សម្តេចតេជោ ហ៊ុន សែន អញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់អំណោយជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តអញ្ជើញជួបសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រមាណ១ម៉ឺនគ្រួសារជាបន្តទៀត បន្ទាប់ពីម្សិលមិញផ្តល់ជូនប្រជាពលពលរដ្ឋ១ម៉ឺនគ្រួសារ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ខេត្តបន្ទាយមានជ័យ ជាខេត្តមួយក្នុងចំណោមរាជធានី-ខេត្តទាំង១៩ ដែលការជន់លិចដោយសារជំនន់ទឹកភ្លៀង។ ខេត្តបន្ទាយមានជ័យ ក៏ក្លាយជាខេត្តរងការលិចលង់ធ្ងន់ធ្ងរជាងគេមួយផងដែរ។ ក្រុង-ស្រុកចំនួន៦ របស់ខេត្តនេះបានរងការជន់លិចធ្ងន់ធ្ងររួមមាន៖ ក្រុងសិរីសោភណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកថ្មពួក ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ។
របាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ បណ្តាលឱ្យស្លាប់ពលរដ្ឋ ១៨នាក់, ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ២២ ១៧៨គ្រួសារ, ជម្លៀសទៅទីទួលសុវត្ថិភាព ៣ ៥៤៥គ្រួសារ, លិចសន្ទូង ៤៩ ៣៤៣ហិកតា, លិចដំណាំផ្សេងៗ ៩ ៦៤២ហិកតា និងធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ទំនប់ទឹក និងសាលារៀនជាដើម៕