កងកម្លាំងពិសេសអង់គ្លេសចាប់បាន ក្រុមជនសង្ស័យជាចោរសមុទ្រសរុប ៧នាក់
(អង់គ្លេស)៖ មនុស្សសរុប ០៧នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីប្លន់នាវាដឹកប្រេង បន្ទាប់ពីកងកុម្ម៉ង់ដូអង់គ្លេសបានវាយឆ្មក់ លើនាវាដឹកប្រេងមួយគ្រឿងដែលមានឈ្មោះថា ណេវ អាន់ដ្រូមេដា (Nave Andromeda) បានធ្វើដំណើរខុសប្រក្រតីនៅជុំវិញដែនដីកោះ វ៉ៃត៍ (Isle of Wight) របស់អង់គ្លេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០។
កងកម្លាំងអង់គ្លេសបានត្រួតត្រាលើនាវា Nave Andromeda ខាងលើ បន្ទាប់ពីនាវានោះត្រូវបានប្លន់ដោយក្រុមចោរសមុទ្រ ដែលបានលាក់ខ្លួននៅក្នុងនោះ ខណៈនាវាបានធ្វើដំណើរទៅដល់ដែនសមុទ្រចក្រភពអង់គ្លេស ក្រោយការចាកចេញពីប្រទេសនីហ្សេរីយ៉ា។ កងកម្លាំងអង់គ្លេសបានគូសបញ្ជាក់ថា ក្រុមចោរសមុទ្របានធ្វើការគំរាមកំហែងនាវិករបស់នាវានោះ ប៉ុន្តែមិនមានករណីរងរបួសណាមួយ ត្រូវបានរាយការណ៍ឡើយ។ ទោះជាយ៉ាងណា ហេតុការណ៍នេះនៅតែកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ បន្ទាប់ពីការចាប់ខ្លួនក្រុមចោរសមុទ្រទាំងនោះ។
បើតាមសារព័ត៌មាន Sky News បានរាយការណ៍ឲ្យដឹងថា កងកម្មង់ដូទី ១៦ នៃក្រុមប្រតិបត្តិការទូកពិសេស (Special Boat Service ឬ SBS) បានធ្វើការឆ្មក់ចូលនាវា Nave Andromeda នោះនៅពេលព្រលប់ ដោយប្រើខ្សែពួរចុះពីឧទ្ធម្ភាគចក្រយោធាអង់គ្លេស (Royal Navy Merlin) ចំនួន ០២គ្រឿងជាមួយឧទ្ធម្ភាគចក្រជំនួយ (Wildcat) ចំនួន ០២គ្រឿងទៀត។
គួរបញ្ជាក់ថា នាវា Nave Andromeda ដែលមានប្រវែង ២២៨ម៉ែត្រ បានចូលចតនៅទីក្រុងឡាកូស (Lagos) ប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ និងបានដឹកប្រេងឆៅចំនួន ៤២,០០០តោនទៅកាន់ទីក្រុង សោតអាំថុន (Southampton) នៃតំបន់ ហាំសឺ (Hampshire) ប្រទេសអង់គ្លេសដែលនៅជិតដែនដីកោះ Isle of Wight។ នាវានេះត្រូវបានគេសង្កេតឃើញថា បានធ្វើដំណើរខុសប្រក្រតីនៅជុំវិញដែនដីកោះនេះ ខណៈអាជ្ញាធរកំពង់ផែអង់គ្លេសបានអះអាងថា ខ្លួនមិនបានទទួលសារពីក្រុមនាវិកនៃនាវានោះឡើយ ហេតុដូច្នេះទើបអាជ្ញាធរដឹងថា នាវាត្រូវបានចោរប្លន់៕