ក្រុមបាតុកររាប់ពាន់នាក់ ដែលភាគច្រើនជាក្រុមយុវជន និងក្រុមនិស្សិតមកពីមហាវិទ្យាល័យនានា បានចេញធ្វើបាតុកម្មសាជាថ្មីនៅទីក្រុង បាងកក
បាងកកប៉ុស្ត បានចុះផ្សាយថា ក្រុមបាតុកររាប់ពាន់នាក់ ដែលភាគច្រើនជាក្រុមយុវជន និងក្រុមនិស្សិតមកពីមហាវិទ្យាល័យនានា បានចេញធ្វើបាតុកម្មសាជាថ្មីនៅទីក្រុង បាងកក ប្រទេសថៃ កាលពីថ្ងៃអាទិត្យទី២៥ តុលានេះ ដើម្បីទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង និងទាមទារអោយកែប្រែច្បាប់ពាក់ព័ន្ធនឹងព្រះរាជវាំង។
ក្បួនបាតុកម្មរបស់ក្រុមយុវបាតុករ បានផ្ទុះឡើងក្នុងរយៈពេល១ថ្ងៃ ក្រោយពីលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០នេះថា លោកនឹងមិនចុះចេញពីតំណែង ទៅតាមការទាមទាររបស់ក្រុមបាតុករទេ ហើយវិបត្តិនយោបាយនៅក្នុងប្រទេសនេះ នឹងត្រូវបានដោះស្រាយដោយការជួបពិភាក្សាគ្នាដោយផ្ទាល់ ឫតាមរយៈសភាតំណាងរាស្ត្រ។
សូមរំលឹកជូនថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្រុមបាតុករបានដាក់ឱសានវាទរយៈពេល៣ថ្ងៃ អោយលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ហើយប្រសិនបើលោកនាយករដ្ឋមន្ត្រីរូបនេះ មិនព្រមចុះចេញពីតំណែងទេ ក្រុមបាតុករនឹងបន្តធ្វើបាតុកម្ម រហូតដល់បានទទួលជោគជ័យ។
មេដឹកនាំក្រុមបាតុករ បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមបាតុករនឹងដង្ហែក្បួនបាតុកម្ម ទៅមុខស្ថានទូតអាល្លឺម់ង់នៅទីក្រុងបាងកក នៅថ្ងៃចន្ទនេះ ដើម្បីសម្តែងការមិនពេញចិត្តចំពោះព្រះមហាក្សត្រ ដែលចំណាយពេលនៅតែប្រទេសអាល្លឹម៉ង់ មិននៅក្នុងប្រទេសកំណើតរបស់ខ្លួន៕