ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ របស់ថៃ បានផ្លាស់ប្តូរផ្ទាំងឃោសនាកុនភាគ ដកចេញនូវរូបប្រាសាទអង្គរវត្ត ហើយបានសូមទោសប្រជាជនកម្ពុជា ចំពោះកំហុសឆ្គងដ៏រសើប
ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ បានឲ្យដឹងថា បន្ទាប់ពីទទួលបានប្រតិកម្មយ៉ាងខ្លាំងតាមកម្មវិធីបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងកុនភាគថៃមួយមានចំណងជើងថា «សន្យាស្នេហ៍» ចាក់ផ្សាយនៅក្នុងទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ ដែលបានយករូបប្រាសាទអង្គរវត្តរបស់កម្ពុជា ទៅដាក់ផ្ទៃខាងក្រោយនៃផ្ទាំងឃោសនាផ្សាយពាណិជ្ជកម្ម ស្ថានទូតបានទំនាក់ទំនងទៅកាន់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ដើម្បីសុំការបកស្រាយ ដោយសារកុននេះមិនពាក់ព័ន្ធនឹងកម្ពុជាទេ។
ជាការឆ្លើយតប ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ របស់ថៃ បានធ្វើការផ្លាស់ប្តូរផ្ទាំងឃោសនាកុនភាគមួយនេះ ដោយបានដកចេញនូវរូបប្រាសាទអង្គរវត្ត ហើយបានសូមទោសប្រជាជនកម្ពុជា ចំពោះកំហុសឆ្គងដ៏រសើបនេះ។
ក្រុមហ៊ុន BEC Multimedia Company Limited នៅ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានចេញលិខិតសុំទោស
ជូនដល់ឯកឧត្តម អ៊ុក សោភ័ណឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ ដោយបានលើកឡើងថា ខ្ញុំសូមថ្លែងអំណរគុណ ឯកឧត្តម ដែលបានឱ្យយើងខ្ញុំដឹងពីការអាក់អន់ស្រពន់ចិត្តរបស់ប្រជាជនកម្ពុជា ទាក់ទងផ្ទាំងឃោសនាផ្សាយពាណិជ្ជកម្មនៃល្ខោនទូរទស្សន៍មួយរបស់យើង មានចំណងជើងថា «The Promise» ដែលបានប្រើប្រាស់រូបភាព ប្រាសាទអង្គរវត្ត នៅលើផ្ទៃខាងក្រោយ (Background)។
ចាក់ត្រីត ឌីរេកវឌ្ឍនាឆៃ អគ្គនាយករង ផ្នែកកិច្ចការសាជីវកម្ម បានបញ្ជាក់ថា យើងខ្ញុំពិតជាមានការយកចិត្តទុកដាក់ខ្លាំងពីបញ្ហានេះ និងបានឆ្លើយតបភ្លាមៗ តាមរយៈការរចនាផ្ទៃខាងក្រោយឡើងវិញ ហើយបានដកចេញនូវរូបអង្គរវត្តពីផ្ទាំងឃោសនាផ្សាយពាណិជ្ជកម្ម។ យើងខ្ញុំសូមជម្រាប ឯកឧត្តមថា នឹងគ្មានរូបភាពប្រាសាទអង្គរវត្ត លេចឡើងនៅលើសម្ភារផ្សព្វផ្សាយនៃរឿង “The Promise” តទៅទៀតឡើយ។ ក្រៅពីនេះ សាច់រឿងនៃ “The Promise – ក៏ពុំមានទាក់ទងអ្វីទៅនឹងប្រាសាទអង្គរវត្តដែរ។ សូម ឯកឧត្តម និងប្រជាជនកម្ពុជា មេត្តាទទួលយកការសុំទោស ពីយើងខ្ញុំ ចំពោះកំហុសឆ្គងដ៏រសើបនេះ។ យើងខ្ញុំ គ្មានបំណងប្រើប្រាស់រូបភាពប្រាសាទអង្គរវត្ត ក្នុងន័យទុច្ចរិតណាមួយឡើយ។ ដូច្នេះ យើងខ្ញុំនឹងបន្តធ្វើការដោយ ប្រុងប្រយ័ត្ន ដើម្បីចៀសវាងផលប៉ះពាល់ដែលកើតឡើងនាពេលអនាគត ដែលនាំឱ្យខូតខាតទំនាក់ទំនងប្រទេស យើងទាំងពីរ៕