដែនគោករវាងកម្ពុជា-វៀតណាម កិច្ចព្រមព្រៀងនេះនឹងជំនួសខ្លឹមសារនានាពាក់ព័ន្ធ នឹងច្រកទ្វារនិងការគ្រប់គ្រងច្រកទ្វារព្រំដែនគោកនៃកិច្ចប្រជុំព្រមព្រៀងស្តីពីលក្ខន្តិកៈព្រំដែនដែលប្រទេសទាំងពីរបានចុះហត្ថលេខា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៨៣ ៕