អាមេរិក នឹងបន្តសហការជាមួយកម្ពុជា ក្នុងការការពារ និងទប់ ស្កាត់បទល្មើសលើកុមារ តាមរយៈការស្រាជ្រាវរកព័ត៌មានឧក្រិដ្ឋជន
សៀមរាប ៖ ស្ថានទូតអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំសន្និសីទស្តីពីបទល្មើសលើកុមារ រយៈពេល ៣ថ្ងៃ ចាប់ពី ថ្ងៃទី២០ ដល់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ ដើម្បីផ្តល់នូវការបណ្តុះបណ្តាលដល់អ្នកធ្វើការ ក្នុងជួររាជរដ្ឋាភិបាល ឬទីភ្នាក់ងារមិនរកកម្រៃនានា ធ្វើការក្នុងវិស័យអនុវត្តច្បាប់ ជួយដល់សេវាកម្មការពារកុមារ កិច្ចការសង្គម ការតស៊ូមតិផ្នែកកុមារ ការផ្តល់ការព្យាបាលផ្លូវចិត្ត និងសុខាភិបាល ជាអ្នកដែលធ្វើការផ្ទាល់ជាមួយជនរងគ្រោះជាកុមារ ក្នុងរឿងឧក្រិដ្ឋ។
សន្និសីទនេះ ធ្វើនៅខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និង ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា។
ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានថ្លែងថា សន្និសីទនៅថ្ងៃនេះ មិនត្រឹមតែជាការផ្តល់នូវវិធីសាស្ត្រស្វែងរកព័ត៌មានស៊ើបអង្កេត ប៉ុណ្ណោះទេ គឺបានធ្វើការសិក្សាពីរបៀបតាមរកឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។
ឯកឧត្តមថា សហរដ្ឋអាមេរិកនឹងបន្តសហការជាមួយកម្ពុជាក្នុងការការពារ និងទប់ ស្កាត់បទល្មើសលើកុមារ តាមរយៈការស្រាជ្រាវរកព័ត៌មានឧក្រិដ្ឋជន ហើយពេលយើងមានព័ត៌មានយើង និងផ្តល់ឱ្យគ្នាទៅវិញទៅមក ឧទាហរណ៍ថា ឧក្រិដ្ឋជន បានធ្វើសកម្មភាពចាប់ កុមារនៅសហរដ្ឋអាមេរិក ហើយបានរត់មកលាក់ខ្លួននៅកម្ពុជា គឺខាងអាម៉េរិក និងផ្តល់ ព័ត៌មានឱ្យខាងកម្ពុជា ដើម្បីឱ្យកម្ពុជាចាប់ឧក្រិដ្ឋជននោះ ដាក់ទោសទៅតាមច្បាប់នៅកម្ពុជា។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្តថា ការជួញដូរកុមារកន្លងមកនេះ ពួកឧក្រិដ្ឋជន ភាគច្រើនធ្វើទៅលើកុមារណាដែលមានជីវភាពខ្វះខាត ដោយគេបានប្រើប្រាស់ គ្រប់មធ្យោបាយ ដើម្បីកេងប្រវ័ញ្ចលើកុមារ។ ដូច្នេះការជួបជុំរបស់អ្នកអនុវត្តន៍ច្បាប់កម្ពុជា និងសហរដ្ឋអាមេរិកនៅថ្ងៃនេះ គឺមានសារៈសំខាន់ណាស់ ក្នុងពិភាក្សាគ្នា ក្នុងការស្រាវជ្រាវរកឧក្រិដ្ឋជន ដោយយើងអាចដាក់ទិសដៅនិងកំណត់បទឧក្រិដ្ឋមួយ បានច្បាស់លាស់ ពេលមានកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។
ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ក្រៅពីយន្តការច្បាប់កម្ពុជាមានឆន្ទៈខ្ពស់ក្នុងការបង្ការទប់ស្កាត់ និងផ្តល់កិច្ចការពារកុមារ ដោយមានស្ថាប័នជាច្រើនបានកំពុងធ្វើការងារនេះ ដូចជា គណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រុមប្រឹក្សាជាតិដើម្បីកុមារ ជាដើម។ ក្រៅពីនេះកម្ពុជា ក៏បង្កើតឱ្យមានក្រុមមេធាវីតេជោសែន ដែលមានមេធាវីជាសមាជិកច្រើន នៅគ្រប់ រាជធានីខេត្ត ដើម្បីផ្តល់សេវាផ្នែកច្បាប់ដោយឥតគិតថ្លៃ ដល់ស្ត្រីនិងកុមាររងគ្រោះ។ ជាមួយគ្នាកម្ពុជាក៏បានចុះកិច្ចព្រមព្រៀងជាមួយប្រទេសអូស្ត្រាលី ស្តីពីការប្រឆាំងការ ជួញដូរមនុស្ស ហើយថ្មីៗនេះក្រសួងយុត្តិធម៌ក៏បង្ហាញពីកិច្ចប្រតិបត្តិការជាមួយស្ថានទូតអាមេរិកក្នុងការបង្ក្រាបបទល្មើសឆ្លងដែន។
ឯកឧត្តមបានស្នើសុំឱ្យតួអង្គអ្នកអនុវត្តន៍ច្បាប់ទាំងអស់ ដែលបានចូលរួមនៅថ្ងៃនេះ ត្រូវធ្វើការពិភាក្សាគ្នាឱ្យបានផុសផុល និងចែករំលែកបទពិសោធន៍ល្អៗ ដើម្បីស្វែងរក វិធីសាស្ត្រដោះស្រាយបញ្ហាប្រឈមនានាឱ្យបានឆាប់រហ័ស ដើម្បីផ្តល់យុត្តិធម៌ដល់ ជនរងគ្រោះ៕