រត់ជាន់គ្នាស្លាប់ច្រើននាក់នៅកន្លែង ដាក់ពាក្យសុំទិដ្ឋាការទូតប៉ាគិស្ថាន នៅប្រទេសអាហ្វហ្គានីស្ថាន
អាហ្វហ្គានីស្ថាន៖ ប្រភពពីសារព័ត៌មានអាល់ចាហ្សីរ៉ោះបានឲដឹងថាយ៉ាងហោចណាស់មនុស្ស ១៥នាក់ (ស្រី ១១នាក់) បានស្លាប់ និងជាច្រើននាក់ទៀត រងរបួសក្នុងហេតុការណ៍ជាន់គ្នា នៅក្បែរស្ថានកុងស៊ុលប៉ាគីស្ថាន ស្ថិតនៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០នេះ។
មុនពេលកើតហេតុ នៅក្នុងកីឡដ្ឋានមួយ នាទីក្រុង ចាឡាឡាបាត (Jalalabad) គេឃើញពលរដ្ឋអាហ្វហ្គានីស្ថាន រាប់ពាន់នាក់ បានប្រមូលផ្ដុំដើម្បីរង់ចាំធ្វើទិដ្ឋាការនៅក្នុងស្ថានកុងស៊ុលនៃប្រទេសប៉ាគីស្ថាន។ មនុស្សជាង ៣០០០នាក់ បានចូលទៅចាប់ស្លាកលេខរង់ចាំចូលស្ថានកុងស៊ុល ស្រាប់តែមនុស្សម្នា ជ្រួលច្របល់រត់ជាន់គ្នា ដើម្បីព្យាយាមរត់ចេញពីកីឡដ្ឋាននោះ។
សូមជម្រាបថា ប្រជាពលរដ្ឋអាហ្វហ្គានីស្ថានរាប់ពាន់នាក់ មកពីខេត្តណាងហ្គាហា (Nangarhar) និងខេត្តមួយចំនួននៃប្រទេសអាហ្វហ្គានីស្ថាន បានធ្វើដំណើរទៅកាន់ស្ថានកុងស៊ុលប៉ាគីស្ថាននៅទីក្រុង ចាឡាឡាបាត ដើម្បីធ្វើទិដ្ឋាការ បន្ទាប់ពីស្ថានកុងស៊ុលនេះ បានបិទទ្វារជាង ៧ខែ ដោយសារតែវិបត្តិជំងឺរាតត្បាតកូវីដ១៩៕ប្រភព៖ Al Jazeera