សារតាមកញ្ចប់បាយពីពលរដ្ឋ ដែលធ្វើឱ្យបងៗកងទ័ពរំភើបចិត្ត
បន្ទាយមានជ័យ៖ពលរដ្ឋក្នុងភូមិគោកកថិន ឃុំគោកកថិន ស្រុកថ្មពួក បានវិចខ្ចប់បាយស្លឹកចេក ឲ្យកងកម្លាំងហូបក្រោយពីចុះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងមកកាន់ទីទួលសុវត្ថិភាព ។
ពេលដែលកម្លាំងបើកកញ្ចប់បាយដើម្បីហូបស្រាប់តែឃើញលិខិតថ្លែងអំណរគុណមួយដែលមានខ្លឹមសារថា÷ “ខ្ញុំបាទ ញាណ សំខឿនព្រមទាំងភរិយារបស់ខ្ញុំបាទ សូមថ្លែងអំណរគុណចំពោះបងៗទាហានដែលបានជួយសង្គ្រោះប្រជាពលរដ្ឋនៅឃុំគោកកឋិនទូទាំងភូមិ ខ្ញុំបាទពុំមានម្ហូបអ្វីទេមានតែពងទាចៀនប៉ុណ្ណឹងសូមអរគុណបងៗទាហានទាំងអស់គ្នា”។
លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បានសរសេរក្នុងហ្វេសប៊ុកផ្លូវការថាថ្ងៃទី១៩ខែតុលាឆ្នាំ២០២០ វរសេនាតូចលេខ៥១៤ កងពលតូចលេខ៥១ ទទួលបានលិខិតមួយសន្លឹកដាក់ក្នុងកញ្ចប់បាយ។ ជាការផ្តល់កម្លាំងចិត្តយ៉ាងធំធេងដល់កម្លាំងយើង អរគុណ។
សូមបញ្ជាក់ប្រជាពលរដ្ឋក្នុងឃុំគោកកថិន ឲ្យតែមានកងកម្លាំងចុះជួយធ្វើអ្វីមួយក្នុងមូលដ្ឋាន តែងតែ ដាំបាយវិចខ្ចប់ ក្នុង១គ្រួសារ១កញ្ជប់ ជូនកងកម្លាំងហូប៕ដោយ៖បញ្ញាស័ក្តិ