ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការ​ក្រុងភ្នំពេញ ឃុំខ្លួន​មនុស្ស​បីនាក់ ដែល​ដឹកនាំ​បាតុកម្ម នៅមុខ​ស្ថានទូត​ចិន កាលពីថ្ងៃទី២៣តុលា ​

62

ភ្នំពេញ៖ លោក ឯក ប៉ូ​លី​ហ្វី ចៅក្រម​ស៊ើបសួរសាលាដំបូងរាជធានី​ភ្នំពេញ បានចេញដីកាសម្រេច​ឃុំខ្លួន មនុស្សបីនាក់ដែល​បាន​ដឹកនាំមនុស្ស​ជាង១០នាក់ ធ្វើបាតុកម្ម​ខុសច្បាប់នៅមុខ​ស្ថាន​ទូត​ចិនប្រចាំ​កម្ពុជា ​ដាក់ពន្ធនាគារ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ ក្រោម​ការចោទប្រកាន់ ពីបទញុះញង់​ឲ្យមាន​សភាព​វឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម។​

កាលពីព្រឹកថ្ងៃសុក្រ​ទី២៣ខែតុលាឆ្នាំ២០២០២ អ្នកតវ៉ាចំនួន៣នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួនពេលពួកគេកំពុងដឹកនាំមនុស្សជាង១០នាក់ទៀត តវ៉ានៅនៅមុខស្ថានទូតចិន​ប្រចាំកម្ពុជា ដោយលើកឡើងថាទាហានចិន មានវត្តមាននៅលើទឹកដីកម្ពុជា ។

មនុស្ស៣នាក់នោះ រួមមាន ​អ្នកស្រី លឹ​ម សាន អាយុ៥៧ឆ្នាំ ភេទ​ស្រី នៅ​ឃុំ​កំពង់ស្វាយ ស្រុក កៀនស្វាយ ខេត្តកណ្ដាល លោក សុន និមល អាយុ៤០ឆ្នាំ ភេទ​ប្រុស រស់នៅ​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល និងអ្នកស្រី យ៉យ ស្រីមុំ អាយុ៥២ឆ្នាំ ភេទ​ស្រី នៅ​ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល​ ត្រូវបានចាប់ខ្លួនយកទៅសួរនាំ បន្ទាប់មកត្រូវបានចោទប្រកាន់ពីបទញុះញង់​ប​ង្កឱ្យ​មានច​លា​ចលក្នុងសង្គម ហើយត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។

​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាលរាជធានី​ភ្នំពេញបាន​បញ្ជូន​មនុស្ស៣នាក់​នេះ ទៅ​តុលាការនៅ​រសៀលថ្ងៃទី​២៤ ខែតុលា ឆ្នាំ២០២០ ដើម្បី​ចាត់ការ​តាមច្បាប់​។

អាជ្ញា​ធររួមជាមួយកងកម្លាំងសមត្ថកិច្ចចម្រុះ បាន​អនុវត្ត​វិធានការ​រដ្ឋបាលលើ​មនុស្ស​ប្រមាណ​១៥ នាក់ ដែល​មក​ធ្វើបាតុកម្មនៅមុខ​ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិត​ចិនប្រចាំកម្ពុជា កាលពី​ព្រឹកថ្ងៃទី​២៣ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពី​ពួកគេ បាន​ស្រែកតវ៉ាបង្ក​ភាពអនាធិបតេយ្យ បង្កបាត់បង់សណ្តាប់ធ្នាប់សាធារណៈនៅមុខស្ថានទូតចិន​។ អ្នកតវ៉ាបាន​ស្រែក​ប្រឆាំងនឹង​វត្តមានទាហាន​ចិននៅលើកទឹកដី​កម្ពុជា ។ ក្នុងនោះ សមត្ថកិច្ច បាន​ឃាត់ខ្លួន​មនុស្សចំនួន៣នាក់ នាំទៅ​កាន់​អធិការដ្ឋាននគរបាល​ខណ្ឌ​បឹងកេងកង ដើម្បី​សាកសួរ អំពី​ដំណើររឿង ពួកគេបានមក​ស្រែក​តវ៉ា នៅមុខ​ស្ថានទូត​ចិន ដោយ​គ្មាន​ការជូនដំណឹង ឬ​គ្មាន​ការអនុញ្ញាតពី​រដ្ឋបាល​រាជធានីភ្នំពេញ​។

ចំណែកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា ប្រជាពលរដ្ឋមួយក្រុមបានប្រមូលផ្ដុំគ្នានៅក្បែរស្ថានទូតចិន ក្នុងបំណងដាក់ញត្តិទៅស្ថានទូត អំពាវនាវឱ្យប្រទេសចិនគោរពស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ អាជ្ញាធរមូលដ្ឋាននិងកងកម្លាំងចម្រុះ បានរារាំងក្រុមអ្នកតវ៉ា ដែលព្យាយាមដាក់ញត្តិ។ មនុស្សបីនាក់ត្រូវបានចាប់ខ្លួននៅពេលនោះ។

បន្ទាប់ពី​សាកសួរ​រួច មនុស្ស​ទាំង៣​នាក់ ត្រូវបាន​បញ្ជូនទៅ​ស្នងការដ្ឋាននគរបាលរាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​តាម​នីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង