អ្នកដែលគ្មានការងារធ្វើនៅក្នុងស្រុក អាចរកប្រាក់ចំណូលបានមកពីរបរចិញ្ចឹមកង្កែប
ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០ លោកជំទាវ ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋ ទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា និង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី Ophélie Bourhis នាយិកាប្រចាំប្រទេសនៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានធ្វើ ទស្សនកិច្ចចុះទៅមើលសកម្មភាពនៃការអនុវត្តកម្មវិធីដែល ទទួលបានការឧបត្ថម្ភថវិកាដោយសហភាពអឺរ៉ុប ដែលមានឈ្មោៈថា CAPFISH នៅខេត្ដ សៀមរាប ។
ដំណើរទស្សនកិច្ចនេះ រួមមានការ ធ្វើទស្សនកិច្ចទៅកន្លែង ភ្ញាស់កង្កែបរបស់លោក គង់ គឹមចាវ ដែល ស្ថិតនៅឃុំ កន្ទ្រៀង ស្រុកប្រាសាទ បាគង ខេត្តសៀមរាប។
លោក គង់ គឹមចាវ គឺជាកសិករដំបូង ដែលបានអនុវត្ត ការបង្កាត់ពូជត្រី ដែលបានចាប់ដៃគូជាមួយកម្មវិធី CAPFISH ដើម្បីជួយជម្រុញ ខាងវិស័យផលិតកម្មវារីវប្បកម្ម និងគាំទ្រដល់ការស្តារសេដ្ឋកិច្ច ឡើងវិញ នៅ ក្នុងតំបន់ដែលរងផលប៉ះពាល់ដោយ សារវិបត្តិ Covid-19 ។
តាមរយៈការ គាំទ្រពីកម្មវិធី CAPFISH លោក គង់ គឹមចាវ នឹងធ្វើការផ្តល់នូវពូជកង្កែប ហើយនិងចែករំលែកព័ត៌មាន បទពិសោធន៍ និង ផ្តល់ដំបូន្មានបច្ចេកទេស ដល់កសិករ និងអ្នកដែលគ្មាន ការងារធ្វើនៅក្នុងស្រុករបស់គាត់ ដើម្បីឱ្យ ពួកគាត់អាចរកប្រាក់ចំណូលបានមកពីរបរចិញ្ចឹមកង្កែបនេះ។
ជាផ្នែកមួយនៃការគាំទ្រ ដើម្បីធានាសុវត្ថិភាពជីវភាពរស់នៅនិង ជំរុញការ ស្តារសេដ្ឋកិច្ចឡើងវិញក្នុងបរិបទវិបត្តិ Covid-19 សហភាពអឺរ៉ុប និង ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បានផ្តល់ជាថវិកានិងជំនួយផ្សេងទៀតដល់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីអភិវឌ្ឍភាពជាដៃគូស្រដៀង គ្នានេះ ជាមួយដៃគូដែលជាអ្នកភ្ញាស់កូនត្រី និងកង្កែបចំនួន ៤៥ ទៅ ៦០កន្លែង ស្ថិតនៅក្នុងខេត្តចំនួន ១០ ក្នុងប្រទេសកម្ពុជា។ នៅក្នុងរយៈពេល ១២ ខែបន្ទាប់ យើងនឹងកំណត់ក្រុមគោលដៅអ្នកផលិតឲ្យបានចំនួន ២០០០ នាក់ ដែល ក្រុមនេះនឹងបង្កើនទិន្នផលផលិតត្រីនិងកង្កែបបន្ថែមចំនួន ១.០០០ តោន ទៀត។
កិច្ចខិតខំប្រឹងប្រែងនេះគឺជាផ្នែកមួយនៃការផ្តល់មូលនិធិដោយសហភាពអឺរ៉ុប ដល់កម្មវិធីសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន នៃវិស័យជលផល (CAPFISH) របស់កម្ពុជា ដែលនេះជាជំនួយហិរញ្ញវត្ថុទ្វេភាគីធំជាង គេរបស់សហភាពអឺរ៉ុបផ្ដល់ដល់វិស័យជលផលនៅលើពិភពលោកដែលមាន កញ្ចប់ថវិកាសរុប ១១៣ លានអឺរ៉ូ កម្មវិធីនេះចាប់ផ្តើមអនុវត្តពីឆ្នាំ ២០១៨ ដល់ ឆ្នាំ២០២៤ ។ កម្មវិធីនេះមានសមាសធាតុពីរយ៉ាងសំខាន់ដើម្បីគាំទ្រដល់ការ អភិវឌ្ឍវិស័យវារីវប្បកម្មនិងការគ្រប់គ្រងប្រកបដោយនិរន្តរភាពនៃធនធានដែលមានក្នុងទឹកសាបនិងទឹកសមុទ្រ។