៩ខែឆ្នាំនេះ បង្ក្រាបឱសថខុសច្បាប់ ផលិតផលវេជ្ជសាស្ត្រ និងផលិតផលក្លែងក្លាយខុសច្បាប់ទូទៅបានជិត៦០០តោន
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានដឹកនាំបើកកិច្ចប្រជុំស្តីពី «យន្តការអនុវត្តន៍ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងទិសដៅអនុវត្តន៍បន្ត»។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ។
ក្នុងកិច្ចប្រជុំនេះ បានឲ្យដឹងថា រយៈពេល ៩ខែ ឆ្នាំ២០២០ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះបង្ក្រាបឱសថខុសច្បាប់ ផលិតផលវេជ្ជសាស្ត្រ និងផលិតផលក្លែងក្លាយខុសច្បាប់ទូទៅបានជិត ៦០០តោន។ នេះបើតាមរបាយការណ៍ ដែលក្រុមអ្នកសារព័ត៌មានទទួលបាន។
របាយការណ៍ ដែលត្រូវបានអានដោយលោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឲ្យដឹងថា លេខាធិការដ្ឋាន បានបូកសរុបលទ្ធផលអនុវត្តន៍ការងារ របស់គណៈកម្មាធិការ ដោយបង្ហាញថា រយៈពេល ៩ខែ ឆ្នាំ២០២០ បានចុះបង្ក្រាបឱសថខុសច្បាប់ ផលិតផលវេជ្ជសាស្ត្រ និងផលិតផល ដែលក្លែងក្លាយខុសច្បាប់ទូទៅ សរុបចំនួន ១៣៤ករណី ស្មើនឹងចំនួន ៥៩៤.៦៥តោន។
ឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា បានឲ្យដឹងទៀតថា ក្នុងចំណោមការបង្ក្រាបនោះ រួមមាន៖
*១៖ ស្ថិតិតាមប្រភេទផលិតផល៖ ឱសថ ១៩ករណី ផលិតផលវេជ្ជសាស្ត្រប្រឆាំងនឹងមេរោគកូវីដ១៩ ចំនួន១២ករណី ផលិតផលឧបភោគ និងបរិភោប ៣៥ករណី ផលិតផលគ្រឿងសម្អាង ២៩ករណី ផលិតផលប្រើប្រាស់ ២០ករណី និងផលិតផលថ្នាំជក់ ១៩ករណី។
*២៖ ស្ថិតិតាមបណ្តាខេត្ត៖ ភ្នំពេញ ១១១ករណី កណ្តាល១១ករណី កំពង់ស្ពឺ ២ករណី តាកែវ ១ករណី ព្រះសីហនុ ២ករណី បាត់ដំបង ១ករណី កំពង់ចាម ១ករណី ត្បូងឃ្មុំ ៤ករណី និងស្វាយរៀង ១ករណី។
*៣៖ ស្ថិតិតាមខែ៖ មករា ៣ករណី កុម្ភៈ ៣ករណី មីនា ១៣ករណី មេសា ៣២ករណី ឧសភា ២០ករណី មិថុនា ២២ករណី កក្កដា ២០ករណី សីហា ១១ករណី និងកញ្ញា ១០ករណី។
*៤៖ ស្ថិតិតាមនីតិវិធី៖
* អាជីវកម្មអនុលោមតាមច្បាប់ ៩ករណី កិច្ចសន្យាអប់រំណែនាំ ១០៥ករណី ផាកពិន័យតាមវិធានក្រសួងពាក់ព័ន្ធ ១ករណី
* កំពុងបន្តនីតិវិធី គបផក ៦ករណី
* បញ្ជូនសំណុំរឿងអយ្យការ/តុលាការ ១៣ករណី (ឃាត់ខ្លួនមនុស្ស ២០នាក់) ដោយក្នុងនោះកំពុងបន្តនីតិវិធី ១១ករណី (មនុស្ស ១៨នាក់) និងតុលាការសម្រេច ២ករណី (មនុស្ស២នាក់ ដាក់ពន្ធនាគារ)។
នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានលើកឡើងថា ការងារទទួលបានជោគជ័យទាំងនេះ មិនមែនកើតឡើងដោយសារ មន្ត្រីរបស់គណៈកម្មាធិការមួយមុខទេ តែជាលទ្ធផលល្អ ដែលកើតឡើងពីគ្រប់ភាគីពាក់ព័ន្ធ មកពីក្រសួងស្ថាប័ននានាទាំងអស់។ លោកបានរំលឹក ដល់ភាគីពាក់ព័ន្ធដែលជាសមាជិកគណៈកម្មាធិការ ត្រូវរួបរួមគ្នាបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ក្នុងការលើកកម្ពស់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់៕